ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលថែ​ឪពុក​ម្តាយ​នៅ​ជីវិត​ចុង​ក្រោយ​! កូន​ៗ​កុំ​ទម្លាក់​ដាក់​គ្នា

1 ថ្ងៃ មុន
  • ភ្នំពេញ

ឪពុក​ម្តាយចិញ្ចឹម​កូន​មួយ​ហ្វូង​រស់ ប៉ុន្តែ​កូន​ៗ​មួយ​ហ្វូង​ គឺ​ពិបាក​ចិញ្ចឹម​ឪពុក​ម្តាយ រហូត​ដល់​ទម្លាក់​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​។ នេះ​គឺជា​សេចក្តី​ពិត​មួយ ​នឹង​ជា​អ្វី​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​វាលវដ្តសង្សារ​របស់​មនុស្សជាតិ ហើយ​មិនតែប៉ុណ្ណោះ ​កូន​ៗ​មួយចំនួន​មិន​ត្រឹមតែ​មិន​មើលថែ​ឪពុក​ម្តាយ​ទេ គឺ​ថែម​ទាំង​មើលបំណាំ​គ្នា​ថែម​ទៀត ។…

ឪពុក​ម្តាយចិញ្ចឹម​កូន​មួយ​ហ្វូង​រស់ ប៉ុន្តែ​កូន​ៗ​មួយ​ហ្វូង​ គឺ​ពិបាក​ចិញ្ចឹម​ឪពុក​ម្តាយ រហូត​ដល់​ទម្លាក់​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​។ នេះ​គឺជា​សេចក្តី​ពិត​មួយ ​នឹង​ជា​អ្វី​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​វាលវដ្តសង្សារ​របស់​មនុស្សជាតិ ហើយ​មិនតែប៉ុណ្ណោះ ​កូន​ៗ​មួយចំនួន​មិន​ត្រឹមតែ​មិន​មើលថែ​ឪពុក​ម្តាយ​ទេ គឺ​ថែម​ទាំង​មើលបំណាំ​គ្នា​ថែម​ទៀត ។

នៅ​ពេល​ដែល​ឪពុក​ម្តាយ​មាន​កម្លាំង​មាន​ចំណូល​មិន​ទាន់​ឈឺ ជា​ទូទៅ​កូន​ៗ​ជា​ច្រើន ​គឺ​ដណ្តើម​គ្នា​យក​ឪពុក​ម្តាយ​ទៅ​នៅ​ជាមួយ ឫ​ព្យាយាម​នៅ​ជាមួយ និង​ពួក​អ្នក​មានគុណ​ទាំង​ពីរ នៅ​ក្នុង​គោល បំណង​គឺទទួល​បាន​ពុំនាក់​និង​ភាព​កក់ក្តៅ ហើយ​ក៏​បង្កប់​នូវ​គំនិត ​និង​ទស្សនៈ​សួនតួ​និយម​ដោយ​យក​ឪពុក​ម្តាយ​ជួយ​មើលថែ​ទាំ​ចៅ​ៗ​ដែល​ជា​កូន​របស់​ពួក​គេ​ដោយសារ​តែ​ខ្លួន​ជាប់​ធ្វើ​ការងារ ជាប់​រកស៊ី ឫ​ប្រកប​របរ​ចិញ្ចឹមជីវិត​ផ្សេង​ៗ​។

ប៉ុន្តែ​បញ្ហា​វា​កើត​មាន នៅ​ពេល​ដែល​ពួក​គាត់​ឈឺ​លែង​មាន​កម្លាំងកំហែង ។ មក​ដល់​ពេល​នេះ មាន​សង្គម​គ្រួសារ​ជា​ច្រើន​ដែល​កំពុង​តែ​ជួប​បញ្ហា​នេះ ។ នៅ​ពេល​ដែល​ពូក​គាត់​មាន​លុយ​មាន​កម្លាំង​កូន​ៗ​ជា​ទូទៅ​ផ្តុំ​ក្បាល​គ្នា​ទទួល​ភាព​កក់ក្តៅ​ពី​ពួក​គាត់​ទាំង​ពីរ ប៉ុន្តែ​ដល់​ពេល​ដែល​លោក​ទាំង​ពីរ​ធ្លាក់ខ្លួន​ឈឺ​គឺ​ចែក​ជើង​គ្នា ហើយ​ដាក់​មានគំនិត​និង​ទស្សនៈ​លើកដាក់​គ្នាថា ​ឪពុក​ម្តាយ​ស្រលាញ់​អា​ចៅ​នេះ​អា​ចៅ​នោះ​ច្រើន ហើយ​ឪពុក​ម្តាយ​ចែក​កេរ្តិ៍​អានោះ​តិច អានោះ​ច្រើន …​ជាដើម​ហើយ​ចុង​ក្រោយ​គឺ​ព្យាយាម​រលាស់ដៃ​ចេញពី​ពួក​គាត់ ។

នៅ​ក្នុង​នាម​ជា​កូន​ដែល​ធ្លាប់​បាន​ទទួល​នូវ​ព្រហ្ម​វិហារធម៌​ពី​ឪពុក​ម្តាយ ទោះបីជា​មិន​អាច​ចិញ្ចឹម​ពូក​គាត់ រស់​ជា​អមតៈ​ក្តី ប៉ុន្តែ​នៅ​ក្នុង​ឆាកជីវិត​ចុង​ក្រោយ​ជា​ពិសេស​គឺ​នៅ​ក្រោយ​ពេល​ដែល​គាត់​ជរា​ព្យាធិ យើង​គួរ​ណាស់​តែ​ពិភាក្សា​គ្នាជជែក​គ្នា ហើយ​ជួយ​គ្នា​មើលថែ​ និង​ទំនុកបម្រុង​ពួក​គាត់​ទាំង​ទ្វេរ​។

យើង​ត្រូវធ្វើ​យ៉ាងណា​ ឲ្យពួក​គាត់​អាច​រស់នៅ​នៃ​ជីវិត​ចុង​ក្រោយ​ ទោះបីជា​មិន​បរិបូរណ៍ តែ​យ៉ាង​ហោច​ណាស់​ អាហារ​បី​ពេល​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​នៅ​ពេល​ដែល​គាត់​មាន​ជំងឺ​គួរ​ណាស់​តែ​ចេះ​ជួយ​គ្នា​ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ព្យាបាល​ក៏​ដូច​ជា សម្រួល​កុំអោយ​គាត់​មានការ​ឈឺចាប់ ។

នៅ​ក្នុង​នាម​ជា​ឪពុក​ម្តាយ​ស្រលាញ់​កូន​ស្មើ​ៗ​គ្នា​មិន​ថា ស្រលាញ់​អា​ពៅ​ខ្លាំង អា​បង​តិច ឫ​អា​កណ្តាល​ល្មម​នោះ​ទេ​។ នៅ​ក្នុង​ទឹកចិត្ត​របស់​ពួក​គាត់​ភាគច្រើន​គឺ​ស្មើ​ៗ​គ្នា គ្រាន់តែ​ថា ប្រសិនបើ​គាត់​មើលឃើញ​កូន​ណា រាង​យ៉ាប់​ជាងគេ​បន្តិច​ក៏​មានចិត្ត​អាណិត​និង​យកចិត្តទុកដាក់​លើ​កូន​នោះ​ខ្លាំង​បន្តិច​។

កុំ​ច្រណែន កុំ​តូចចិត្តតូចថ្លើម កុំ​ប្រកាន់ទោស​អូស​ដំណើរ​នៅ​លើ​រឿង​នេះ នៅ​ក្នុង​ករណី​លោក​ទាំង​ពីរ​ឈឺ ឫក៏​នរណា​ម្នាក់​ឈឺ​។ ប្រសិនបើ​យើង​ជា​កូន​មាន​ធនធាន​មាន​សមត្ថភាព​គួរតែ​ជួ​យស​ម្រូ​ល​រឿង​ថ្លៃ​ព្យាបាល ឲ្យ​ច្រើន​ជាងគេ​បន្តិច​ទៅ ហើយគ្នា​ដែល​អត់​ឫ​ខ្សត់ខ្សោយ​ជាងគេ​អាច​ជួយ​ជា​កម្លាំង ផ្សំ ប៉ុន្តែ​បើ​មាន​ធនធាន និង​មាន​ស្ថានភាព​ជីវភាព​ប្រហាក់ប្រហែល​គ្នា​នោះ​ទេ គួរតែ​ចែក​ស្មើ​ៗ​គ្នា​ជា​ចំណែក​លើ​ការ ចំណាយ​ថែ​ទាំង​សុខភាព​ពួក​គេ​ទៅ ។

នៅ​ក្នុង​ករណី​លោក​ទាំង​ពីរ​មាន​ជំងឺ​ត្រូវការ​សង្គ្រោះ​ដោយ​ការ​វះកាត់​ដែល​ចំណាយ​លុយកាក់​ច្រើនកូន​ៗ គួរតែ​ពិភាក្សា​គ្នា​នៅ​ក្នុង​ចំណោម​បងប្អូន​។ ប្រសិនបើ​ម្នាក់​ៗ​មាន​បន្ទុក​ថ្លៃ​ជីវភាព​គ្រួសារ ច្រកចេញ​គឺ​មាន​តែ​ស្វះ​ស្វែងរក​ឥណទាន​ពី​ស្ថាប័នហិរញ្ញវត្ថុ ហើយ​នៅ​ពេល​នោះ គួរតែ​ចែក​គ្នា​ជួយ​សង​តាម​ចំណែក​ដើម្បី​កុំអោយ​បន្ទុក​លើ​ម្នាក់​ៗ វា​ធ្ងន់​ហើយ​ព្យាយាម​ធ្វើ​យ៉ាង ជួយ​ឲ្យ​លោក​ទាំង​ពីរ​មើលឃើញ​ការ​សាមគ្គីគ្នា នៅ​ក្នុង​ចំណោម​កូន​ៗ ហើយ​លោក​ទាំង​ពីរ​ក៏​ប្រហែលជា​ចង់​ឃើញ​លទ្ធផល​នៃ​ព្រហ្ម​វិហារធម៌ និង ការ​លះបង់​ដើម្បី​កូន​ៗ​របស់​ពួក​គាត់ ។

សរុប​មក​វិញ កូន​ៗ​ម្នាក់​ៗ គ្មាន​នរណា​អាច​មាន​សមត្ថភាព​ចិញ្ចឹម​ឪពុក​ម្តាយ​ឲ្យ​រស់​អមតៈ​បាន​ឡើយ ប៉ុន្តែ​មុន​នឹង​ពេល​ដែល​លោក​ទាំង​ពីរ​លា​ទៅ​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​គឺ​នរណា​ក៏​ដូច​ជា​នរណា​ចង់​ឃើញ​កូន​ចង់​ចៅ​ផ្តល់​ភាព​កក់ក្តៅ​និង​ជីវិត​សមរម្យ​ជូន​ពួក​គាត់ ។ កូន​គ្រប់​គ្នា​មិន​គួរ​អោយ​ឪពុក​ម្តាយ​ស្រក់​ទឹកភ្នែក នៅ​ក្នុង​ជីវិត​ចុង​ក្រោយ​របស់​ពួក​គាត់​ឡើយ​។ ដូច្នេះ កូន​ត្រូវ​តែ​រួម​គ្នា​មើលថែ​ពួក​គាត់​អោយ​បាន​ល្អ​កុំអោយ​ស្តាយក្រោយ​ក្នុង​ជីវិត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ