ទីក្រុងម៉ូស្គូ៖ ថ្ងៃនេះ មានរឿងក្ដៅជាមួយគ្នាទៀតហើយរវាងរុស្ស៊ី និងអាមេរិកនៅលើឆាកនយោបាយអន្តរជាតិ និងសន្តិសុខសាកល។ បន្ទាប់ពីលេចឮល្ហៀងៗថាអាមេរិកត្រៀមដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីជប៉ុន រុស្ស៊ីព្រមានថាការដាក់ពង្រាយនុយក្លេអ៊ែរជាទម្រង់អង្គការណាតូនៅទ្វីបអាស៊ីនោះអាចនឹងនាំទៅដល់ការដួលរលំទាំងស្រុងនូវស្ថិរភាពនៅក្នុងតំបន់។ ខាងលើនេះជាការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីម៉ារីយ៉ា សាការ៉ូវ៉ា (Maria Zakharova)។
សូមរំលឹកថានៅមុនថ្ងៃស្បថចូលកាន់តំណែងរបស់ខ្លួន នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោកអ៊ីស៊ីបា បានប្រកាសអំពីផែនការកែសម្រួលគោលនយោបាយរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងនាមជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុត។ លោកថាទៅថ្ងៃមុខអាចនឹងបង្កើតអង្គការណាតូនៅទ្វីបអាស៊ី ហើយនឹងការអនុញ្ញាតឱ្យដាក់ពង្រាយកងទ័ពជប៉ុននៅទឹកដីអាមេរិកថែមទៀត។
យោងតាមការបង្ហើបឱ្យដឹងពីលោកអ៊ីស៊ីបា បក្សសម្ព័ន្ធយោធាថ្មីនេះអាចនឹងមានការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ (នៅលើទឹកដីជប៉ុន) ដើម្បីការពារប្រទេសជប៉ុនពីលទ្ធភាពនៃការវាយប្រហារពីសំណាក់ប្រទេសអមិត្ត។ ជាពិសេស នៅក្នុងកាលៈទេសៈដែលប្រទេសជិតខាងរបស់ជប៉ុនចំនួនបីសុទ្ធតែមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ។ នោះគឺចិន រុស្ស៊ី និងកូរ៉េខាងជើង។
ដូច្នេះ លោកស្រីសាការ៉ូវ៉ាបានដាក់ជាសំណួរថា «ចុះបើរឿងនេះកើតឡើងមែន (បង្កើតអង្គការណាតូអាស៊ី និងដាក់ពង្រាយនុយក្លេអ៊ែរនៅលើទឹកដីជប៉ុន) សួរថាតើនឹងមានអ្វីកើតឡើង? ចម្លើយដែលត្រឹមត្រូវគឺ «បញ្ហាសន្តិសុខនៅក្នុងតំបន់ដែលមានបញ្ហារ៉ាំរ៉ៃជាយូរមកហើយនោះនឹងដួលរលំទាំងស្រុង»។
តាមមើលទៅ រដ្ឋាភិបាលទីក្រុងតូក្យូបើទុកជាអនុវត្តនយោបាយនេះក៏ប្រហែលជាមិនធ្វើឡើងទាំងប្រញាប់ប្រញាល់ពេកនោះទេ។ មិនទាន់បានអីផង ឥណ្ឌា និងអាមេរិកចាប់ផ្ដើមខ្វែងគំនិតគ្នាជាបណ្ដើរៗហើយពាក់ព័ន្ធនឹងគម្រោងដាក់ពង្រាយនុយក្លេអ៊ែរនេះ។ ឥណ្ឌាជាសមាជិកក្រុមសម្ព័ន្ធមិត្តចតុភាគីខ្វតផង (Quad) ហើយក៏ជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីផងដែរ។
បន្ទាប់ពីមានប្រតិកម្មជាចំហពាក់ព័ន្ធនឹងគំនិតផ្ដួចផ្ដើមបង្កើតអង្គការណាតូនៅទ្វីបអាស៊ី និងការដាក់ពង្រាយនុយក្លេអ៊ែរនោះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកអ៊ីវ៉ាយ៉ា(Takeshi Iwaya) ថ្លែងថានេះគ្រាន់តែជាចក្ខុវិស័យឆ្ពោះទៅអនាគតតែប៉ុណ្ណោះ។ មានន័យថាប្រទេសទាំង២ អាមេរិក និងជប៉ុន មិនទាន់ដាក់ចេញយន្តការ ឬកិច្ចព្រមព្រៀងណាមួយនៅឡើយទេ៕
ចែករំលែកព័តមាននេះ