រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ សំណាងល្អមិនបង្កអោយនរណារងរបួសនោះឡើយ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧និង៥០នាទីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដែលស្ថិតចំណុចផ្ទះលេខ៣៣ ផ្លូវលំ ក្រុមទី១៤ ភូមិអូអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៍មាន ពីពលរដ្ឋបានអោយដឹងថា គេធុំក្លិនឈ្ងៀម លាយលំមានផ្សែងខ្មៅ ហ៊ុយខ្មួលខ្មាញ់ ឆាបឆេះចេញពីបន្ទប់ឡៅតឿ ខាងក្នុងផ្ទះកើតហេតុ។ ស្របពេលនោះ ប្រជាពលរដ្ឋបានព្យាយាមជួយយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ដែរ ប៉ុន្តែដោយសារក្នុងផ្ទះសម្បូរ ទៅដោយផ្សែងច្រើនពេក មិនអាចចូលទៅបាញ់ពន្លត់បាន។ ភ្លាមៗ ពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកជួយអន្តរាគមន៍ភ្លាមៗ តែម្តង ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្រោយមានការរាយការណ៍ថា មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ លោកបានបញ្ជាអោយកម្លាំងពន្លត់អគ្គិភ័យ ដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរនោះ ។
អគ្គិភ័យខាងលើនេះ បានឆាបឆេះផ្ទះល្វែង ប្រភេទថ្មបេតុង ទំហំ ៤ម៉ែត្រ x ១២ម៉ែត្រ ឆេះបន្ទប់ជាន់ឡៅតឿ ចំនួន០១បន្ទប់, កុំព្យូទរយួរដៃចំនួន០១គ្រឿង រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០៥គ្រឿង រួមមាន ៖ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប និងរថយន្តរបស់សាលាខណ្ឌច្បារអំពៅ ចំនួន០១គ្រឿង បាញ់រហូតអោយរលត់ជាស្ថាពរ ។
ចំពោះមូលហេតុកើតមានអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ រកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ៕
ចែករំលែកព័តមាននេះ