ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ត្បូង និង​ប៉ូឡូញ​ថ្កោល​ទោស​ការ​បញ្ជូន​ទ័ព​កូរ៉េ​ខាង​ជើង​ទៅ​រុស្ស៊ី

17 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល៖ ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​យូន​ស៊ុក​យូល បញ្ចេញ​ប្រតិ​កម្ម​ខ្លាំង​​តប​ទៅ​នឹង​ករណី​ដែល​កូរ៉េ​ខាង​ជើង​បញ្ជូន​ទ័ព​ទៅ​ជួយ​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​របស់​ខ្លួន​​នៅ​ក្នុង​​សង្គ្រាម​​ដ៏​បង្ហូរ​ឈាម​នៅ​អ៊ុយ​ក្រែន​។ លោក​ថ្លែង​ថា​រដ្ឋាភិបាល​ទី​ក្រុង​សេ​អ៊ូល​មិន​អាច​នៅ​ស្ងៀម​​ឈរ​ឱប​ដៃ​មើល​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​​បាន​ឡើយ​​។ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ជំនួប​ទ្វេ​ភាគី​ជា​មួយ​​ថ្នាក់​ដឹក​នាំ​ប៉ូឡូញ​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អ៊ុយ​ក្រែន​ដើម្បី​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យោធា​ជា​មួយ​គ្នា​។ កិច្ច​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​កូរ៉េ​ខាង​ត្បូង និង​ប៉ូឡូញ​នេះ​ធ្វើ​ឡើង​​១​ថ្ងៃ​បន្ទាប់​ពី​មន្ត្រី​រដ្ឋា​ភិបាល​អា​មេ​រិក និង​កូរ៉េ​ខាង​ត្បូង​ជឿ​ជាក់​ថា​ទាហាន​កូរ៉េ​ខាង​ជើង​​បី​ពាន់​នាក់​ត្រូវ​គេ​ដឹក​តាម​កប៉ាល់​ចម្បាំង​ទៅ​ដល់​ប្រទេស​រុស្ស៊ី​​ហើយ​…

ទី​ក្រុង​សេអ៊ូល៖ ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​យូន​ស៊ុក​យូល បញ្ចេញ​ប្រតិ​កម្ម​ខ្លាំង​​តប​ទៅ​នឹង​ករណី​ដែល​កូរ៉េ​ខាង​ជើង​បញ្ជូន​ទ័ព​ទៅ​ជួយ​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​របស់​ខ្លួន​​នៅ​ក្នុង​​សង្គ្រាម​​ដ៏​បង្ហូរ​ឈាម​នៅ​អ៊ុយ​ក្រែន​។ លោក​ថ្លែង​ថា​រដ្ឋាភិបាល​ទី​ក្រុង​សេ​អ៊ូល​មិន​អាច​នៅ​ស្ងៀម​​ឈរ​ឱប​ដៃ​មើល​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​​បាន​ឡើយ​​។ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ជំនួប​ទ្វេ​ភាគី​ជា​មួយ​​ថ្នាក់​ដឹក​នាំ​ប៉ូឡូញ​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អ៊ុយ​ក្រែន​ដើម្បី​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យោធា​ជា​មួយ​គ្នា​។

កិច្ច​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​កូរ៉េ​ខាង​ត្បូង និង​ប៉ូឡូញ​នេះ​ធ្វើ​ឡើង​​១​ថ្ងៃ​បន្ទាប់​ពី​មន្ត្រី​រដ្ឋា​ភិបាល​អា​មេ​រិក និង​កូរ៉េ​ខាង​ត្បូង​ជឿ​ជាក់​ថា​ទាហាន​កូរ៉េ​ខាង​ជើង​​បី​ពាន់​នាក់​ត្រូវ​គេ​ដឹក​តាម​កប៉ាល់​ចម្បាំង​ទៅ​ដល់​ប្រទេស​រុស្ស៊ី​​ហើយ​ ហើយ​កំពុង​ដាក់​ពង្រាយ​ជា​បណ្ដើរ​ៗ​នៅ​ក្នុង​ជំរំ​ហ្វឹក​ហ្វឺន​​ដើម្បី​ត្រៀម​​បញ្ជូន​បន្ត​​ទៅ​​សមរភូមិ​ក្ដៅ​នៅ​អ៊ុយ​ក្រែន​។​

ទី​ភ្នាក់​ងារ​ស៊ើប​ការ​ណ៍សម្ងាត់​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ឡើង​រាយ​ការណ៍​ជូន​រដ្ឋ​សភា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​របប​ក្រុង​ព្យុង​យ៉ាង​ទំនង​ជា​មាន​ផែន​ការ​បញ្ជូន​កង​ទ័ព​​រហូត​ដល់​មួយ​ម៉ឺន​នាក់​ឯណោះ​ទៅ​ប្រទេស​រុស្ស៊ី​យ៉ាង​យូរ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៤​នេះ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ និង​ព្យុង​យ៉ាង​ចេញ​មុខ​បដិសេធ​របាយ​ការណ៍​នោះ​។ ប្រទេស​ទាំង​២​អះ​អាង​ថា​រហូត​មក​ដល់​ពេល​នេះ​គ្មាន​ទាហាន​កូរ៉េ​ខាង​ជើង​នៅ​លើ​ទឹក​ដី​រុស្ស៊ី​ទេ​។

លោក​យូន​ស៊ុក​យូល​ថ្លែង​ថា​យើង​ឯក​ភាព​ថា​ករណី​បញ្ជូន​ទ័ព​កូរ៉េ​ខាង​ជើង​ទៅ​រុស្ស៊ី​​ជា​ការ​រំលោភ​​​ធម្ម​នុញ្ញ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ផង​ ហើយ​​ជា​ការ​បង្ក​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​។ លោក​យល់​ថា​ទង្វើ​នេះ​ជា​ការ​គំរាម​កំហែង​ចំពោះ​សន្តិ​សុខ​សាកល​។​ កូរ៉េ​ខាង​ត្បូង​នឹង​សហ​ការ​​​ជា​មួយ​ក្រុម​សម្ព័ន្ធ​មិត្ត​​ និង​ប្រទេស​ជា​ដៃ​គូ​ដើម្បី​​​ចាត់​វិធាន​ការ​ឆ្លើយ​តប​​ជា​ដំណាក់​កាល​ៗ​។

ជា​ដំបូង​ កូរ៉េ​ខាង​ត្បូង​រង់​ចាំ​មើល​ជំហរ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យោធា​រវាង​ម៉ូស្គូ និង​ព្យុង​យ៉ាង​ជា​មុន​សិន​។ កូរ៉េ​ខាង​ត្បូង​នឹង​ឆ្លើយ​តប​កម្រិត​ណា​អាស្រ័យ​ទៅ​លើ​កម្រិត​សហ​ការ​នោះ។ ខុទ្ទ​កាល័យ​របស់​លោក​យូន​ស៊ុក​យូល​ថ្លែង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​​កំពុង​ពិចារ​ណា​ដាក់​ចេញ​ជម្រើស​ឆ្លើយ​តប​តាម​ច្រើន​វិធី​ដូច​ជា​តាម​ការ​ទូត សេដ្ឋ​កិច្ច និង​យោធា​។ ក្នុង​នោះ កូរ៉េ​ខាង​ត្បូង​ក៏​កំពុង​ពិចារ​ណា​បញ្ជូន​អាវុធ​ទៅ​អ៊ុយ​ក្រែន​ ជា​ប្រភេទ​អាវុធ​វាយ​ការ​ពារ​ខ្លួន និង​អាវុធ​វាយ​លុក​ទៅ​លើ​ប្រទេស​រុស្ស៊ី​។​

កាល​ពី​ពេល​កន្លង​មក​ កូរ៉េ​ខាង​ត្បូង​​​ធ្លាប់​​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​​​ជា​ជំនួយ​មនុស្ស​ធម៌​​ និង​ជំនួយ​មិន​មែន​អាវុធ​។ ម៉្យាង​ទៀត​ កូរ៉េ​ខាង​ត្បូង​គាំទ្រ​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​​រុស្ស៊ី​ពី​បទ​វាយ​ប្រហារ​អ៊ុយ​ក្រែន​។ សេអ៊ូល​ពុំ​ដែល​បាន​ផ្ដល់​អាវុធ​ទៅ​ជួយ​អ៊ុយ​ក្រែន​ម្ដង​ណា​ឡើយ​​ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​មិន​ផ្ដល់​អាវុធ​ទៅ​ប្រទេស​ដែល​កំពុង​ជាប់​ដៃ​ធ្វើ​សង្គ្រាម​។

ប៉ុន្តែ​កូរ៉េ​ខាង​ត្បូង​ឥឡូវ​នេះ​កំពុង​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង​នៅ​ពេល​ក្រុម​អ្នក​ជំនាញ​​ប្រមើល​ឃើញ​ថា​របប​ក្រុង​ព្យុង​យ៉ាង​បញ្ជូន​ទ័ព​ទៅ​រុស្ស៊ី​លើក​នេះ​មិន​មែន​ឥត​ប្រយោជន៍​ទេ​។ រុស្ស៊ី​អាច​នឹង​ត​បស្នង​ត្រឡប់​មក​វិញ​ដោយ​ផ្ដល់​ជា​លុយ​កាក់​ បច្ចេក​វិទ្យា​ផលិត​អាវុធ ឬ​អាច​ឈាន​ដល់​ការ​​ផ្ដល់​បច្ចេក​វិទ្យា​នុយ​ក្លេអ៊ែរ​ថែម​ទៀត​។ នៅ​ក្នុង​កិច្ច​ជំនួប​ទ្វេ​ភាគី​លើក​នេះ ថ្នាក់​ដឹក​នាំ​ប៉ូឡូញ​យល់​ព្រម​ទទួល​យក​ការ​បញ្ជូន​គ្រឿង​សព្វា​វុធ​ពី​កូរ៉េ​ខាង​ត្បូង​ដើម្បី​ពង្រឹង​សមត្ថ​ភាព​ការ​ពារ​ជាតិ​របស់​ប៉ូឡូញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ