ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​ អនុម័ត​សេចក្តីព្រាងច្បាប់​ ស្តី​ពីហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៥ ​ជា​ស្ថាពរ

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​សេចក្តីព្រាងច្បាប់​ ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៥ មាន​៦​ជំពូក និង​១៥​មាត្រា ​ត្រូវ​បាន​រដ្ឋសភា​ អនុម័ត​ជា​ស្ថាពរ និង​គ្រោង​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ ដើម្បី​ពិភាក្សា​…

រាជធានី​ភ្នំពេញ ​៖ ​សេចក្តីព្រាងច្បាប់​ ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៥ មាន​៦​ជំពូក និង​១៥​មាត្រា ​ត្រូវ​បាន​រដ្ឋសភា​ អនុម័ត​ជា​ស្ថាពរ និង​គ្រោង​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ ដើម្បី​ពិភាក្សា​ និង​អនុម័ត ​។

ការ​អនុម័ត​ច្បាប់​នេះ ​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​ រដ្ឋសភា​ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​ ក្រោម​អធិបតីភាព​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ​ប្រធានរដ្ឋសភា​។ ដោយ​សមាជិក​រដ្ឋសភា​ ចំនួន​១០២​រូប ​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ បាន​លើកដៃ​អនុម័ត​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ​បាន​លើក​ថា ​សេចក្តីព្រាងច្បាប់​ ស្តី​ពី​ហិរញ្ញវត្ថុ​ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៥ ​ត្រូវ​បាន​រៀបចំ​ឡើង ក្នុង​បរិការណ៍ ​ដែលរាជរដ្ឋាភិបាល​ នីតិកាល​ទី​៧ ​នៃ​រដ្ឋសភា កំពុង​បន្ត​ជំរុញ​អនុវត្ត​យ៉ាង​សស្រាក់សស្រាំ នូវ​បេសកកម្មដ៏​ឧត្តុង្គឧត្តម ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ ឥត​រា​ថយ ​និងកាន់តែ​ស្វាហាប់ ឆ្លើយ​តប​នឹងក្តី​ប្រាថ្នា​របស់​ប្រជាជន ក៏​ដូច​ជា​សំដៅ​ព​ន្លឿ​ន​កិច្ច​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច និង​កិច្ចការ​កែទម្រង់​កាន់តែ ស៊ីជម្រៅ​ និង​ទូលំទូលាយ​លើ​គ្រប់​វិស័យ ដើម្បី​បន្ត​ឈាន​ទៅ​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មី​មួយទៀត គឺ​ប្រទេស មាន​ចំណូល​មធ្យម ​កម្រិត​ខ្ពស់ ​នា​ពេល​ខាង​មុខ ​។

ឈរ​លើ​មូលដ្ឋាន​នេះ សេចក្តីព្រាងច្បាប់​ ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៥ មាន​គោលដៅ​បន្ត​ គាំទ្រ​ការ​អនុវត្ត​កម្មវិធីនយោបាយ​របស់​រាជរដ្ឋាភិបាល ជា​ពិសេស ​ការ​អនុវត្ត​អាទិភាព​គោលនយោបាយ​សំខាន់​ៗ និង​វិធានការ​គន្លឹះ​នានា​ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត ជា​បន្តបន្ទាប់​ចាប់ពី​ដើម​នីតិកាល​ទី​៧ ​នៃ​រដ្ឋសភា ឱ្យ​សម្រេច​បាន​នូវ​លទ្ធផល​ផ្លែផ្កា​ជា​អតិបរមា ដើម្បី​ឆ្លើយ​តប ទៅ​នឹង​សំណូមពរ សេចក្តី​ត្រូវការ និង​ការ​រំពឹង​ទុក​របស់ប្រជាជន​កម្ពុជា​ដែល​ជា​ម្ចាស់​ឆ្នោត​។ ទន្ទឹម​នេះ ​ក្នុងបរិការណ៍​ដែល​កម្ពុជា ​កំពុង​ទទួលផល​ពី​សន្តិភាព និង​ស្ថេ​រ​ភាព​នយោបាយ​ក្នុង​ប្រទេស ហើយ​សេដ្ឋកិច្ច​ ក៏​កំពុង ងើបឡើង​វិញ និង​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី ក្រោយ​វិបត្តិ ​នៃ​ជំងឺ​កូ​វី​ដ​-១៩ កម្ពុជា ក៏​ដូច​ជា​ប្រទេស​ឯទៀត​ លើសកលលោក​ដែរ​ កំពុង​ត្រូវ​បាន​បន្ត​ហ៊ុម​ព័ទ្ធ ដោយ​ហានិភ័យ និង​ភាព​មិន​ប្រាកដប្រជា​ខ្ពស់ ដែល​ជា​ប្រការអាច​យាយី​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង ការ​បន្ត​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​របស់​ខ្លួន ​ដើម្បី​ឈាន​ទៅ​ដំណាក់កាលថ្មី​ទៀត ​។

នៅ​ការ​ពិភាក្សា​ និង​អនុម័ត​ច្បាប់​ខាងលើ​នេះ​ ឯកឧត្តម ឈាង វុន ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម ​នៃ​រដ្ឋសភា ជា​អ្នករាយការណ៍ ​ជូន​អង្គ​សភា ពី​លទ្ធផល ​នៃ​ការ​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​ ។

ឯកឧត្តម ​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហរិ​ញ្ញ​វត្ថុ និង​សហការី​ ជា​អ្នក​ការពារ​សេចក្តីព្រាងច្បាប់​។

សូម​ជម្រាប​ថា​ សេចក្តីព្រាងច្បាប់ ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៥ (​ច្បាប់​ថវិកាជាតិ​ ឆ្នាំ២០២៥) មាន ៦​ជំពូក និង​១៥​មាត្រា ត្រូវ​បាន​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ អនុម័ត​ទាំងស្រុង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤ ​។

នៅ​ក្នុង​ខ្លឹមសារ ​នៃ​សេចក្តីព្រាងច្បាប់​ថវិកា​ នៅ​ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិការដ្ឋ​សរុប​ ចំនួន ៣៧ ៩៥០ ៣៨៥​លាន​រៀល (​ប្រហែល ៩ ៣០០​លាន​ដុល្លារ​) ត្រូវជា ១៨,១៤% នៃផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​.) ដែល​ក្នុង​នោះ ចំណាយ​ចរន្ត ២៦ ០៥៤ ០១៩​លាន​រៀល និង​ចំណាយ​មូលធន ១១ ៨៩៦ ៣៦៦​លាន​រៀល​ ។

យោង​លើ​ការ​វាយតម្លៃ​ នៃ​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈ រយៈពេល​មធ្យម​របស់​រាជរដ្ឋាភិបាល ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២៥ ត្រូវ​បាន​ព្យាករ​ថា ស្ថិត​ក្នុង​អត្រាកំណើន ៦.៣% ដែល​ធ្វើ​ឱ្យ ផ​.​ស​.​ស​. ថ្លៃ​បច្ចុប្បន្ន​ស្ថិត​ក្នុង​រង្វង់ ២០៩ ១៦៣​ពាន់​លាន​រៀល សម​មូល​នឹង​ប្រមាណ ៥១ ៣៩៨​លាន​ដុល្លារ​អាម៉េរិក ខណៈ​ដែល ផ​.​ស​.​ស​. សម្រាប់​មនុស្ស​ម្នាក់​ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ដល់ ២ ៩២៤​ដុល្លារ​អាម៉េរិក ​។

ការ​រំពឹង​ទុក ​នៃ​កំណើន ៦,៣% ត្រូវ​បាន​គាំទ្រ​ដោយ​វិស័យសេដ្ឋកិច្ច​សំខាន់​ៗ ទី​១. វិស័យ​ឧស្សាហកម្ម នឹង​មាន​កំណើន ៨,៦% ទី​២. វិស័យ​សេវាកម្ម នឹង​មាន​កំណើន ៥,៦% និង​ទី​៣. វិស័យ​កសិកម្ម នឹង​កើនឡើង ១,១%​។ ចំណែក​អតិផរណា ត្រូវ​បាន​ព្យាករ​ថា នឹង​ស្ថិត​ក្នុង​រង្វង់ ២,៥% ក្នុង​នោះ វិស័យ​សង្គមកិច្ច​នៅ​តែ​ត្រូវ​បាន​ចាត់ទុកជា​វិស័យ​អាទិភាព​ទី​១ ​។

រាជរដ្ឋាភិបាល​ បាន​លើក​ឡើង​ថា ​ថវិកា​ឆ្នាំ​២០២៥ នឹង​ដើរតួ​នាទី​ជា​ឧបករណ៍​គោលនយោបាយ ​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​រក្សា ការ​ការពារ និង​ការ​ពង្រឹង​ថែម​ទៀត ​នូវ​សមិទ្ធផល​ដ៏​ធំធេង ដែល​កម្ពុជា​សម្រេច​បាន​កន្លង​មក ក៏​ដូច​ជា​ក្នុង​ការ​បន្ត​បុក​គ្រឹះ​សម្រាប់​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ តទៅ​មុខ​ទៀត​។ អាទិភាព​ចំណាយ​ថវិកា​ឆ្នាំ​២០២៥ គឺ​ឆ្លើយ​តប​នឹង​អាទិភាព និង​តម្រូវការ​ចាំបាច់​របស់​ក្រសួង​-​ស្ថាប័ន​នានា ជា​ពិសេស​ការ​ផ្សារ​ភ្ជាប់ ​នូវ​ការ​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ ទៅ​នឹង​គោលបំណង​គោលនយោបាយ​របស់​ក្រសួង​-​ស្ថាប័ន ដែល​នឹង​រួមចំណែក​សម្រេច​គោលនយោបាយ ជា​អាទិភាព​រួម​របស់​រាជរដ្ឋាភិបាល រួម​មាន ​៖ ការ​ពង្រឹងសមត្ថភាព​ស្ថាប័ន ការ​អភិវឌ្ឍ​មូលធន​មនុស្ស ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត និង​ការ​ជួសជុល ការ​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត និង ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ​។

ជា​ពិសេស​ការ​បង្កើត​តម្លៃបន្ថែម​ក្នុង​វិស័យ​ចន្ទល់​សេដ្ឋកិច្ច​ដែល​មាន​ស្រាប់ និង​អនុ​វិស័យ​ពាក់ព័ន្ធ ការ​ជំរុញ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ការ​រៀបចំ​ខ្លួន​សម្រាប់​ឈោង​ចាប់​យក​បច្ចេកវិទ្យា​ថ្មី​ៗ ក្នុង​យុគសម័យ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ការ​ពង្រីក​វិសាលភាព និង​ការ​ពង្រឹងគុណភាព ​នៃ​សេវា​សាធារណៈ​គ្រប់​ប្រភេទ ជា​ពិសេស​សេវា​អប់រំ សុខាភិបាល យុត្តិធម៌ និង​សេវា​មូលដ្ឋាន​ចាំបាច់​ដទៃ​ទៀត និង​ការ​កែទម្រង់​អភិបាលកិច្ច និង​ការ​ពង្រឹងសមត្ថភាព​ស្ថាប័ន ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​ការ​អនុវត្ត​របប​គាំពារ​សង្គម​ដោយ​ឈរ​លើ​គោលការណ៍​ប្រសិទ្ធភាព សមធម៌​សង្គម ចីរភាព និង​ភាព​អាច​ទ្រទ្រង់​បាន​នៃ​ថវិកា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ