រាជធានីភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៤ ប្រវែងប្រមាណ១គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវរថភ្លើង ឆ្លងកាត់ខ្សែរាជធានីភ្នំពេញ-ខេត្តកំពត ទៅដល់មុខអតីតសាលាក្ដីខ្មែរក្រហម ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ
ត្រូវបានទឹកជំនន់ទឹកភ្លៀង ជន់លិចជារៀងរាល់ឆ្នាំ រយៈពេលមិនក្រោម១០ឆ្នាំនោះទេ ឲ្យតែដល់អំឡុងខែតុលា ពេលមេឃភ្លៀងធ្លាក់ខ្លាំង រាល់ថ្ងៃជាប់គ្នាមិនដាច់នោះ គឺធ្វើឲ្យទឹកចាល់ ហូរអត់ទាន់ គឺលិចហើយ ព្រមទាំងលិចចូលដល់ផ្ទះច្រើនខ្នង នៅអមសងខាងផ្លូវនោះ ថែមទៀតផង ។
អ្នករស់នៅតំបន់នោះ បានប្រាប់ថា នៅក្នុងខែតុលា ឆ្នាំ២០២៤នេះ ក៏មិនខុសពីឆ្នាំមុនៗនោះដែរ ផ្លូវជាតិលេខ៤នេះ ត្រូវបានទឹកជន់លិចជាច្រើនថ្ងៃមកហើយ ប៉ុន្តែប៉ុន្មានថ្ងៃមុន លិចខ្លាំង តែនៅខាងៗទេ ចំណែកទ្រូងផ្លូវ លិចតិចៗប៉ុណ្ណោះ។ ដោយឡែ នៅ៣ថ្ងៃចុងក្រោយនេះ លិចខ្លាំង ជាពិសេសនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ តែម្ដង មេឃបានធ្លាក់ភ្លៀង១មេ ខ្លាំងជាងរាល់ថ្ងៃថែមទៀត ដែលជាហេតុបណ្ដាលឲ្យទឹកលិចផ្លូវកាន់តែខ្លាំងឡើង គឺនៅកណ្ដាលទ្រូងផ្លូវ លិចត្រឹមស្មងជើង ចំណែកនៅកៀនខាងវិញ កន្លែងខ្លះលិចត្រឹមជង្គង់ និងកន្លែងខ្លះទៀតលិចដល់ត្រឹមភ្លៅ ក៏មានដែរ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ទឹកបានហូរមកពីតំបន់ជាច្រើន ចាក់ចូលទៅកាន់ប្រឡាយមេនៅតំបន់នោះ ជាពិសេសហូតមកពីភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្ដាលផងដែរ ចំណែកភ្លៀង ក៏ចេះតែបន្តធ្លាក់ជាប់រាល់ថ្ងៃ។ ទើបធ្វើឲ្យពេញប្រឡាយអមផ្លូវជាតិលេខ៤ រហូតដល់លិចប្រឡាយ និងហៀរហូរជន់លិចផ្លូវជាតិលេខ៤នោះ ត្រង់ចំណុចខាងលើនោះតែម្ដង។ មិនតែប៉ុណ្ណោះកំណាត់ផ្លូវជាតិលេខ៤នេះ ត្រង់ចំណុចខាងលើនោះ ហាក់ទំនាបខ្លាំងស្រាប់ផង ត្រូវបានទឹកភ្លៀងជន់លិច ជារៀងរាល់ឆ្នាំ និងលិចជាច្រើនឆ្នាំមកហើយ ពុំមែនទើបតែលិចនៅក្នុងឆ្នាំ២០២៤នេះ នោះទេ និយាយរួមឲ្យតែដល់អំឡុងខែតុលា នៅពេលមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នាច្រើនថ្ងៃ មិនដាច់នោះ គឺលិចហើយ ។
ប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់ផងដែរថា បើគ្មានភ្លៀងធ្លាក់បន្ត ទឹកនឹងឆាប់ស្រកទៅវិញទេ ត្រឹមតែ២ទៅ៣ថ្ងៃ ឬយ៉ាងយូរ ១អាទិត្យ ស្រកចេញអស់ពីផ្លូវ ធ្លាក់ចូលទៅក្នុងប្រឡាយវិញ តែបើកនៅតែធ្លាក់ភ្លៀងបន្តនោះ មិនងាយនឹងស្រកទេ ហើយលិចកាន់តែខ្លាំងឡើង ជាងនេះថែមទៀត ។ ប៉ុន្តែទោះបីជា ត្រូវទទួលរងការជន់លិចបែបនេះក្ដី នៅតែអាចឲ្យយានយន្តគ្រប់ប្រភេទ ធ្វើចរាចរទៅមកបានជាធម្មតា អាជ្ញាធរពុំទាន់មានការបិទផ្អាកចរាចរជាបណ្ដោះអាសន្ននៅឡើយទេ តែបានបង្កឲ្យមានការកកស្ទះចរាចរ។ ព្រោះតែអ្នកដំណើរទាំងរថយន្ត និងម៉ូតូព្រមទាំងយានជំនិះផ្សេងៗទៀត ដណ្ដើមគ្នា បើកបរធ្វើដំណើរនៅកណ្ដាលទ្រូងផ្លូវ ដែលទឹកលិចរាក់ជាងខាងៗ ប៉ុន្តែនៅវេលារសៀលថ្ងៃទី១២ ខែតុលា កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍កន្ទោក នៃអធិការដ្ឋានខណ្ឌកំបូល ក៏បានចុះទៅសម្រួលចរាចរនៅទីនោះភ្លាមៗផងដែរ ៕
ចែករំលែកព័តមាននេះ