ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចង់​ស្វែង​យល់​ពី​ការ​គ្រប់គ្រង​តំបន់​ព្រៃ​លិច​ទឹក​នៅ​ទីក្រុង​ហឺ​ឡុ​ង​ជាំ​ង​ ប្រទេស​ចិន

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ប្រធាន​គណៈ​កម្ន​ការ​ទី​៥​នៃ​រដ្ឋសភា​បាន​បញ្ជាក់​ថា​កម្ពុជា​ចង់​ស្វែង​យល់​ពី​ការ​គ្រប់គ្រង​តំបន់​ព្រៃ​លិច​ទឹក​នៅ​ទីក្រុង​ហឺ​ឡុ​ង​ជាំ​ង​ប្រទេស​ចិន​។ ការ​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​កាលពី​ថ្ងៃ​ទី ១១ ខែតុលា​ឆ្នាំ ២០២៤​រវាង លោក វ៉ាង តា​វៃ…

រាជធានី​ភ្នំពេញ ​៖​ ប្រធាន​គណៈ​កម្ន​ការ​ទី​៥​នៃ​រដ្ឋសភា​បាន​បញ្ជាក់​ថា​កម្ពុជា​ចង់​ស្វែង​យល់​ពី​ការ​គ្រប់គ្រង​តំបន់​ព្រៃ​លិច​ទឹក​នៅ​ទីក្រុង​ហឺ​ឡុ​ង​ជាំ​ង​ប្រទេស​ចិន​។

ការ​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​កាលពី​ថ្ងៃ​ទី ១១ ខែតុលា​ឆ្នាំ ២០២៤​រវាង លោក វ៉ាង តា​វៃ ប្រធាន​គណៈប្រតិភូ​សភា​ខេត្ត​ហឺ​ឡុ​ង​ជាំ​ង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង លោក សួ​ស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន (​គណៈកម្មការ​ទី​៥) ។

នៅ​ក្នុង​ជំនួប​ភាគី​ទាំង​ពី​បាន​លើក​ឡើង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២ កម្ពុជា​-​ចិន តាំងពី​ជំនាន់​មុន​រហូត​មក​ដល់​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន ដែល​បាន​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ការទូត កាន់តែ​រឹង​មាំ​និង​ស៊ីជម្រៅ​ក្នុង​ការ​កសាង​សហគមន៍​ជោគវាសនា​រួម​ក្នុង​យុគសម័យ​ថ្មី​ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់ ដើម្បី​ជា​ច​លករ​ថ្មី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​ភាព​ជា​ដៃគូ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ជាក់ស្តែង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ច្រករបៀង​មច្ឆា​និង​អង្ករ​ជាដើម​។

ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា​កម្ពុជា​បាន​លើក​ឡើង​ថា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​ចិន កម្ពុជា​ខិតខំ​ប្រឹងប្រែង​ពង្រឹងគុណភាព និង​ស្តង់ដារ​ទំនិញ​កសិកម្ម ដើម្បី​ឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​យើង​កាន់តែ​ទូលំទូលាយ ព្រម​ជាមួយនឹង​ការ​ពង្រឹង​វិស័យ​ទេសចរណ៍ សាសនា​និង​វប្បធម៌ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​មក​ទស្សនា​សម្បត្តិ​វប្បធម៌​របស់​កម្ពុជា និង​សំណូមពរ​ឱ្យ​ភាគី​ចិន​ពិនិត្យ​ទៅ​លើ​ព័ត៌មាន​មិន​ពិត​មួយ​ចំនួន​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន និង​ដែល​អាច​ធ្វើ​ឱ្យ​ទេសចរ​ជនជាតិ​ចិន​មានការ​យល់​ច្រឡំ​អំពី​កម្ពុជា​។

ចំណែក​លោក វ៉ាង តា​វៃ​ក៏ បាន​លើក​ឡើង​ថា​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន​គឺជា​កិច្ចការ​អាទិភាព ជា​ពិសេស​កម្ពុជា ព្រោះ​ប្រជាជន​ចិន​ស្រឡាញ់​កម្ពុជា និង​អះអាង​ថា​អង្ករ​និង​កសិផល​កម្ពុជា​នឹង​មាន​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ខេត្ត​ហឺ​ឡុ​ង​ជាំ​ង​។ លោក​ក៏​បាន​ជម្រាប​ជូន​ផង​ដែរ​អំពី​សក្តានុពល​បច្ចេកវិទ្យា ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និង​វប្បធម៌ នៃ​ខេត្ត​ហឺ​ឡុ​ង​ជាំ​ង ជា​ពិសេស​សក្តានុពល​ភូមិសាស្ត្រ​ក្នុង​ខេត្ត​នេះ​ដែល​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ចិន មាន​ផ្ទៃដី​ប្រមាណ​៤៧​ម៉ឺន​ម៉ែត្រការ៉េ ដែល​ជិត​ពាក់កណ្តាល​នៃ​ផ្ទៃដី​នេះ​គ្របដណ្តប់​ទៅ​ដោយ​ព្រៃ​លិច​ទឹក និង​បាន​ក្លាយជា​តំបន់​ទេសចរណ៍​គួរ​ជាទី​ចាប់អារម្មណ៍​ជាមួយនឹង​ភាព​អស្ចារ្យ​នៃ​ចម្លាក់​ទឹកកក​។

ឆ្លៀតឱកាស​នេះ​ដែរ លោក​បាន គោរព​អញ្ជើញ​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​ហឺ​ឡុ​ង​ជាំ​ង ក្នុង​កំឡុង​ខែមករា​និង​ខែកុម្ភៈ ដែល​ជា​ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​ទស្សនា​ចម្លាក់​ទឹកកក​ស្នាដៃ​ល្អ​ឯក​របស់​ប្រជាជន​ចិន​។

ជា​ការ​ឆ្លើយ​តប​ប្រធាន​គណៈកម្មការ​ទី​៥ បាន​ទទួលយក​សំណើ​នេះ នឹង​ជម្រាប​ជូន​ថ្នាក់ដឹកនាំ​ក្នុង​ការ​ពិចារណា​ទៅ​ពេលវេលា​សម​ស្រប​ណាមួយ​។ លោក​ក៏​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ផង​ដែរ​ថា កម្ពុជា​មានព្រៃ​លិច​ទឹក​នៅ​តាម​តំបន់​បឹង​ទ​ន្ល​សាប​ប្រមាណ​ជា​៥០%​នៃ​ផ្ទៃ​ប្រទេស ដូច្នេះ​កម្ពុជា​មាន​បំណង​ចង់​ស្វែង​យល់​អំពី​ការ​អនុវត្ត​ល្អ ទាក់ទង​នឹង​វិស័យ​កសិកម្ម ព្រៃឈើ ទេសចរណ៍ និង​វប្បធម៌​នៅ​ខេត្ត​ហឺ​ឡុ​ង​ជាំ​ង និង​បាន​ស្នើ​ឱ្យ​សភា​ខេត្ត​ហឺ​ឡុ​ង​ជាំ​ង​ពិចារណា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ខេត្ត​ណាមួយ​នៃ​ប្រទេស​កម្ពុជា​លើ​វិស័យ​ដែល​ផ្តល់​ផលប្រយោជន៍​ឱ្យ​ប្រជាជន​ទាំង​សងខាង​។

សូម​ជម្រាប​ជូន​ថា គណៈប្រតិភូ​សភា​ដែល​ដឹកនាំ​ដោយ លោក វ៉ាង តា​វៃ អគ្គនាយករង​នៃ​គណ​:​ក​ម្មា​ធិ​ការ​ត្រួតពិនិត្យ និង​យុត្តិធម៌​នៃ​សភា​ប្រជាជន​ខេត្ត​ហី​ឡុ​ង​ជាំ​ង គឺជា​គណៈប្រតិភូ​ទី​១​ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា តាម​រយៈ​ការ​អនុវត្ត​នូវ​អនុស្សា​រណៈ​យោគយល់​គ្នា (MOU) រវាង​រដ្ឋសភា​កម្ពុជា​និង​សភា​ប្រជាជន​ចិន និង​ការ​ចុះ MOU រវាង​អគ្គលេខាធិការដ្ឋាន​នៃ​សភា​ប្រទេស​ទាំង​ពីរ ដែល​ធ្វើ​ឡើង​ក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ទៅ​កាន់​ប្រទេស​ចិន​កាលពី​ពេល​ថ្មី​ៗ​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ