ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា ផ្លូវជាតិ​លេខ​៤ ពី​សង្កាត់​ចោម​ចៅ​ទី​៣ ទៅ​សង្កាត់​កន្ទោក ត្រូវ​ទឹក​លិច​រាល់​ឆ្នាំ

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវជាតិ​លេខ​៤ ប្រវែង​ប្រមាណ​១​គីឡូម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវ​រថភ្លើង ឆ្លងកាត់​ខ្សែ​រាជធានី​ភ្នំពេញ​-​ខេត្តកំពត ទៅ​ដល់​មុខ​អតីត​សាលាក្ដី​ខ្មែរក្រហម ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​កន្ទោក…

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវជាតិ​លេខ​៤ ប្រវែង​ប្រមាណ​១​គីឡូម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវ​រថភ្លើង ឆ្លងកាត់​ខ្សែ​រាជធានី​ភ្នំពេញ​-​ខេត្តកំពត ទៅ​ដល់​មុខ​អតីត​សាលាក្ដី​ខ្មែរក្រហម ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ
ត្រូវ​បាន​ទឹកជំនន់​ទឹកភ្លៀង ជន់​លិច​ជា​រៀង​រាល់​ឆ្នាំ រយៈពេល​មិន​ក្រោម​១០​ឆ្នាំ​នោះ​ទេ ឲ្យ​តែ​ដល់​អំឡុង​ខែតុលា ពេល​មេឃ​ភ្លៀង​ធ្លាក់​ខ្លាំង រាល់ថ្ងៃ​ជាប់​គ្នា​មិន​ដាច់​នោះ គឺ​ធ្វើ​ឲ្យ​ទឹក​ចាល់ ហូរ​អត់​ទាន់ គឺ​លិច​ហើយ ព្រមទាំង​លិច​ចូល​ដល់​ផ្ទះ​ច្រើន​ខ្នង នៅ​អម​សងខាង​ផ្លូវ​នោះ ថែម​ទៀត​ផង ។

អ្នក​រស់នៅ​តំបន់​នោះ បាន​ប្រាប់​ថា នៅ​ក្នុង​ខែតុលា ឆ្នាំ​២០២៤​នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​នោះ​ដែរ ផ្លូវជាតិ​លេខ​៤​នេះ ត្រូវ​បាន​ទឹក​ជន់​លិច​ជា​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃមុន លិច​ខ្លាំង តែ​នៅ​ខាង​ៗ​ទេ ចំណែក​ទ្រូងផ្លូវ លិច​តិច​ៗ​ប៉ុណ្ណោះ​។ ដោយ​ឡែ នៅ​៣​ថ្ងៃ​ចុង​ក្រោយ​នេះ លិច​ខ្លាំង ជា​ពិសេស​នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៤​នេះ តែ​ម្ដង មេឃ​បាន​ធ្លាក់​ភ្លៀង​១​មេ ខ្លាំង​ជាង​រាល់ថ្ងៃ​ថែម​ទៀត ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ទឹក​លិច​ផ្លូវ​កាន់តែ​ខ្លាំង​ឡើង គឺ​នៅ​កណ្ដាល​ទ្រូងផ្លូវ លិច​ត្រឹម​ស្មងជើង ចំណែក​នៅ​កៀន​ខាង​វិញ កន្លែង​ខ្លះ​លិច​ត្រឹម​ជង្គង់ និង​កន្លែង​ខ្លះ​ទៀត​លិច​ដល់​ត្រឹម​ភ្លៅ ក៏​មាន​ដែរ ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ទឹកបាន​ហូរ​មក​ពី​តំបន់​ជា​ច្រើន ចាក់​ចូល​ទៅ​កាន់​ប្រឡាយ​មេ​នៅ​តំបន់​នោះ ជា​ពិសេស​ហូត​មក​ពី​ភូមិសាស្ត្រ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ផង​ដែរ ចំណែក​ភ្លៀង ក៏​ចេះ​តែ​បន្ត​ធ្លាក់​ជាប់​រាល់ថ្ងៃ​។ ទើប​ធ្វើ​ឲ្យ​ពេញ​ប្រឡាយ​អម​ផ្លូវជាតិ​លេខ​៤ រហូត​ដល់​លិច​ប្រឡាយ និង​ហៀរហូរ​ជន់​លិច​ផ្លូវជាតិ​លេខ​៤​នោះ ត្រង់​ចំណុច​ខាងលើ​នោះ​តែ​ម្ដង​។ មិនតែប៉ុណ្ណោះ​កំណាត់​ផ្លូវជាតិ​លេខ​៤​នេះ ត្រង់​ចំណុច​ខាងលើ​នោះ ហាក់​ទំនាប​ខ្លាំង​ស្រាប់​ផង ត្រូវ​បាន​ទឹកភ្លៀង​ជន់​លិច ជា​រៀង​រាល់​ឆ្នាំ និង​លិច​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពុំ​មែន​ទើបតែ​លិច​នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ នោះ​ទេ និយាយ​រួម​ឲ្យ​តែ​ដល់​អំឡុង​ខែតុលា នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​គ្នា​ច្រើន​ថ្ងៃ មិន​ដាច់​នោះ គឺ​លិច​ហើយ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា បើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ត ទឹកនឹង​ឆាប់​ស្រក​ទៅ​វិញ​ទេ ត្រឹមតែ​២​ទៅ​៣​ថ្ងៃ ឬ​យ៉ាង​យូរ ១​អាទិត្យ ស្រក​ចេញ​អស់ពី​ផ្លូវ ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​វិញ តែ​បើក​នៅ​តែ​ធ្លាក់​ភ្លៀង​បន្ត​នោះ មិន​ងាយ​នឹង​ស្រក​ទេ ហើយ​លិច​កាន់តែ​ខ្លាំង​ឡើង ជាង​នេះ​ថែម​ទៀត ។ ប៉ុន្តែ​ទោះបីជា ត្រូវ​ទទួល​រង​ការ​ជន់​លិច​បែប​នេះ​ក្ដី នៅ​តែ​អាច​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ ធ្វើ​ចរាចរ​ទៅ​មក​បានជា​ធម្មតា អាជ្ញាធរ​ពុំ​ទាន់​មានការ​បិទ​ផ្អាក​ចរាចរ​ជា​បណ្ដោះអាសន្ន​នៅឡើយ​ទេ តែ​បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរ​។ ព្រោះតែ​អ្នកដំណើរ​ទាំង​រថយន្ត និង​ម៉ូតូ​ព្រមទាំង​យានជំនិះ​ផ្សេង​ៗ​ទៀត ដណ្ដើម​គ្នា បើកបរ​ធ្វើ​ដំណើរ​នៅ​កណ្ដាល​ទ្រូងផ្លូវ ដែល​ទឹក​លិច​រាក់​ជាង​ខាង​ៗ ប៉ុន្តែ​នៅ​វេលា​រសៀល​ថ្ងៃ​ទី​១២ ខែតុលា កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​កន្ទោក នៃ​អធិការដ្ឋាន​ខណ្ឌ​កំ​បូល ក៏​បាន​ចុះ​ទៅ​សម្រួល​ចរាចរ​នៅ​ទីនោះ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ