ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​៖ ការ​ការពារ​រាជរដ្ឋាភិបាល​ពី​ការ​មួលបង្កាច់​ជា​តួនាទី​របស់​យើង​ទាំងអស់​គ្នា

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា ការ​ការពារ​រាជរដ្ឋាភិបាល​ពី​ការ​មួលបង្កាច់ គឺជា​តួនាទី​របស់​យើង​ទាំងអស់​គ្នា ។ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖​ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា ការ​ការពារ​រាជរដ្ឋាភិបាល​ពី​ការ​មួលបង្កាច់ គឺជា​តួនាទី​របស់​យើង​ទាំងអស់​គ្នា ។

ឯកឧត្តម ប៉ែន បូ​ណា បាន​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី «​ប្រសិទ្ធភាព​នៃ​ការងារ​ព័ត៌មាន​និង​នាំពាក្យ​»​ជូន​ដល់​មន្ត្រី និង​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤​យ៉ាង​ដូច្នេះ ៖

«​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ការ​លះបង់​ដ៏​ធំធេង​បំផុត​របស់​ថ្នាក់ដឹកនាំ​នៃ​យើង បាន​ធ្វើ​ឱ្យ​កម្ពុជា​មានការ​ប្រែប្រួល​ខុស​គ្នា​ស្រឡះ​រវាង​អតីតកាល និង​បច្ចុប្បន្នកាល ហើយ​កំពុង​បោះ​ជំហាន​ឆ្ពោះទៅ​អនាគតកាល​ប្រកបដោយ​ក្តី​សង្ឃឹម​»​។

ឯកឧត្តម ប៉ែន បូ​ណា បន្ត​គូស​រំលេច​ទៀត​ថា សមិទ្ធផល​ដែល​យើង​មាន​សព្វថ្ងៃ​មាន​ទំហំ​ធំធេង​ណាស់ សម្រាប់​ប្រទេស​ដ៏​កំសត់​របស់​យើង ។ ដូច្នេះ ការ​ការពារ​រាជរដ្ឋាភិបាល​ពី​ការ​មួលបង្កាច់​ពី​សំណាក់​ក្រុម​ជ្រុលនិយម និង​បណ្តាញឃោសនា​បម្រើ​ផលប្រយោជន៍​បរទេស គឺជា​តួនាទី​របស់​យើង​ទាំងអស់​គ្នា​ដែល​ជា​មន្ត្រី​អ្នកនាំពាក្យ​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន និង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថ កិច្ច​គ្រប់​លំដាប់ថ្នាក់ ។ ការ​ការពារ​រាជរដ្ឋាភិបាល​ពី​ការ​មួលបង្កាច់​មាន​ន័យ​ថា យើង​ការពារ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​មាន​ប្រសាសន៍​ទៀត​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​ដឹកនាំ​ដោយសម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​និង​កំពុង​បន្ត​រក្សាសុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​ដើម្បី​កសាង​សមិទ្ធផល​ថ្មី​ៗ​បន្ថែម​ទៀត សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ក្នុង​ទិស​ដៅ​សម្លឹង​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ ។

ផ្ទុយ​ទៅ​វិញ មាន​ក្រុម​ជ្រុលនិយម​មួយ​ចំនួន​ដែល​មិន​បាន​កសាង​សមិទ្ធផល​អ្វី​សោះ តែ​បែរជា​អង្គុយ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ បំផ្លើស​បំភ្លៃ និង​មួលបង្កាច់​ដើម្បី​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​សំដៅ​រារាំង​ដំណើរការ​អភិវឌ្ឍ​ជាតិ​ទៅ​វិញ​។ ដូច្នេះ តួនាទី​របស់​យើង គឺ​ការពារ​សមិទ្ធផល​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល​ដោយ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​មួលបង្កាច់ ឬ​កាឡៃ​តាម​ទំនើង​ចិត្តជា​ដាច់ខាត ។

បើ​តាម​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក្រុម​ជ្រុលនិយម​ដែល​ចាំ​រារាំង​ដំណើរការ​កសាង​ប្រទេស​មានការ​រៀបចំ​ជា​បណ្តាញ​ប្រទាក់ក្រឡា​គ្នា ពោល​គឺ​មាន​អ្នក​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ មាន​អ្នក​ជួយ​បំពង​សំឡេង​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យល់​ច្រឡំ​មក​លើ​រាជរដ្ឋាភិបាល និង​មាន​អ្នក​ចាំ​ជួយ​ការពារ​នៅ​ពេល​មាន​វិធានការ ឬ​ចំណាត់ការ​ផ្លូវច្បាប់​ជាយថាហេតុ ។ ដូច្នេះ ទន្ទឹម​នឹង​ការ​ការពារ​រាជរដ្ឋាភិបាល ពី​ការ​មួលបង្កាច់ យើង​ក៏​ត្រូវ​ប្រាប់​ប្រជាពលរដ្ឋ​យើង​ឱ្យ​បានដឹង​អំពី​រឿង​នេះ​ផង​ដែរ ជា​ពិសេស យុវជន​ដើម្បី​កុំឱ្យ​ពួក​គេ​ជឿ​ការ​ឃោសនា​ភូត​កុហក និង​កុំឱ្យ​ធ្លាក់ខ្លួន​ជា​ឈ្នាន់​នយោបាយ​ដ៏​គ្រោះថ្នាក់ ។

ឯកឧត្តម ហន ភក្តី អភិបាលរង​ខេត្តកំពង់ស្ពឺ តំណាង​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិ បាល​នៃ​គណៈ​អភិបាលខេត្ត​បាន​គូសបញ្ជាក់​ថា ការងារ​ព័ត៌មាន និង​សាធារណ​មតិ គឺជា​កិច្ចការ​ដ៏​មាន​សារសំខាន់​ដែល​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​បំផុត ស្រប​ពេល​ដែល​ពិភពលោក​មានការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ងាយ​ទទួល និង​ផ្តល់​ព័ត៌មាន ពោល​គឺ​ការងារ​ព័ត៌មាន​អាច​ជួយ​ឲ្យ​យើង​មាន​ទំនាក់ទំនង​និង​យល់​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​រដ្ឋ​និង​ប្រជាជន ។

យ៉ាងណា​ក៏​ដោយ ជាមួយនឹង​ភាព​ងាយស្រួល​នេះ ក៏​យើង​សង្កេត​ឃើញ​ថា មាន​បញ្ហា​ជា​ច្រើន​ដែល​បាន​កើតមក​ជាមួយ​ដែរ ដូច​ជា បញ្ហា​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន អុចអាល និង​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ ដែល​ទាមទារ​ឲ្យ​យើង​មានការ​ប្រុង​ប្រយ័ត្ន ចេះ​គ្រប់គ្រង និង​ចេះ​ឆ្លើយ​តប ដើម្បី​ការពារ និង​រក្សា​តម្លៃ​នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល និង​តម្លៃ​របស់​រដ្ឋបាល​សាធារណៈ​របស់​យើង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ