ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ហានិភ័យ​ជាចម្បង​បួន​យ៉ាង ​បណ្តាល​ឲ្យ​កើត​ជំងឺមិនឆ្លង

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​កត្តា​ហានិភ័យ​ជា​ចម្បង ​ចំនួន​៤ ​បាន​បណ្តាល​ឲ្យ​ឆ្លង​ជំងឺមិនឆ្លង ដែល​យើង​ម្នាក់​ៗ ​ត្រូវ​គិត ​និង​ត្រូវ​មាន​វិធានការ​ទប់ស្កាត់ ​។ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា…

រាជធានី​ភ្នំពេញ ​៖ ​កត្តា​ហានិភ័យ​ជា​ចម្បង ​ចំនួន​៤ ​បាន​បណ្តាល​ឲ្យ​ឆ្លង​ជំងឺមិនឆ្លង ដែល​យើង​ម្នាក់​ៗ ​ត្រូវ​គិត ​និង​ត្រូវ​មាន​វិធានការ​ទប់ស្កាត់ ​។

ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា ផ្សព្វផ្សាយ​ការ​អប់រំ​សុខភាព ដើម្បី​ចៀសវាង​កត្ត​ហានិភ័យ​ នៃ​ជំងឺមិនឆ្លង នា​ព្រឹក​ថ្ងៃ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា ​៖ “​ការ​កើត​ជំងឺមិនឆ្លង​ បណ្តាល​មក​ពី​កត្តា​ហានិភ័យ​ចម្បង​បួន រួម​មាន របប​អាហារ​មិន​មាន​សុខភាព កង្វះ​សកម្មភាព​រាង​កាយ ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ និង​ការ​ប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​ប្រកបដោយ​គ្រោះថ្នាក់​”​ ។

ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី​ បាន​លើក​ឡើង​ថា​ សិក្ខា​សលា​ថ្ងៃនេះ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​អប់រំ​សុខភាព និង​យក​ព័ត៌មាន ​ដែល​ទាក់ទង​ជំងឺមិនឆ្លង ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ នៅ​តាម​មូលដ្ឋាន ក្នុង​ការ​ជំរុញ​ឱ្យ​ប្រជាជន​មានការ​ផ្លាស់​ប្តូរ​ឥរិយាបថ​រស់នៅ​ប្រកបដោយ​សុខុមាលភាព ព្រមទាំង​ផ្តល់ ​នូវ​ចំណេះដឹង ជំនាញ អាកប្បកិរិយា​ដល់​បុគ្គល​ និង​គ្រួសារ និង​លើកទឹកចិត្ត​ពួក​គាត់​ឱ្យ​ផ្លាស់​ប្តូរ​ឥរិយាបថ​ជា​វិជ្ជមាន ដំណើរ​ឆ្ពោះទៅ​ការ​ការពារ​ជៀសវាង​ពី​ការ​ជួយ​សង្គ្រោះ នូវ​គ្រោះថ្នាក់​ដែល​កើត​មាន​ឡើង តាម​រយៈ​ការ​ចូលរួម​ពី យើង​ទាំងអស់​គ្នា​ខិតខំ​ធ្វើ​ឱ្យ​លើស​ពី​ការ​ដែល​អាច​ធ្វើ​ទៅ​បាន​។
ស្រប​តាម​ទិស​ដៅ​របស់​រាជរដ្ឋាភិបាល​ ក្នុង​អាណត្តិ​ទី​៧ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ និង​ភាព​ប្រាកដនិយម​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាត់​ទុក​ការ​អភិវឌ្ឍ​មូលធន​មនុស្ស និង​ការ​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​គឺជា​អាទិភាព ដែល​ក្នុង​នោះ​ការ​បង្ការ​ជំងឺមិនឆ្លង​គឺជា​អាទិភាព​ចម្បង​មួយ​របស់​ក្រសួងសុខាភិបាល រួម​មាន ការ​អប់រំ​ផ្សព្វផ្សាយ​ដើម្បី​ចៀសវាង​កត្តា​ហានិភ័យ​ជំងឺមិនឆ្លង ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ណែនាំ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង គឺ​មិន​មាន​កម្រិត​សុវត្ថិភាព​នោះ​ទេ ប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​កាន់តែ​ច្រើន បង្ក​ហានិភ័យ​ដល់​សុខភាព​កាន់តែ​ច្រើន​។ ការ​ប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង បង្ក​បញ្ហា​សុខភាព​និង​ជំងឺ​ច្រើន​ជាង ២០០​ប្រភេទ ជា​អាទិ៍ ជំងឺ​ក្រិន​ថ្លើម ជំងឺមហារីក ជំងឺ​បេះដូង​សរសៃឈាម ជំងឺ​ទឹកនោមផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម​។ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​ខួរក្បាល​របស់​យុវវ័យ បណ្ដាល​ឱ្យ​ញៀន និង​បង្ក​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដូច​ជា ជំងឺ​ថប់​បារម្ភ ជំងឺ​ធ្លាក់​ទឹកចិត្ត ជាដើម​។ លើស​ពី​នេះ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​សង្គម ជំរុញ​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​អំពើ​ហិង្សា​បុគ្គល គ្រួសារ ផង​ដែរ​ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​បាន​សំណូមពរ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​រា​ធានី​-​ខេត្ត​ទាំងអស់ យកសារ​អប់រំ​សុខភាព​ដែល​ក្រសួងសុខាភិបាល​បាន​ផលិត ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ជា​ប្រចាំ និង​ឱ្យ​បាន​ទូលំទូលាយ តាម​រយៈ​ការ​ដាក់​ប​ញ្ជូ​ល​ការ​អប់រំ​សុខភាព​ជា​សកម្មភាព​ការងារ​អាទិភាព ដើម្បី​ចូលរួម​លើកកម្ពស់​ការ​យល់​ដឹង​របស់​ប្រជាជន អំពី​កត្តា​ហានិភ័យ​នៃ​ជំងឺមិនឆ្លង ជា​ពិសេស​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង និង​បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ចៀសវាង​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ និង​ផលិតផល​គ្រឿង​ស្រវឹង ទទួលទាន​អាហារ​ដែល​មាន​សុខភាព និង​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​គ្រប់គ្រាន់​។ សុខភាព​គឺជា​អ្វី​ៗ​គ្រប់យ៉ាង​របស់​យើង​ទាំងអស់​គ្នា មាន​សុខភាព​ល្អ​ទើប​យើង​អាច​មាន​មូលធន​មនុស្ស​សម្រាប់​ការ​អភិវឌ្ឍ គ្រួសារ សង្គម និង​ប្រទេស​ជាតិ​ស្រប​តាម​គោលនយោបាយ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ