ខេត្តបាត់ដំបង ៖ ក្មេងប្រុសជំទង់ម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាលក្នុងឧប្បតិ្តហេតុជិះម៉ូតូបុកបង្គោលស្លាកចរាចរណ៍តាមដងផ្លូវពេញទំហឹងរហូតផ្លោងធ្លាក់ទឹកប្រឡាយ កាលពីវេលាម៉ោង១១យប់ថ្ងៃទី ១៧ តុលា នៅត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
លោក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ជើងគោកបានឲ្យដឹងថា ជនរងគ្រោះទាំង០២នាក់ ម្នាក់ឈ្មោះ វណ្ណា ដានូ ភេទប្រុស អាយុ១ឆ្នាំ (របួសស្រាល) និងឈ្មោះ រីន ណាវីន ភេទប្រុសអាយុ១៤ឆ្នាំ ទាំង០២នាក់រស់នៅភូមិពោធិ ឃុំរកា ស្រុកសង្កែ ។
លោក ចាន់ សុធី បានប្រាប់ថា ជនរងគ្រោះបានជួបគ្រោះថ្នាក់ដោយខ្លួនឯង ។ ជនរងគ្រោះទាំង០២នាក់បានជិះម៉ូតូលឿន ហើយពេលដល់ចំណុចកើតហេតុមានផ្លូវកោង ទំនងបក់មិនទាន់ក៏ជ្រុលទៅបុកបង្គោលចរាចរណ៍ដែលគេដាក់ជាសញ្ញាផ្លូវកោង ផ្លោងធ្លាក់ទឹកប្រឡាយស្លាប់ម្នាក់ និងរបួសម្នាក់ ។
បើតាមសាក្សីបាននិយាយថា ជនរងគ្រោះទាំង០២នាក់បានជិះម៉ូតូឌុបគ្នាមកពីទិសខាងជើង ទៅខាងត្បូង ក្នុងល្បឿនលឿនគួរសម ។ ប្រភពដដែលបានបញ្ជាក់ថា ពេលដល់ចំណុចកើតហេតុ ដែលមានស្ថានភាពផ្លូវកោងបត់ស្ដាំជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅត្រង់បុកបង្គោលចរាចរណ៍រហូតផ្លោងធ្លាក់ទឹកតែម្ដង ។
អ្នកភូមិបានរត់ទៅជួយអន្តរាគមន៍ភ្លាមៗដែរ តែគ្រានោះគេឃើញក្មេងប្រុសម្នាក់បានស្លាប់ទៅហើយ រីឯម្នាក់ទៀតជាអ្នកឌុបរងរបួសស្រាល ។ លោក ចាន់ សុធី នាយការិយាល័យចរាចរណ៍បានបញ្ជាក់ថា ក្រោយទទូលបានសេចក្ដីរាយការណ៍មន្ត្រីជំនាញបានចុះទៅកាន់ចំណុចគ្រោះថ្នាក់ភ្លាមដែរ ។
ជាមួយគ្នានោះមន្ត្រីជំនាញក៏បានទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះទាំង០២នាក់ ដើម្បីមកទទូលយកសពជនរងគ្រោះ រីឯអ្នករបួសត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ។ លោកបានបញ្ជាក់បន្ថែមថា បើតាមការពិនិត្យចំណុចគ្រោះថ្នាក់ និងបានសួរនាំជនរងគ្រោះដែលរងរបួស គឺជនរងគ្រោះបានជិះម៉ូតូបង្កគ្រោះថ្នាក់ខ្លួនឯង៕
ចែករំលែកព័តមាននេះ