អន្តរជាតិ ៖ បណ្តាអ្នកជំនាញសេដ្ឋកិច្ចមួយចំនួនព្យាករណ៍ថា ការនាំចេញរបស់ប្រទេសចិននឹងឈានដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រនៅឆ្នាំនេះ ដោយអតិថិជនប្រញាប់ប្រញាល់បញ្ជាទិញទំនិញពីប្រទេសមួយនេះ មុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចូលកាន់តំណែង នាខែមករាខាងមុខនេះ។
យោងតាមរបាយការណ៍ពី Bloomberg បានឱ្យដឹងថា កំណើននៃការនាំចេញរបស់ចិននឹងបង្កើនល្បឿនរហូតដល់ ៧% ក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន នោះគឺជាការធ្វើឱ្យប្រសើរឡើងពីកំណើន ៥% ដែលឃើញកាលពីខែតុលា មុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ ហើយលទ្ធផលនេះ នឹងជំរុញការនាំចេញរបស់ចិនសរុបនៅឆ្នាំនេះ កើនដល់ ៣.៥៤៨ទ្រីលានដុល្លារអាមេរិក ពោលលើសពីកំណត់ត្រាចាស់ កាលពីឆ្នាំ ២០២២ របស់ខ្លួន។
អ្នកសេដ្ឋកិច្ចប្រចាំក្រុមហ៊ុន Maybank Investment Banking Group បានអះអាងថា នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ការនាំចេញរបស់ចិនអាចទទួលបានអត្ថប្រយោជន៍ពីការស្តុកទុកដោយបណ្តាក្រុមហ៊ុនបរទេស។ ទិដ្ឋភាពនៃសង្គ្រាមពាណិជ្ជកម្មប្រហែលជានឹងធ្វើឱ្យអ្នកបង្កើតគោល នយោ បាយចិន ពឹងផ្អែកខ្លាំងលើវិធានការជំរុញការប្រើប្រាស់ ដែលគាំទ្រនៅឆ្នាំក្រោយ។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានបន្តសម្លឹងមើលការលក់នៅក្រៅប្រទេស ដើម្បីទូទាត់ភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក។ លើផ្លូវនៃយុទ្ធនាការនេះ លោក ត្រាំ បានគំរាមបង្កើនការយកពន្ធលើទំនិញចិនដល់ទៅ ៦០% គឺជាកម្រិតដែលអ្នកជំនាញរបស់គេហទំព័រ Bloomberg ព្យាករណ៍ថានឹងកាត់បន្ថយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានសេដ្ឋកិច្ចធំជាងគេរបស់ពិភពលោក។
នៅអំឡុងពេលអាណត្តិដំបូង លោក ត្រាំ បានដាក់ពន្ធរហូតដល់ ២៥% លើការនាំចេញរបស់ចិនតម្លៃជាង ៣០០ពាន់លានដុល្លារ ដែលបង្កឱ្យមានការសងសឹកពីទីក្រុងប៉េកាំង ហើយវិធានការសង្កត់ពន្ធនេះ បានរក្សារហូតដល់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden)។
ការរំពឹងទុកនៃសង្គ្រាមពាណិជ្ជកម្មកាន់តែកើនឡើង បន្ទាប់ពីលោក ត្រាំ វិលត្រឡប់មកសេតវិមានវិញ ដោយកំពុងបង្កើនការរំពឹងទុកសម្រាប់ការជំរុញភាពតានតឹងកាន់តែខ្លាំង នឹងឈានចូលដល់ឆ្នាំក្រោយ ខណៈប្រទេសចិនកំពុងរៀបចំសករាជថ្មី នៃការការពារនិយមរបស់ខ្លួន។ ផ្ទុយទៅនឹងការនាំចេញកំពុងរីកចម្រើន កំណើននៃការនាំចូលរបស់ចិនមានកម្រិតធម្មតា ខណៈសេដ្ឋកិច្ចក្នុងស្រុកជួបការលំបាកក្នុងការងើបឡើង ដែលបង្កឱ្យមានប្រតិកម្មភ័យខ្លាចជាសកលពីបណ្តាប្រទេសនាំចូលទំនិញតម្លៃថោករបស់ចិន។
ទោះយ៉ាងណាក៏ដោយ ការស្ទង់មតិរបស់ Bloomberg បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប ឬ GDP របស់ប្រទេសចិននឹងកើនឡើង ៤.៩% នៅក្នុងត្រីមាសទី៤ ពោលគឺកើនឡើងពី ៤.៨% ដែលត្រូវបានព្យាករណ៍ កាលពីខែមុន៕
ចែករំលែកព័តមាននេះ