ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ព្យុះ​ត្រាមី​បក់​ទៅ​ដល់​វៀត​ណាម​បន្ទ​ាប់​ពី​វាយ​ប្រហារ​ហ្វ៊ីលីពីន​យ៉ាង​ដំណំ

14 ម៉ោង មុន

ទី​ក្រុង​ម៉ានីឡា៖ ខ្យល់​ព្យុះ​ត្រាមី (Trami) កំពុង​វាយ​ប្រហារ​ប្រទេស​ហ្វ៊ី​លីពីន​​១​ទំហឹង​ ហើយ​​​បង្ក​ជា​​ទឹក​ជំនន់ និង​ការ​បាក់​ដី​ជា​ច្រើន​កន្លែង​។ គិត​ត្រឹម​ក្បាល​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ​សាក​សព​បន្ថែម​ទៀត​ ហើយ​​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ទាំង​មុន​ ទាំង​ក្រោយ​…

ទី​ក្រុង​ម៉ានីឡា៖ ខ្យល់​ព្យុះ​ត្រាមី (Trami) កំពុង​វាយ​ប្រហារ​ប្រទេស​ហ្វ៊ី​លីពីន​​១​ទំហឹង​ ហើយ​​​បង្ក​ជា​​ទឹក​ជំនន់ និង​ការ​បាក់​ដី​ជា​ច្រើន​កន្លែង​។ គិត​ត្រឹម​ក្បាល​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ​សាក​សព​បន្ថែម​ទៀត​ ហើយ​​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ទាំង​មុន​ ទាំង​ក្រោយ​ កើន​ឡើង​ដល់​២៦​នាក់​។ ក្រៅ​ពី​នេះ មនុស្ស​ជា​ច្រើន​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ​។​

​ក្រុម​អ្នក​ជួយ​សង្គ្រោះកំពុង​ធ្វើ​ដំណើរ​ជា​ប្រញាប់​​ដើម្បី​ចុះ​ទៅ​ដល់​ទី​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​ត្រូវ​ហ៊ុម​​ព័ទ្ធ​ដោយ​ជំនន់​ទឹក​ភ្លៀង​​យ៉ាង​​ល្ហ​ល្ហាច​​ដោយ​សារ​ឥទ្ធិ​ពល​នៃ​ខ្យល់​ព្យុះ​​។ ​សាក្សី​និយាយ​ថា​​ភូមិ​ជា​ច្រើន​កន្លែង​លិច​ទៅ​ក្រោម​បាត​ទឹក​​។ សាលា​រៀន និង​ស្ថាប័ន​របស់​រដ្ឋ​ត្រូវ​បិទ​ទ្វារ​​នៅ​ទូទាំង​ភាគ​ខាង​ជើង​ហ្វ៊ីលី​ពីន​នៅ​ពេល​ខ្យល់​បក់​ទៅ​ដល់​​កោះ​លូ​ហ្សន​ (Luzon)។

​មន្ត្រី​ផ្នែក​ជួយ​សង្គ្រោះ​ម្នាក់​នៅ​ខេត្ត​បា​ថាន់​ហ្កាស់ (Batangas) ប្រាប់​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្ត​បន្ទាប់​​ធ្វើ​ឱ្យ​ទឹកជំនន់​មិន​ត្រឹម​តែ​មិន​ស្រក​ទៅ​វិញ​ទេ ថែម​ទាំង​ហក់​ឡើង​កាន់​តែ​ខ្ពស់​។ យើង​ទទួល​បាន​ការ​ហៅ​ទូរ​ស័ព្ទ​ចូល​ច្រើន​ណាស់​ដើម្បី​ស្នើ​សុំ​ជំនួយ​សង្គ្រោះ​បន្ទាន់​។​ មន្ទីរ​ពេទ្យ​១​កន្លែង​នៅ​ខេត្ត​ដដែល​នេះសម្រេច​ចិត្ត​បិទ​ទ្វារ​លែង​​ទទួល​អ្នក​ជំងឺ​​ដែល​បញ្ជូន​ទៅ​ថ្មី​ៗ​ទៀត​​​ព្រោះ​​​បន្ទប់​ធម្មតា​ និង​បន្ទប់​សង្គ្រោះ​បន្ទាន់​​ត្រូវ​ទឹក​លិច​គ្មាន​សល់​។

នៅ​តំបន់​មាត់​សមុទ្រ​កោះ​លូហ្សន​ខាង​លិច​ អាជ្ញា​ធរ​​ប្រកាស​​ឱ្យ​ប្រ​ជា​ជន​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​រលក​សមុទ្រ​​ដែល​ហក់​ឡើង​ខ្ពស់​ដល់​២​ម៉ែត្រ​។​ ​​​ទីតាំង​ដែល​រង​គ្រោះ​ខ្លាំង​​ជាង​គេ​គឺ​តំបន់​ប៊ីខូល (Bicol) នៃ​ទី​ក្រុង​ណា​ហ្កា (Naga) ដែល​គេ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​រហូត​ដល់​១៤​នាក់​។ អ្នក​ខ្លះ​នៅ​ពេល​ផ្ទះ​របស់​ខ្លួន​ត្រូវ​ទឹក​លិច​ខ្លាំង​​ ពួក​គេ​ត្រូវ​តែ​បង្ខំ​ចិត្ត​ឡើង​ទៅ​សំកុក​នៅ​លើ​ដំបូល​ផ្ទះ​ដាច់​បាយ​​ដាច់​ទឹក​​ដើម្បី​រង់​ចាំ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ទៅ​ដឹក​ជញ្ជូន​ពួកគេ​យក​ទៅ​ទី​កន្លែង​សុវត្ថិ​ភាព​។​

ខ្យល់​ព្យុះ​ត្រាមី​ដែល​មាន​ល្បឿន​​​​​៩៥​គី​ឡូ​ម៉ែត្រ​ក្នុង១​ម៉ោង​​​កំពុង​បន្ត​ដំណើរ​​ទៅ​ភាគ​ខាង​លិច​ ហើយ​​នឹង​ឆ្លង​កាត់​តំបន់​ព្រៃ​​ភ្នំ​ភាគ​ខាង​ជើង​​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ ​ងាក​ទៅ​មើល​ស្ថាន​ភាព​នៅ​វៀត​ណាម​ឯ​ណេះ​វិញ ក្រសួង​ឧតុ​និយម​​ព្យាករ​ថា​ខ្យល់​ព្យុះ​នឹង​បក់​ទៅ​ដល់​ដែន​សមុទ្រ​វៀត​ណាម​​​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​។ នៅ​ពេល​ទៅ​ដល់​វៀតណាម ខ្យល់​ព្យុះ​នឹង​បន្ថែម​ល្បឿន​រហូត​ដល់​១១៧​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង​។ ដូច្នេះ វៀតណាម​​អាច​នឹង​​​រង​គ្រោះ​ជា​ថ្មី​​ដោយ​​សារ​ជំនន់​ទឹក​ភ្លៀង និង​ការ​បាក់​ដី​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ