ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ផលិត​ប្រហុក​,​ផ្អក​មួយ​កន្លែង​នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង មន្ត្រី​ជំនាញ​ពិនិត្យ​ឃើញ​ គ្មាន​អនាម័យ

14 ម៉ោង មុន

ខេត្តបាត់ដំបង ៖ មន្ត្រី​អធិការកិច្ច​ម្ហូបអាហារ នៃ​សាខា ក​.​ប​.​ប​. ខេត្តបាត់ដំបង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍…

ខេត្តបាត់ដំបង ៖ មន្ត្រី​អធិការកិច្ច​ម្ហូបអាហារ នៃ​សាខា ក​.​ប​.​ប​. ខេត្តបាត់ដំបង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែតុលា ឆ្នាំ​២០២៤​នេះ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផលិត​ប្រហុក ផ្អក​មួយ​កន្លែង ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​ផ្សារ​ប្រហុក ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​នេះ មន្ត្រី​ជំនាញ បាន​នាំ​យក​រថយន្ត​ពិសោធន៍​ចល័ត ផ្នែក​ម្ហូបអាហារ ដើម្បី​ធ្វើការ​វិភាគ​បឋម នៅ​នឹង​កន្លែង​ផង​ដែរ ដោយ​ពិនិត្យ​ផ្តោត​សំខាន់​លើ​ការ​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់ អនាម័យ​ទូទៅ នៃ​កន្លែង​ផលិត កន្លែង​ស្តុក ច្រ​វ៉ា​ក់​ផលិតកម្ម វត្ថុធាតុដើម និង​ផលិតផល​សម្រេច​ផង​ដែរ ។

ក្រោយ​ការ​ត្រួតពិនិត្យ​ទីតាំង​ផលិត​ប្រហុក ផ្អក​មួយ​កន្លែង រួច​មក មន្ត្រី​អធិការកិច្ច​បាន​រក​ឃើញ​ថា ៖
-​ការ​ផលិត ពុំ​ទាន់​មានច្បាប់​អនុញ្ញាត ប្រកប​អាជីវកម្ម​នៅឡើយ
-​ការ​ផលិត កែ​ច្នៃ វេច​ខ្ចប់ មិន​ទាន់​បាន​សម​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​ផ្នែក​អនាម័យ
-​ទីតាំង​ផលិត មិន​ទាន់​សម​ស្រប និង​គ្មាន​អនាម័យ
-​ផលិតផល ពុំ​ទាន់​អនុវត្ត​បាន​លក្ខខណ្ឌ នៃ​ការ​វេច​ខ្ចប់ ។

ក្នុង​ឱកាស​នោះ មន្ត្រី​ជំនាញ​បាន​អប់រំ ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​មក​ឱ្យ​កែតម្រូវ នូវ​ចំណុច​ខ្វះខាត ដែល​មន្ត្រី​ជំនាញ​បាន​រក​ឃើញ និង​បាន​ណែនាំ​អំពី​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​ផលិត ម្ហូបអាហារ ដើម្បី​ឱ្យ​មាន​សុវត្ថិភាព​សម្រាប់​អ្នក​បរិភោគ ។

ជាមួយ​គ្នា​នោះ​ដែរ មន្ត្រី​ជំនាញ​បាន​ដក​យក​គំរូ​ផលិតផល​មួយ​ចំនួន បញ្ជូន​ទៅ​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​ធ្វើការ​វិភាគ​ឡើង​វិញ ។

អគ្គ​.​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) សូម​អំពាវនាវ​ដល់​អ្នក​ផលិត អ្នក​កែ​ច្នៃ​ផលិតផល​ម្ហូបអាហារ​ទាំងអស់ សូម​ផលិត និង​កែ​ច្នៃ​ម្ហូបអាហារ អនុលោម​តាម គោលការណ៍​ច្បាប់ ស្តី​ពី​សុវត្ថិភាព​ម្ហូបអាហារ និង​លក្ខខណ្ឌ​តម្រូវ​នានា ដែល​កំណត់​ដោយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នឹង​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ជូន​អ្នក​ប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ