ខេត្តបាត់ដំបង ៖ ជនជាតិខ្មែរចំនួន០៥នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១៥ តុលា បន្ទាប់ពីត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីសប្ដាហ៍មុនដែលជាប់សង្ស័យថា បានបង្ខាំងជនជាតិចិនម្នាក់ដោយខុសច្បាប់ ហើយថែមទាំងព្យាយាមចាប់ពង្រត់តាមរថយន្តបញ្ជូនចេញពីកន្លែងមួយទៅកាន់កន្លែងមួយទៀត ក្នុងគោលបំណងប្រព្រឹត្តអំពើទុច្ចរិត ។
តាមរយៈរបាយការណ៍លោក ឈឿង គឹមសុង សុ្នងការរងដែលបានដឹកនាំកម្លាំងជំនាញចុះកិច្ចប្រតិបត្តិការនេះក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្តបានឲ្យដឹងថា ជនជាតិខ្មែរទាំង០៥នាក់ដែលត្រូវបញ្ជូនទៅកាន់តុលាការនោះមាន ៖ ១.ឈ្មោះ ហូ ថៃប្រសិទ្ធ ប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ (អ្នកបើកបររថយន្ត) ២.ឈ្មោះ នុត និមល ប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិព្រៃកកំពឹស សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ ៣.ឈ្មោះ ភឹម ច័ន្ទសិលា ប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ៤.ឈ្មោះ ហៀង ម៉េង ប្រុសអាយុ៤៣ឆ្នាំ នៅខេត្តកំពង់ស្ពឺ (ជន០៣នាក់នេះ ជាអ្នកជិះអមជនជាតិចិន) និង៥.ឈ្មោះ ស៊ាត គឹមហេង ប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល នៅភូមិ៤ សង្កាត់៤ ក្រុង និងខេត្តព្រះសីហនុ (ជាមេខ្លោង អ្នករៀបចំផែនការបង្ខាំ.ង និងចាប់ពង្រត់ជនជាតិចិន) ដោយឡែកជនជាតិ ដែលត្រូវជនជាតិខ្មែរទាំង៥នាក់ចាប់បង្ខាំ.ងនោះឈ្មោះ LI JIAN ប្រុស អាយុ៤១ឆ្នាំ គ្មានកន្លែងស្នាក់នៅពិតប្រាកដទេ ។
ប៉ុន្តែលោក ឈឿង គឹមសុង បានប្រាប់ថា ជនជាតិចិនម្នាក់នេះត្រូវបានជនជាតិខ្មែរខាងលើចាប់បង្ខាំងនៅក្រុងបវិត ខេត្តស្វាយរៀង អស់រយៈពេល៤យប់៤ថ្ងៃ ទើបបញ្ជូនតាមរថយន្តទូរីសមួយគ្រឿងចេញពីក្រុងបវិត ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងចេតនាទុច្ចរិត តែចៃដន្យត្រូវកម្លាំងរបស់លោក សហការជាមួយកម្លាំងជំនាញតាមបណ្ដាស្រុកនានា ជាប់ផ្លូវជាតិលេខ៥ ស្តាប់ចាប់បាន ក្រោយពីមានការផ្ដល់ពីនាយកដ្ឋាននៃក្រសួងមហាផ្ទៃ ។
បើតាមរបាយការណ៍ដដែល ករណីជនជាតិខ្មែរមួយក្រុមចាប់ពង្រត់ជនជាតិចិនខាងលើនេះត្រូវបានកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយកម្លាំងជំនាញនៃអធិការស្រុកសង្កែ ក្រោមនការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត និងដឹកនាំកម្លាំងចុះកិច្ចប្រតិបត្តិការដោយលោក ឈឿង គឹមសុង ស្នងការរង ស្ទាក់ចាប់បាន កាលពីវេលាម៉ោង៦និង៤៨នាទីយប់ ថ្ងៃទី១០តុលា នៅលើកំណាត់ផ្លូវជាតិលេខ៥ (ផ្លូវហាយវេ) ត្រង់ចំណុចភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ។
ក្រុមជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយស្ដារិច ប្រភេទ១២កៅអី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-8138 ។ ពេលដែលសមត្ថកិច្ចស្ទាក់ជាប់ក្នុងគោលដៅ គេរកឃើញនៅក្នុងរថយន្តនោះជិះគ្នា០៥នាក់ ក្នុងនោះមានជនជាតិខ្មែរ០៥នាក់ ក្នុងនោះមានជនជាតិខ្មែរ០៤នាក់ (រាប់ទាំងតៃកុង) និងជនជាតិចិនម្នាក់ ដែលត្រូវជនជាតិខ្មែរជិះអមសង្ខាងយ៉ាងប្រុងប្រយ័ត្នបំផុត ។
បើតាមលោក ឈឿង គឹមសុង ដែលបានសាកសួរជំហ៊ានដំបូងគេមិនអាចស្ដាប់ភាសារចិនបានទេ រីឯជនជាតិចិនវិញ បានត្រឹរមងក់ក្បាល គ្រវីក្បាលតែប៉ុណ្ណោះ ខណៈជនជាតិខ្មែរទាំងតៃកុងទាំងអ្នករួមដំណើរបានប្រាប់ថា ពួកគេធ្វើដំណើទៅកាន់ក្រុងប៉ោយប៉ែត ។
លោកគឹម សុង បានបញ្ជាក់ថា ដោយមានការសង្ស័យ ហើយថែមទាំងមានតម្រុយពីនាយកដ្ឋានថា មានរថយន្តដែលមានភិនភាគបែបនេះបានចាប់ពង្រត់ជនជាតិចិនម្នាក់ចេញពីក្រុងបវិត ដឹកឆ្ពោះទៅក្រុងប៉ោយប៉ែត ទើបលោកសុំគោលការណ៍លោកស្នងការខេត្តនាំរថយន្ត និងអ្នកជិះទាំងអស់ទៅកាន់ស្នងការដើម្បីសាកសួរ ។ នៅពេលនោះ លោកបានហៅអ្នកបកប្រែភាសារចិនមកសួរនាំទើបដឹងថា ជនជាតិចិនរូបនេះ ត្រូវគេចាប់ពង្រត់ពីក្រុងបវិត ទៅក្រុងប៉ោយប៉ែតមែន ហើយស្នើរគោលការណ៍លោកស្នងការ និង លោកព្រះរាជអាជ្ញា ដើម្បីឃាត់ខ្លួនយកគេជាបណ្ដោះអាសន្នតែម្ដង ។
បើតាមចម្លើយជនជាតិចិន ដែលត្រូវសមត្ថកិច្ចដកស្រង់សម្ដីបានឲ្យដឹងថា ខ្លួនត្រូវគេចាប់បង្ខាំ.ងទុកនៅក្រុងបវិត ខេត្តស្វាយរៀង ចំនួន៤យប់ ៤ថ្ងៃកន្លងមកហើយ មុនពេលគេបញ្ជូនខ្លួនចេញមក ។ សមត្ថកិច្ចបានស្រង់សម្ដីជនជាតិចិននេះទៀតថា ខ្លួនត្រូវគេចាប់បង្ខាំង ក្នុងគោលបំណង«ជំរិតយកប្រាក់» ។ ហើយពេលនេះគេចាប់បង្ខំឲ្យឡើងរថយន្ត តែមិនដឹងថាគេនាំយកទៅណាទេ ។
ដោយឡែកក្រុមជនជាតិខ្មែរ០៤នាក់ រាប់តាំងអុ្នកបើកបររថយន្តផងបានផ្ដល់ចម្លើយដូចៗគ្នាថា ពួកគេបានដឹកជនជាតិចិនម្នាក់នេះចេញពីក្រុងបវិត ខេត្តស្វាយរៀង ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ហើយផែនការនេះ គឺធ្វើតាមការរៀបចំរបស់ឈ្មោះ ស៊ាត គឹមហេង ជាជនជាតិខ្មែរ រស់នៅខេត្តព្រះសីហនុ ដែលជាអ្នកបង្គាប់បញ្ជាឲ្យពួកខ្លួនដឹកជនជាតិចិនម្នាក់នេះ ។
លោក ឈឿង គឹមសុង បានបញ្ជាក់ដែរថា តាមពិតការស្តាប់ចាប់រថយន្តបានភ្លាមៗ យើងបានឃាត់ខ្លួនមនុស្សនៅក្នុងរថយន្តនោះត្រឹមតែ០៥នាក់ រាប់ទាំងជនជាតិចិនម្នាក់ផង ដែលជាជនរងគ្រោះ ។ ប៉ុន្តែក្រោយពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យដែលអះអាងថា ឈ្មោះស៊ាត គឹមហេង ជាមេខ្លោងរៀបចំផែនការនេះ ទើបលោកសុំកោលការណ៍លោកស្នងការ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីតាមទៅឃាត់ខ្លួនមេខ្លោង ឈ្មោះ ស៊ាត គឹមហេង រហូតដល់ខេត្តព្រះសីហនុ ដោយមានការសម្របសម្រួល និងសហការផ្ទាល់ពីសមត្ថកិច្ចជំនាញនៃស្នងការខេត្តព្រះសីហនុផងដែរ ។
លោក ឈឿង គឹមសុង បាននិយាយដែរថា សំរឿងនេះត្រូវបានពន្យារពេលយូរបន្តិច ដោយសារតែយើងធ្វើការស្រាវជ្រាវ ដើម្បីឈានទៅរកចាប់ខ្លោងនៅខេត្តព្រះសីហនុ ។ លោកបានបញ្ជាក់បន្ថែមថា បើតាមការផ្ដល់ព្រឹត្តិហេតុខ្លះៗពីនាយកសដ្ឋាន និងយោងលើចម្លើយសារភាពរបស់ក្រុមជនសង្ស័យជនជាតិខ្មែរទាំង០៥នាក់ ថែមទាំងស្ដាប់ចម្លើយបំភ្លឺពីជនជាតិចិនដែលរងគ្រោះផង យើងអាចសន្និដ្ឋានបឋមទៅលើក្រុមជនជាតិខ្មែរទាំង០៥នាក់ ពួកគេអាចត្រូវជាប់សង្ស័យពីបទ«ចាប់បង្ខាំងមនុស្សដោយខុសច្បាប់»។
លោកបានប្រាប់ថា ពេលនេះយើងបានដោះលែងជនជាតិចិនឲ្យត្រឡប់ទៅវិញ តែជនសង្ស័យចំនួន០៥នាក់ ជាជនជាតិខ្មែររាប់ទាំងមេខ្លោងនៅខេត្តព្រះសីហនុផងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ ដោយយោងតាមបទបបញ្ជាលោកស្នងការ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ ប៉ុន្តែតាមគោលការណ៍លោកស្នងការយើងនៅតែធ្វើការស៊ើបអង្កេតបន្តទៀត ព្រោះគេនៅតែសង្ស័យថា «សំណុំរឿងនេះ អាចមានមេខ្លោងធំជាងនេះ ជាអ្នករៀបគម្រោងចាប់បង្ខាំងជនជាតិចិនចូបនេះ ក្នុងចេតនាប្រព្រឹត្តបទឧក្រិ.ដ្ឋ»៕
ចែករំលែកព័តមាននេះ