ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋីអាមេរិកបរិច្ចាគភាគហ៊ុនបន្ថែម និងគ្រោងលះបង់ទ្រព្យស្ទើរទាំងស្រុងដល់អង្គការសប្បុរសធម៌

1 ខែ មុន

សហរដ្ឋអាមេរិក ៖ លោក Warren Buffett វិនិយោគិនដ៏ល្បីឈ្មោះ ជនជាតិអាមេរិកាំង និងជាប្រធានក្រុមហ៊ុន Berkshire Hathaway…

0:00
0:00

សហរដ្ឋអាមេរិក ៖ លោក Warren Buffett វិនិយោគិនដ៏ល្បីឈ្មោះ ជនជាតិអាមេរិកាំង និងជាប្រធានក្រុមហ៊ុន Berkshire Hathaway បានបរិច្ចាគភាគហ៊ុនតម្លៃស្មើនឹង ១.១៤ពាន់លានដុល្លារអាមេរិកដល់អង្គការសប្បុរសធម៌។ មិនតែប៉ុណ្ណោះ លោកក៏បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីបរិច្ចាគទ្រព្យសម្បត្តិស្ទើរទាំងស្រុង បន្ទាប់ពីមរណភាពរបស់លោក ដែលទង្វើនេះ កំពុងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានឱ្យដឹងថា លោក Warren Buffett បច្ចុប្បន្នឈានដល់វ័យ៩៤ឆ្នាំ គ្រោងបរិច្ចាគ ៩៩.៥% នៃទ្រព្យសម្បត្តិសេសសល់របស់លោក ដោយតាមទិន្និន័យចុងក្រោយរបស់ទស្សនាវដ្តី Forbes បានរាយការណ៍មានជាង ១៥០ពាន់​លានដុល្លារ ទៅដល់មូលនិធិសប្បុរសធម៌ បច្ចុប្បន្នគ្រប់គ្រងដោយកូនស្រី និងកូនប្រុសពីរនាក់របស់លោក នៅពេលលោកលាចាកលោកនេះទៅ។

នៅក្នុងលិខិតផ្ញើទៅកាន់ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Berkshire Hathaway កាលពីដើមសប្តាហ៍នេះ លោក Buffett បានបង្ហាញថា អ្នកស្នងតំណែងដ៏មានសក្តានុពលចំនួន៣នាក់ត្រូវបានតែងតាំងរួចហើយ ប្រសិនបើកូនស្រីរបស់លោកឈ្មោះ Susie អាយុ៧១ឆ្នាំ ព្រមទាំងកូនប្រុសទាំងពីរឈ្មោះ Howard អាយុ៦៩ឆ្នាំ និង Peter អាយុ៦៦ឆ្នាំ មិនអាចបំពេញតួនាទីបាន។ លោកបន្តថា អ្នកត្រូវបានតែងតាំងម្នាក់ៗសុទ្ធតែមានអាយុតិចជាងកូនៗរបស់លោកខ្លះ។

លោក Buffett បានសរសេរថា «ខ្ញុំមិនដែលមានបំណងចង់បង្កើតការបន្តវង្សត្រកូល ឬបន្តផែនការណាមួយដែលហួសពីកូនៗរបស់ខ្ញុំនោះទេ។ ប៉ុន្តែអ្នកស្នងតំណែងទាំងនេះស្ថិតនៅក្នុងបញ្ជីរង់ចាំរួចហើយ។ ខ្ញុំសង្ឃឹមថា Susie, Howie និង Peter នឹងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំ»។

កាន់តែពិសេសនៅថ្ងៃបញ្ចេញលិខិតនោះ លោក Buffett ក៏បានបរិច្ចាគភាគហ៊ុនរបស់លោកតម្លៃប្រហែល ១.១៤ពាន់លានដុល្លារ ដែលស្មើនឹង ១,៦០០ភាគហ៊ុននៃថ្នាក់ A ដល់មូលនិធិគ្រួសារចំនួន ៤ ធ្វើឱ្យការបរិច្ចាគសរុបរបស់លោកចាប់តាំងពីឆ្នាំ ២០០៦ មក កើនឡើងដល់ ៥៨ពាន់លានដុល្លារ ពោលគឺនៅពេលលោកបានសន្យាផ្តល់ទ្រព្យសម្បត្តិភាគច្រើនដល់មូលនិធិជាច្រើន រួមទាំងមូលនិធិ Bill & Melinda Gates ដែលបានទទួលច្រើនជាង ៤៣ពាន់លានដុល្លារ។ ហើយគិតមកទល់ពេលនេះ លោកបានបរិច្ចាគ ៥៦.៦% នៃភាគហ៊ុនក្រុមហ៊ុន Berkshire របស់លោក។

លោក Buffett បានដឹកនាំក្រុមហ៊ុន Berkshire Hathaway គឺជាក្រុមហ៊ុនវិនយោគលើអាជីវកម្មជាច្រើន មានមូលដ្ឋាននៅទីក្រុងអូម៉ាហា (Omaha) រដ្ឋនេប្រាស្កា (Nebraska) ចាប់តាំងពីឆ្នាំ ១៩៦៥។ លោកនៅតែកាន់កាប់ភាគហ៊ុន ១៤.៤% ហើយគ្រោងនឹងបន្តបរិច្ចាគភាគហ៊ុនដល់មូលនិធិចំនួន ៥។ ហើយបន្ទាប់ពីលោកទទួលមរណភាព កូនៗរបស់លោកនឹងមានពេលប្រហែល១០ឆ្នាំ ដើម្បីបរិច្ចាគទ្រព្យសម្បត្តិនៅសល់របស់លោក ហើយត្រូវសម្រេចចិត្តជាឯកច្ឆ័ន្ទថា តើគោលបំណងសប្បុរសធម៌មួយណា ដែលគួរតែត្រូវបរិច្ចាគ?

លោកស្រី Susie Buffett ដឹកនាំមូលនិធិ Susan Thompson Buffett ផ្តល់ដល់សុខភាពបន្តពូជ និងមូលនិធិ Sherwood ដែលគាំទ្រដល់អង្គការមិនរកប្រាក់ចំណេញរដ្ឋ Nebraska និងការអប់រំកុមារតូចៗ។ ចំណែកលោក Howard Buffett គឺជាប្រធានមូលនិធិ Howard G. Buffett ដែលធ្វើការដោះស្រាយភាពអត់ឃ្លានសកល ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងកាត់បន្ថយជម្លោះ។ រីឯលោក Peter Buffett ដឹកនាំមូលនិធិ NoVo មានគំនិតផ្តួចផ្តើមផ្តោតលើក្មេងស្រី និងស្ត្រីខ្វះខាត ក៏ដូចជាសហគមន៍ជនជាតិដើមភាគតិចផងដែរ។

គួរបញ្ជាក់ថា Berkshire Hathaway គឺជាក្រុមហ៊ុនសាជីវកម្មមានតម្លៃ ១ទ្រីលានដុល្លារ គ្រប់គ្រងអាជីវកម្មដូចជាផ្លូវដែក BNSF ការធានារ៉ាប់រងរថយន្ត Geico និងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនដូចជា Apple និង American Express៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ