សិស្សសាលាអន្តរជាតិ ជាពិសេស គឺភាសាអង់គ្លេសនានានៅកម្ពុជាភាគច្រើននៅរាជធានីភ្នំពេញកំពុងតែជ្រួលជ្រើមសម្បើមណាស់ សម្រាប់ថ្ងៃទី៣១ ខែតុលា ខាងមុខដោយសារតែវាជាថ្ងៃដែលសហគមន៍គ្រិស្តសាសនានានឹងរៀបចំបុណ្យមួយគេហៅថា បុណ្យហាឡូវិន (Halloween) ។ ពិធីបុណ្យនេះមិនមែនទើបតែហូរចូលកម្ពុជានោះទេវាហូរចូលយូរហើយនៅពេលដែលប្រទេសកម្ពុជា…
សិស្សសាលាអន្តរជាតិ ជាពិសេស គឺភាសាអង់គ្លេសនានានៅកម្ពុជាភាគច្រើននៅរាជធានីភ្នំពេញកំពុងតែជ្រួលជ្រើមសម្បើមណាស់ សម្រាប់ថ្ងៃទី៣១ ខែតុលា ខាងមុខដោយសារតែវាជាថ្ងៃដែលសហគមន៍គ្រិស្តសាសនានានឹងរៀបចំបុណ្យមួយគេហៅថា បុណ្យហាឡូវិន (Halloween) ។
ពិធីបុណ្យនេះមិនមែនទើបតែហូរចូលកម្ពុជានោះទេវាហូរចូលយូរហើយនៅពេលដែលប្រទេសកម្ពុជា បើកចំហរទទួលឥទ្ធិពលសកល ។ ទំនៀមទម្លាប់លោកខាងលិចមួយចំនួនបានចាប់ផ្តើមចូលមកក្នុងប្រទេស ហើយមួយក្នុងចំណោមពិធីទាំងនេះ គឺជាពិធីបុណ្យ ហាឡូវិន ដែលតែងតែប្រារព្ធនៅក្នុងសាលាអន្តរជាតិមួយចំនួនអាជីវកម្ម និងក្នុងចំណោមក្រុមតូចៗនៃយុវជននៅក្នុងតំបន់ទីក្រុង ។ ប៉ុន្តែ តើនេះជាការអភិវឌ្ឍវិជ្ជមាន ឬអវិជ្ជមានសម្រាប់កម្ពុជា ?
ប្រសិនបើយើងមិនធ្វើការរិះគិត ពិធីបុណ្យ ហាឡូវិន នេះក្តី និងពិធីផ្សេងៗហាក់ដូចជា គ្មានគ្រោះថ្នាក់ទេសម្រាប់កម្ពុជាពីព្រោះវាជាព្រឹត្តិការណ៍ដ៏រីករាយដែលមនុស្សស្លៀកពាក់ប្លែកៗប៉ុន្តែភាគច្រើន គឺបែបខ្មោច បែបកន្ត្រាក់អារម្មណ៍ ចែករំលែកស្ករគ្រាប់ និងរីករាយជាមួយរាត្រីដ៏អស្ចារ្យ ។ សម្រាប់ព្រឹត្តិការណ៍នេះ នៅតាមសាលាអន្តរជាតិ និងភាសាអង់គ្លេសវាផ្តល់ឱ្យសិស្សនូវរសជាតិនៃវប្បធម៌លោកខាងលិច ដែលជាឱកាស ដើម្បីស្វែងយល់អំពីទំនៀមទម្លាប់សកល ។
អាស្រ័យហេតុនេះសាលារៀនអន្តរជាតិ និងភាសាអង់គ្លេសជាច្រើន គឺកំពុងតែផុលផុសបំផុសការរៀបចំពិធីបុណ្យនេះ ដោយមានទាំងកម្មវិធីជ្រើសរើសសិស្សឲ្យសំដែង អោយធ្វើនេះធ្វើនោះ ផ្សេងៗតាមគន្លងនៃទំនៀមទម្លាប់ពិធីហាឡូវិននេះ ។
ជាសេចក្តីពិតនៅពេលដែលប្រទេសកម្ពុជាបន្តធ្វើសមាហរណកម្មជាមួយសហគមន៍អន្តរជាតិនៅលើពិភពលោក ការបង្ហាញពីការអនុវត្តវប្បធម៌ផ្សេងៗគ្នាអាចពង្រីកទស្សនៈ និងបង្កើនភាពច្នៃប្រឌិត ។ ក្នុងន័យនេះហាឡូវិន អាចត្រូវបានគេមើលឃើញថា ជាស្ពាននៃការតភ្ជាប់នៃទំនាក់ទំនងវប្បធម៌ទៅកាន់ភាពជាពលរដ្ឋពិភពលោក ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភកើតឡើងនៅពេលពិចារណាពីផលប៉ះពាល់កាន់តែស៊ីជម្រៅនៃការប្រារព្ធពិធីបុណ្យបរទេសនៅកម្ពុជា ។ បុណ្យ ហាឡូវិន មិនមានឫសគល់នៅក្នុងប្រពៃណីខ្មែរទេ ហើយក៏មិនស្របតាមតម្លៃព្រះពុទ្ធសាសនាដែលជាសាសនារដ្ឋ របស់ប្រទេសដែរ ឬពិធីបុណ្យទាំងនេះរៀបចំឡើងកាន់តែឧឡារឹក វាអាចជាហានិភ័យនៃការធ្វើឱ្យអ្នកផ្សេងដែលចាត់ទុកការប្រារព្ធពិធីបែបនេះជាការបំផ្លាញតម្លៃវប្បធម៌ ជាពិសេសក្នុងចំណោមមនុស្សជំនាន់មុន ។
ជាងនេះទៅទៀត ការធ្វើពាណិជ្ជកម្ម និងអាជីវកម្មតាមការឃោសនាពីពិធីបុណ្យ ហាឡូវិន អាចនឹងបង្ហាញពីអាកប្បកិរិយាសម្ភារៈនិយមដែលខុសពីរបៀបរស់នៅបែបប្រពៃណីរបស់ខ្មែរ ។ បុណ្យហាឡូវិន នៅបស្ចឹមប្រទេសជារឿយៗត្រូវបានជំរុញលើកទឹកចិត្តឲ្យអ្នកចូលរួមស្លៀកសំលៀកបំពាក់ និងការតុបតែងខ្លួនប្លែកៗដែលរបស់ទាំងនោះសុទ្ធតែថ្លៃ ហើយវាអត់ប្រយោជន៍ពីព្រោះវាប្រើប្រាស់បានតែសម្រាប់ពិធីនេះ ។ សម្រាប់ប្រទេសដែលមានប្រជាជនជាច្រើននៅតែជួបបញ្ហាសេដ្ឋកិច្ច ការប្រារព្ធពិធីនេះ គឺជាការចំណាយខ្ជះខ្ជាយមួយជ្រុងដែរ ។
ផ្អែកតាមទឡ្ហីករណ៍នេះ សាលារៀននានាមិនគួរលើកទឹកចិត្តឲ្យសិស្សានុសិស្សនៅក្នុងសាលារៀបចំវាឲ្យអធិកអធមពេកនោះទេ ។ ប្រសិនបើចង់ឲ្យសិស្សានុសិស្សយល់ គឺគួរត្រឹមតែលើកទឹកចិត្ត និងជំរុញឲ្យសិស្សានុសិស្សអានអត្ថបទធ្វើកិច្ចពិភាក្សាជជែកវែកញែកអំពីពិធីនេះ គឺបានហើយកុំរហូតដល់ថ្នាក់អត់រៀនទេ គឺអោយសិស្សលេងសប្បាយនឹងព្រឹត្តិការណ៍បែបនេះ ពីព្រោះវាមិនមែនជាពិធីបុណ្យរបស់ជាតិ ហើយក៏មិនមែនប្រពៃណីខ្មែរ ។ សាលាក៏មិនគួរលើកទឹកចិត្តឲ្យសិស្សប្រើប្រាស់សម្លៀកបំពាក់ និងតុបតែងខ្លួនតាមពិធីនេះដែរវាខ្ជះខ្ជាយ ។
សរុបមកវិញ កម្ពុជាមានប្រវត្តិសម្របខ្លួននឹងឥទ្ធិពលបរទេសដូច្នេះ ប្រសិនបើត្រូវប្រារព្ធពិធីបុណ្យ ហាឡូវិន នោះវាអាចធ្វើឡើងតាមរបៀបដែលគោរពប្រពៃណី និងតម្លៃរបស់ខ្មែរ ។ ជាឧទាហរណ៍ ដើម្បីជំនួសឱ្យការផ្តោតលើទិដ្ឋភាពអធិកអធម ឬក៏ការចំណាយសម្ភារៈនានា សាលារៀននីមួយៗអាចប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីបង្រៀនអំពីការផ្លាស់ប្ដូរវប្បធម៌ ឬបញ្ជូនពិធីបុណ្យទៅក្នុងសកម្មភាពសប្បុរសធម៌ដែលស្របតាមតម្រូវការក្នុងស្រុក ដូចជា ការគាំទ្រសហគមន៍ ឬការយល់ដឹងអំពីបរិស្ថានជាដើម ។ នៅពេលកម្ពុជា បន្តធ្វើទំនើបកម្ម និងចូលរួមជាមួយពិភពលោកវាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យមានតុល្យភាពនៃការបើកចំហចំពោះគំនិតថ្មីៗជាមួយនឹងការប្តេជ្ញាចិត្តក្នុងការរក្សាតម្លៃ និងប្រពៃណីដែលកំណត់របស់ប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ