ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន បញ្ជូន​ភ្នាក់ងារ​ខ្លួន ​សហការ​ជាមួយ​សមត្ថកិច្ច ​ចូលរួម​ការពារ​សន្ដិសុខសណ្ដាប់ធ្នាប់ ព្រះរាជ​ពិធីបុណ្យ​អុំទូក

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន ចាត់​បញ្ជូន​ភ្នាក់ងារ​របស់​ខ្លួន ​ដើម្បី​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ចូលរួម​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន ចាត់​បញ្ជូន​ភ្នាក់ងារ​របស់​ខ្លួន ​ដើម្បី​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ចូលរួម​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ នៅ​ពេល​ខាង​មុខ​នេះ ​។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ ពិធី​បើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន លើក​ទី​៦៦ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤​នេះ ឧត្តមសេនីយ៍ឯក លឹ​ម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន បាន​លើក​ឡើង​ថា កន្លង​ទៅ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន បាន​ចូលរួម​យ៉ាង​សកម្ម​ ជាមួយ​កម្លាំង​សមត្ថកិច្ច​ក្នុង​ការ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ នៃ​ព្រះរាជ​ពិធី​នេះ ក៏​ដូច​ជា​ពិធី​ផ្សេង​ៗ​ផង​ដែរ ​។

ឧត្តមសេនីយ៍ឯក លឹ​ម សុខា​រស្មី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «​រាជរដ្ឋាភិបាល នឹង​រៀបចំ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ ​នៅ​ពេល​ខាង​មុខ​នេះ ក៏​បាន​ដាក់​បញ្ចូល​នូវ​កម្លាំង​ភ្នាក់ងារ​សន្តិសុខ​ឯកជន ចូលរួម​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ក្នុង​ព្រះរាជ​ពិធី​ផង​ដែរ​។ ហេតុនេះ​ នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​ឯកជន សូម​ចាត់​ភ្នាក់ងារ​សន្តិសុខ​ឯកជន ចូលរួម​ការពារ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ខាង​មុខ​នេះ​តាម​ការ​កំណត់​» ​។

ឧត្តមសេនីយ៍ឯក ប្រធាន​នាយកដ្ឋាន បាន​គូសបញ្ជាក់​ថា វិស័យ​សន្តិសុខ​ឯកជន​នេះ ក៏​បាន​ដើរតួ​នាទី​ជា​កម្លាំង​ជំនួយ​ដល់​កម្លាំង​សមត្ថកិច្ច ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម និង​ក៏​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​នានា និង​ចូលរួម​អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» ប្រកបដោយ​ប្រសិទ្ធភាព​។ ការ​ចូលរួម​អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» គឺ​ត្រូវ​ផ្តើម​ចេញពី​យើង​ទាំងអស់​គ្នា ពិសេស​គឺ​ភ្នាក់ងារ​សន្តិសុខ​ឯកជន ដែល​នៅ​ឈរជើង​ជាប់​ជា​ប្រចាំ​តាម​បណ្តា​គោលដៅ នានា ២៤/២៤​ម៉ោង​ ។

ជាមួយ​គ្នា​នេះ ឧត្តមសេនីយ៍ឯក លឹ​ម សុខា​រស្មី ស្នើ​សុំ​ដល់​កម្លាំង​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ទាំងអស់ ត្រូវ​អនុវត្ត​គោលនយោបាយ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​បង្ការ​ទប់​សង្កាត់​បទល្មើស និង​រាយការណ៍​ដល់​សមត្ថកិច្ច​មូលដ្ឋាន ឬ​សមត្ថកិច្ច​ជំនាញ ដើម្បី​បង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​អោយទាន់​ពេលវេលា ជា​ពិសេស​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ព្រហ្មទណ្ឌ​នានា​។ តម្រូវ​ឲ្យ​មាន​កិច្ចសហការ​ឲ្យ​បាន​ល្អ ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ត្រូវ​រាយការណ៍​អំពី​បទល្មើស និង​សម្រួល​ដល់​សមត្ថកិច្ច ក្នុង​ការ​បង្ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​តាម​គោលដៅ​នីមួយ​ៗ​។

ឧត្តមសេនីយ៍ឯក លឹ​ម សុខា​រស្មី បន្ត​ថា ដើម្បី​ឲ្យ​មាន​សមត្ថភាព​ក្នុង​ការ​ចូលរួម​បង្ការ​បង្ក្រាប បទល្មើស​តាម​គោលដៅ យើង​ទាំងអស់​គ្នា​ត្រូវ​ពង្រឹងសមត្ថភាព គឺ​ផ្តើម​ចេញពី​ការ​បណ្តុះបណ្តាល ឲ្យ​មានការ​យល់​ដឹង​ជ្រៅជ្រះ ក្នុង​ការ​អនុវត្ត​ភារកិច្ច​នេះ​ ។

នៅ​ក្នុង​វគ្គ​បំប៉ន​ជំនាញ​នេះ សិក្ខាកាម​ទាំងអស់​នឹង​ទទួល​បាន​ចំណេះដឹង​លើ ប្រធានបទ​សំខាន់​ៗ ដែល​យើង​ទាំងអស់​គ្នា​កំពុង​តែ​ជួប​ប្រទះ និង​ប្រឈម​ជា​ប្រចាំ​ថ្ងៃ​ក្នុង​ការ អនុវត្ត​ការងារ​ដូច​ជា ​៖ តួនាទី​ និង​ការ​ទទួលខុសត្រូវ​របស់​ភ្នាក់ងារ​សន្តិសុខ​ឯកជន កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន និង​វិធីសាស្ត្រ​ការពារ​គោលដៅ ច្បាប់​ចរាចរណ៍​ផ្លូវគោក ការ​ស្វែង​យល់​អំពី​បទល្មើស និង​នីតិវិធី​ព្រហ្មទណ្ឌ សម្រាប់ភ្នាក់ងារ​សន្តិសុខ​ឯកជន វិធានការ​បង្ការ​ពន្លត់អគ្គីភ័យ និង​ការ​ជម្លៀស​ខ្លួន​ចេញពី អគ្គិភ័យ ការ​សង្គ្រោះ​បឋម និង​កិច្ចសហការ​ការពារ​កន្លែង​កើតហេតុ ជាដើម​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ