ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ អាកាសធាតុមានភាពត្រជាក់ អំណោយផលដល់ព្រឹត្តិការណ៍ដ៏អស្ចារ្យ(ស្នាមញញឹមនៃកម្ពុជា)នៅបរិវេណប្រាសាទអង្គរ ។

«ស្នាមញញឹមនៃកម្ពុជា»ជាសកម្មភាពសង្គម ដែលបង្កើតឡើងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការចែករំលែកនូវទំនៀមទម្លាប់ និងមេរៀននៃស្នាមញញឹម ដែលបង្ហាញពីមិត្តភាពរបស់ប្រជាជនកម្ពុជា ។ ស្នាមញញឹមក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា មានន័យជាសញ្ញាដែលបង្ហាញពីការពេញចិត្តនិងអំណរចិត្តនៅក្នុងសង្គមខ្មែរ ។

តាមប្រវត្តិសាស្ត្រវប្បធម៌ខ្មែរ បុព្វបុរសបានធ្វើឱ្យស្នាមញញឹម ក្លាយជាសញ្ញានៃសន្តិភាព និង សាមគ្គីភាព ។ ស្នាមញញឹមនៃកម្ពុជា កម្មវិធីនេះ ជាមធ្យោបាយមួយក្នុងការពង្រឹងស្មារតីនៃកម្ពុជាដែលគួរឱ្យស្រលាញ់ដែលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ។

ព្រឹត្តិការណ៍នេះមិនត្រឹមតែមានន័យជាការអបអរសាទរនៅលើសម្ដែងស្នាមញញឹមនោះទេ ប៉ុន្តែក៏ជាការបង្កើនភាពរួបរួម និងការប្តេជ្ញាក្នុងការអភិវឌ្ឍសហគមន៍ជាមួយគ្នា ។ ការដង្ហែព្រះបាទជ័យវរ្ម័នទី៧ ក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីរំឭកឱ្យមានការចងចាំនូវវីរភាពរបស់ព្រះអង្គ ជាការដាស់តឿនដល់កូនខ្មែរជំនាន់ក្រោយឱ្យពង្រឹងចំណងសាមគ្គីភាព ជាតិនិយមនៃប្រជាជនខ្មែរ ។

ព្រឹត្តិការណ៍នេះជាការរំឭកដល់បុព្វ ហេតុនៃសិល្បៈ និងវប្បធម៌ដែលព្រះបាទជ័យវរ្ម័នទី៧ បានបង្កើត និងបន្សល់ទុក និងដើម្បីបង្ហាញអំពីអំណាច និងសិល្បៈដ៏សម្បើមនៃសម័យនោះ ។ ក្នុងពិធីដង្ហែនេះលោកឧកញ៉ាខេមរៈ សិរីមន្ត សម្តែងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧ និងលោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន គិត ម៉េង សម្តែងជាព្រះនាងឥន្ទ្រទេវី ។

នៅខាងក្រៅបរិវេណប្រាង្គប្រាសាទអង្គរវត្ត មានមហាជនជាច្រើនបានឈររង់ចាំទស្សនាទស្សនីយភាពដ៏អស្ចារ្យដ៏កម្របានទស្សនានេះជាច្រើនកុះករ ៕






ចែករំលែកព័តមាននេះ