អ្នកវិភាគផ្លាស់ប្តូរការព្យាករណ៍ពីមុនអំពីតម្លៃមាស ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន
អន្តរជាតិ ៖ បើតាមរបាយការណ៍ពីក្រុមហ៊ុន Goldman Sachs Research ជាក្រុមហ៊ុនតាមដាន និងព្យាករណ៍អំពីសេដ្ឋកិច្ច ទីផ្សារ និងឧស្សាហកម្ម…
អន្តរជាតិ ៖ បើតាមរបាយការណ៍ពីក្រុមហ៊ុន Goldman Sachs Research ជាក្រុមហ៊ុនតាមដាន និងព្យាករណ៍អំពីសេដ្ឋកិច្ច ទីផ្សារ និងឧស្សាហកម្ម…
អន្តរជាតិ ៖ បើតាមរបាយការណ៍ពីក្រុមហ៊ុន Goldman Sachs Research ជាក្រុមហ៊ុនតាមដាន និងព្យាករណ៍អំពីសេដ្ឋកិច្ច ទីផ្សារ និងឧស្សាហកម្ម ដោយស្រង់ប្រភពពីបណ្តាអ្នកវិភាគ និងអ្នកសេដ្ឋកិច្ចនៅជុំវិញពិភពលោក កាលពីថ្មីៗនេះ បានឱ្យដឹងថា តម្លៃមាសត្រូវបានព្យាករណ៍ថានឹងកើនឡើងខ្ពស់ជាងការរំពឹងទុកពីមុន ដោយសារបណ្តាធនាគារកណ្តាលក្នុងប្រទេសមានទីផ្សារកំពុងរីកចម្រើនបានបង្កើនការទិញមាសស្តុកទុក។
ធនាគារកណ្តាលជុំវិញពិភពលោក បាននិងកំពុងកំណត់ឡើងវិញនូវទំនាក់ទំនងដ៏ជិតស្និទ្ធរវាងតម្លៃមាស និងអត្រាការប្រាក់។ លោហធាតុដ៏មានតម្លៃនេះ ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ២,៩០០ដុល្លារក្នុងមួយអោននៅដើមឆ្នាំ ២០២៥ ពោលកើនឡើងពីការព្យាករណ៍ពីមុនត្រឹម ២,៧០០ដុល្លារ។ តម្លៃមាសនៅរសៀលថ្ងៃទី៣០ ខែតុលា បានបន្តឡើងដល់ ២,៧៧៨៦.៧៩ដុល្លារក្នុងមួយអោន ដែលជាកំណត់ត្រាកម្រិតកំពូលថ្មីមួយទៀត ដ្បិតតម្លៃបានហក់ឡើងដល់កម្រិតខ្ពស់ជាកំណត់ត្រាថ្មីច្រើនដងរួចហើយ នៅឆ្នាំនេះ។
លោកស្រី Lina Thomas អ្នកវិភាគការស្រាវជ្រាវរបស់ Goldman Sachs បានសរសេរក្នុងរបាយការណ៍ដោយចង្អុលបង្ហាញថា ទំនាក់ទំនងរវាងការផ្លាស់ប្តូរតម្លៃមាស និងការផ្លាស់ប្តូរអត្រាការប្រាក់នៅតែមាន ប៉ុន្តែការទិញមាសរបស់បណ្តាធនាគារកណ្តាលជាច្រើនបានកំណត់ឡើងវិញនូវទំនាក់ទំនងរវាងកម្រិតអត្រាការប្រាក់ និងតម្លៃមាស ចាប់តាំងពីឆ្នាំ ២០២២។ ក្រុមហ៊ុន Goldman Sachs Research ប៉ាន់ប្រមាណថា ១០០ តោននៃតម្រូវការមាសនឹងធ្វើឱ្យតម្លៃកើនឡើងយ៉ាងហោចណាស់ ២.៤%។
កត្តានាំឱ្យតម្លៃមាសឡើងថ្លៃ កើតចេញពីការព្រួយបារម្ភអំពីហានិភ័យនៃទណ្ឌកម្មវិន័យផ្នែកហិរញ្ញវត្ថុទំនងជាមូលហេតុមួយ ដែលបណ្តាធនាគារកណ្តាលបង្កើនការទិញមាសរបស់ពួកគេ។ ការទិញមាសរបស់បណ្តាធនាគារកណ្តាលក្នុងប្រទេសមានទីផ្សារកំពុងរីកចម្រើនបានកើនឡើងគួរកត់សម្គាល់ ចាប់តាំងពីការបង្កកទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ី កាលពីឆ្នាំ ២០២២ បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន។
លោកស្រី Lina Thomas ក៏បានចង្អុលបង្ហាញទៀតថា ធនាគារកណ្តាលនៅក្នុងទីផ្សារអភិវឌ្ឍន៍មានទំនោរក្នុងការកាន់កាប់មាសខ្ពស់ជាចំណែកនៃទុនបម្រុង។ ជាឧទាហរណ៍ សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងអ៊ីតាលី មានភាគហ៊ុនមាសដែលបង្កើតបាន ៧០% នៃទុនបម្រុងរបស់ពួកគេ។ ផ្ទុយទៅវិញសមភាគីក្នុងទីផ្សារកំពុងរីកចម្រើនរបស់ពួកគេមានភាគហ៊ុនតិចជាង។ ជាឧទាហរណ៍ ប្រទេសចិនបានរាយការណ៍ថាមាន ៥% នៃទុនបម្រុងរបស់ខ្លួនសម្រាប់លោហៈមាស។ ដោយមើលឃើញបែបនោះ ធនាគារកណ្តាលមួយចំនួនក្នុងទីផ្សារដែលកំពុងរីកចម្រើនកំពុងចាប់ដៃគូក្នុងប្រទេសទីផ្សារអភិវឌ្ឍន៍។ ស្របពេលអ្នកបង្កើតគោលនយោបាយក៏ហាក់ដូចជាព្រួយបារម្ភអំពីនិរន្តរភាពបំណុលរបស់សហរដ្ឋអាមេរិក ដែលមានប្រាក់កម្ចីប្រហែល ៣៥ទ្រីលានដុល្លារ ស្មើនឹង ១២៤% នៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់ខ្លួន។
ធនាគារកណ្តាលជាច្រើនមានទុនបំរុងភាគច្រើនក្នុងប័ណ្ណរតនាគាររបស់សហរដ្ឋអាមេរិក ហើយអ្នកបង្កើតគោលនយោបាយ អាចនឹងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីការប្រឈមមុខនឹងហានិភ័យសារពើពន្ធនៅសហរដ្ឋអាមេរិក។ ជាមួយនឹងការផ្តោតយ៉ាងខ្លាំងលើការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែក្រោយ វិនិយោគិនលោកខាងលិចកំពុងតែត្រឡប់ទៅរកទីផ្សារមាសវិញ។ ដោយសារតែមាសអាចផ្តល់អត្ថប្រយោជន៍ការពារប្រឆាំងនឹងវិបត្តិភូមិសាស្ត្រនយោបាយដែលអាចកើតមាន រួមទាំងការកើនឡើងភាពតានតឹងពាណិជ្ជកម្ម ហានិភ័យនៃទុនបម្រុងសហព័ន្ធ និងបញ្ហាបំណុល៕
ចែករំលែកព័តមាននេះ