ទីក្រុងវ៉ាស៊ីនតោន៖ លោកស្រីហារីសដែលជាអនុប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យបានផ្សព្វផ្សាយលិខិតបញ្ជាក់សុខភាពដែលចេញដោយគ្រូពេទ្យ។ លិខិតនោះបញ្ជាក់ថាលោកស្រីមានសុខភាពល្អប្រសើរណាស់ ហើយមានសមត្ថភាពពេញលេញដើម្បីរ៉ាប់រងធ្វើកិច្ចការរបស់ជាតិបើលោកស្រីឈ្នះឆ្នោតនៅអាណត្តិថ្មី។
នេះជាផ្នែក១នៃយុទ្ធសាស្ត្រយកប្រៀបនៅលើសមរភូមិឃោសនានយោបាយ និងដើម្បីទាក់ទាញការប្រៀបធៀបអំពីភាពខុសគ្នារវាងសុខភាពរបស់លោកស្រី និងលោកត្រាំដែលជាគូប្រជែងជាមួយគ្នា។ នៅក្នុងលិខិតដែលផ្សព្វផ្សាយដោយសេតវិមាននោះ វេជ្ជបណ្ឌិតចូសួ ស៊ីម៉ូន (Joshua Simmons) សរសេររៀបរាប់ថាលោកស្រីហារីសមានសុខភាពល្អប្រសើរណាស់។
មានន័យថាលោកស្រីអនុវត្តរបៀបរបបរស់នៅ (lifestyle) និងរបបអាហារបានល្អណាស់។ ទោះបីលោកស្រីមានកិច្ចការរវល់យ៉ាងមមាញឹកយ៉ាងណាក្ដី ប៉ុន្តែលោកស្រីបរិភោគអាហារដែលល្អចំពោះសុខភាព(healthy food) ខុសពីលោកត្រាំដែលចូលចិត្តបរិភោគអាហារឆ្អិនស្រាប់ទាន់ចិត្ត (junk food)។ ម៉្យាងទៀតលោកត្រាំមិនបរិភោគអាហារពេលព្រឹកទេ។ លោកស្រីហារីសទាស់តែបន្តិចទេ ពេលខ្លះមានបញ្ហាប្រតិកម្ម ឬអាលែកហ្ស៊ីទៅតាមការប្រែប្រួលអាកាសធាតុ និងមានបញ្ហាក្ដៅខ្លួនម្ដងម្កាល។
លោកស្រីមិនជក់បារីទេ ហើយបើទុកជាលោកស្រីទទួលគ្រឿងស្រវឹងក៏នៅក្នុងកម្រិតល្មម។ វេជ្ជបណ្ឌិតរូបនេះសរសេររៀបរាប់ថាលោកស្រីហារីសមានសមត្ថភាពរាងកាយ និងសមត្ថភាពខួរក្បាលរស់រវើក។ ទាំងនេះជាធាតុផ្សំដ៏សំខាន់ណាស់ក្នុងការបំពេញការងារជាប្រធានាធិបតី។ ធម្មតាប្រធានាធិបតីអាមេរិកត្រូវរ៉ាប់រងធ្វើកិច្ចការបីធំៗ៖ ជាប្រមុខរដ្ឋផង ប្រមុខរដ្ឋាភិបាលផង និងជាអគ្គបញ្ជាការកងទ័ពផង។ ដូច្នេះ ប្រធានាធិបតីអាមេរិកមានអំណាចខ្លាំងដោយសារទទួលបានសំឡេងទុកចិត្តដោយផ្ទាល់ពីប្រជាជនម្ចាស់ឆ្នោត។
លោកស្រីហារីសសព្វថ្ងៃនេះមានអាយុ៥៩ឆ្នាំត្រៀមប្រកួតប្រជែងទល់នឹងលោកត្រាំដែលមានវ័យ៧៨ឆ្នាំ។ គិតទៅអាយុខុសត្រូវគ្នារហូតដល់១៩ឆ្នាំសឹងតែស្មើនឹងឪពុក និងកូនស្រីទៅហើយ។ ជំនួយការរបស់លោកស្រីហារីសបង្ហើបឱ្យដឹងថាលោកស្រីសម្រេចចិត្តប្រកាសលទ្ធផលធ្វើតេស្តសុខភាពនេះជាសាធារណៈដើម្បីទាក់ទាញការចាប់អារម្មណ៍ពីប្រជាជនផង និងដើម្បីវាយលុកចំណុចខ្សោយរបស់លោកត្រាំដែលមិនហ៊ានបញ្ចេញរបាយការណ៍សុខភាពរបស់គាត់ជាសាធារណៈទេ។
សព្វថ្ងៃនេះ មានចំណុច២ដែលគេសម្លឹងមើលឃើញនៅមុនការបោះឆ្នោត។ ចំណុចទី១-យោងតាមលទ្ធផលស្ទង់មតិ បេក្ខជនទាំង២ទទួលបានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា ជួនកាលលទ្ធផលរបស់ក្រុម១បង្ហាញថាលោកស្រីហារីសនាំមុខបន្តិចបន្តួច និងជួនកាលលទ្ធផលស្ទង់មតិរបស់ក្រុម១ទៀតបង្ហាញថាលោកត្រាំនាំមុខវិញម្ដង។ ចំណុចទី២-ប្រជាជនអាមេរិកមិនតិចនាក់ទេដែលស្ថិតនៅក្នុងដំណាក់កាលរារែកចិត្ត មិនដឹងថាតើត្រូវបោះឆ្នោតឱ្យលោកត្រាំ ឬលោកស្រីហារីស។
ហេតុនេះ លោកស្រីហារីសសង្ឃឹមថាការផ្សព្វផ្សាយលទ្ធផលសុខភាពនេះអាចនឹងបញ្ចុះបញ្ចូលអ្នកដែលមិនទាន់សម្រេចចិត្តទាំងនោះងាកមកមកគាំទ្រលោកស្រី។ តាមពិត សុខភាពរបស់លោកត្រាំក៏មិនជាទ្រុឌទ្រោមអីណាស់ណាទេ។ កាលពីឆ្នាំ២០១៨ គ្រូពេទ្យប្រចាំសេតវិមានថ្លែងថាសុខភាពរបស់លោកត្រាំបើនិយាយជារួមគឺមានលក្ខណៈល្អប្រសើរ។ គ្រាន់តែថាគ្រូពេទ្យបានជូនយោបល់ឱ្យលោកត្រាំខិតខំបញ្ចុះទម្ងន់ខ្លះដើម្បីកុំឱ្យធាត់ពេក និងព្យាយាមហាត់ប្រាណជារៀងរាល់ថ្ងៃ៕
ចែករំលែកព័តមាននេះ