រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មកនេះករណីក្មេងទំនើ.ងនៅទូទាំងប្រទេសនៅបន្តមានសភាពស្ងប់ស្ងាត់ ដោយថ្ងៃខ្លះក៏សឹងតែគ្មានករណីនេះកើតឡើងតែម្ដង ។ នេះបើអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានឲ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃនៃសប្តាហ៍ទី៣នេះមានត្រឹមជាង១០ករណីតែប៉ុណ្ណោះដែលបានកើតឡើង ហើយជាករណីមានលក្ខណៈទ្រង់ទ្រាយតូចតាច នៅទូទាំងប្រទេស ។
ភាពស្ងប់ស្ងាត់នៃករណីក្មេងទំនើ.ងក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកត់សម្គាល់ថា នេះ គឺជាទិដ្ឋភាពមួយដែលគ្រប់គ្នាចង់បានមិនថា ប្រជាពលរដ្ឋ ឬក៏អាជ្ញាធរមានសមត្ថកិច្ចនោះទេ ហើយក៏ជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ។
ម្យ៉ាងទៀតក៏ជាពេលវេលាមួយដែលសង្កេតឃើញថា បណ្តាយុវជនក៏ដូចជាក្រុមក្មេងទំនើ.ងមួយចំនួនហាក់មានការយល់ដឹងច្រើនពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ និងបានយល់ពីទោសទណ្ឌនៃការប្រព្រឹត្តនូវទង្វើនោះក្នុងផ្លូវច្បាប់ទទួលបានអ្វីខ្លះត្រឡប់មកវិញដល់គ្រួសារ និងសង្គមជាតិ ។
លោកបន្ថែមថា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ជំរុញឱ្យអនុវត្តយ៉ាងសកម្មនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងយុវជន សិស្សានុសិស្សក៏ដូចជា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កើនការផ្សព្វផ្សាយ ជាចំណែកមួយចូលរួមទប់ស្កាត់ និងបង្ការរាល់បទល្មើសផ្សេងៗទាំងក្នុង និងក្រៅមូលដ្ឋានក្នុងនោះកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃបានដើរតួនាទីសំខាន់ ក្នុងការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ។
សូមជម្រាបជូនថា ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់ចេញនូវទិសដៅអាទិភាពចំនួន៦ ព្រមទាំងបានចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់អគ្គស្នងការដ្ឋាននគរបាលជាតិបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ បង្ការ និងបង្ក្រាបនូវរាល់បទល្មើសផ្សេងៗក្នុងសង្គមស្របតាមទិសស្លោក«អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ» ៕
ចែករំលែកព័តមាននេះ