ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកបៃដិន​អំពាវ​នាវ​ឱ្យ​អ៊ី​ស្រា​អែ​លឈប់​បា.ញ់​ទា​ហាន​ UN ​នៅ​លី​បង់

9 ម៉ោង មុន

ទី​ក្រុង​បេរូត៖ បន្ទាប់​ពី​អង្គ​ការសហ​ប្រជា​ជាតិ​​ស្រែក​ខ្លាំង​ៗអំពី​ករណី​ដែល​ទាហាន​អ៊ីស្រាអែល​បាញ់​ទៅ​លើ​មូល​ដ្ឋាន​របស់​កង​រក្សា​សន្តិ​ភាព​ក្រោម​ឆ័ត្រ​របស់​ UN ប្រចាំ​ប្រទេស​លីបង់ អ៊ីស្រាអែល​ធ្វើ​ផ្គើន​កាន់​តែ​ខ្លាំង និង​សម្រុក​បាញ់​ប្រហារ​ទៅ​លើ​ទីតាំង​របស់​ UN កាន់​តែ​ខ្លាំង​ដល់​ថ្នាក់​លោក​បៃដិន​ចេញ​មុខ​ធ្វើ​អន្តរា​គមន៍​​។​ ពួក​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​ខាង​ជើង​ប្រាប់​ថា​​អ៊ីស្រាអែល​​​វាយ​ប្រហារ​ខ្លាំងណាស់​​​បន្ទាប់​ពី​យន្ត​ហោះ​ចម្បាំង​​១​គ្រឿង​បាញ់​ប្រហារ​ពី​លើ​អាកាស​ សម្លាប់​មនុស្ស​យ៉ាង​តិច​២២​នាក់​។…

ទី​ក្រុង​បេរូត៖ បន្ទាប់​ពី​អង្គ​ការសហ​ប្រជា​ជាតិ​​ស្រែក​ខ្លាំង​ៗអំពី​ករណី​ដែល​ទាហាន​អ៊ីស្រាអែល​បាញ់​ទៅ​លើ​មូល​ដ្ឋាន​របស់​កង​រក្សា​សន្តិ​ភាព​ក្រោម​ឆ័ត្រ​របស់​ UN ប្រចាំ​ប្រទេស​លីបង់ អ៊ីស្រាអែល​ធ្វើ​ផ្គើន​កាន់​តែ​ខ្លាំង និង​សម្រុក​បាញ់​ប្រហារ​ទៅ​លើ​ទីតាំង​របស់​ UN កាន់​តែ​ខ្លាំង​ដល់​ថ្នាក់​លោក​បៃដិន​ចេញ​មុខ​ធ្វើ​អន្តរា​គមន៍​​។​ ពួក​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​ខាង​ជើង​ប្រាប់​ថា​​អ៊ីស្រាអែល​​​វាយ​ប្រហារ​ខ្លាំងណាស់​​​បន្ទាប់​ពី​យន្ត​ហោះ​ចម្បាំង​​១​គ្រឿង​បាញ់​ប្រហារ​ពី​លើ​អាកាស​ សម្លាប់​មនុស្ស​យ៉ាង​តិច​២២​នាក់​។

ទន្ទឹម​នឹង​នោះ អ៊ីស្រាអែល​ប្រកាស​ឱ្យ​ប្រជា​ជន​ប៉ាឡេស្ទីន​នៅ​​ហ្កា​ហ្សា​​​ខាង​ជើង​ និង​​ប្រជា​ជន​នៅ​​​លី​បង់​ខាង​ត្បូង​ប្រញាប់​ចាក​ចេញ​ទៅ​រក​ទី​កន្លែង​សុវត្ថិ​ភាព​​នៅ​ពេល​ដែល​មិន​ទាន់​ហួស​ពេល។ ​មិន​យូរ​ទេ​​ អ៊ី​ស្រា​អែល​នឹង​ពន្លះកាន់​តែ​ខ្លាំង​ទៅ​លើ​ទី​តាំង​ទាំង​នោះ​​។ អ៊ីស្រាអែល​ឥឡូវ​នេះ​ដាក់​ផែន​ការ​កាន់​តែ​ធំ​ជាង​មុន​ ជា​លក្ខណៈ​បង់​មួយ​សំណាញ់​ចាប់​យក​ត្រី​ទាំង​អស់​តែ​ម្ដង​។

​អ៊ីស្រាអែល​ប្រុង​វាយ​ប្រហារ​ក្រុម​ហាម៉ាស់​នៅ​ហ្កាហ្សា​​​ផង,​ ប្រុង​វាយ​ក្រុម​ហេស​បូឡា​​នៅ​លីបង់​​ផង និង​ប្រុង​វាយ​ប្រហារ​អ៊ីរ៉ង់​ផង​​។ មិន​ត្រឹម​តែ​ទី​តាំ​ង​ប្រេង​ឆៅ​​​ប៉ុណ្ណោះ​ទេ អ៊ីស្រាអែល​ចង់​វាយ​ទី​តាំង​នុយ​ក្លេ​អ៊ែររបស់​អ៊ីរ៉ង់​​​ថែម​ទៀត​​​។ ដូច្នេះ​សង្គ្រាម​នេះ​មិន​​មែន​លំៗ​ទេ​។ អីចឹង​ហើយ​​បា​ន​ជា​អគ្គ​លេខា​ធិការ ​​UN​​ ទើប​តែ​​​អំពាវ​នាវ​ឱ្យ​​ពិភព​លោក​​​ខិត​ខំ​ទប់​ស្កាត់​សង្គ្រាម​នេះ​ឱ្យ​បាន​ទោះ​បី​នៅ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។

ទន្ទឹម​នឹង​ពេល​ដែល​ UN អំពាវ​នាវ​ពី​​កន្លែង​​ប្រជុំ​អាស៊ាន​នៅ​ទី​ក្រុង​វៀងចន្ទ​ន៍ ប្រទេស​ឡាវ អ៊ី​ស្រា​អែល​បាញ់​ទៅ​លើ​ប៉ុស្តិ៍​យាម​របស់កង​រក្សា​សន្តិ​ភាព​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​បណ្ដាល​ឱ្យ​រង​របួស​២​នាក់​។ ​UN ​ស្រែក​មិន​ទាន់​បាន​ប៉ុន្មាន​​ម៉ោង​ផង អ៊ី​ស្រា​​អែល​បាញ់​​​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត​ទៅ​លើ​ទាហាន​អង្គ​ការ​សហ​ប្រជា​ជាតិ​។ ​កង​រក្សា​សន្តិ​ភាព​និយាយ​ថា​បញ្ជា​ការ​ដ្ឋាន​របស់​ខ្លួន​មួយ​កន្លែង​នៅ​​​ទី​ក្រុង​ណាកូរ៉ា (Naqoura)​ ប្រទេស​លីបង់​ខាង​ត្បូង​ ត្រូវ​អ៊ីស្រាអែល​បាញ់​ប្រហារ​ជា​ថ្មី​ម្ដង​ទៀត​។

កាល​ពី​ថ្ងៃ​សុក្រ​មាន​ករណី​បាញ់​ទាហាន​​អង្គ​ការ​សហ​ប្រជា​ជាតិ​ម្នាក់។​​ ប៉ុន្តែ​​សំណាង​ល្អ គាត់​អាច​​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ហើយ​ ហើយ​មុខ​របួស​ក៏​លែង​ធ្ងន់​ធ្ងរ​ដូច​មុន​ទៀត​​ដែរ​។ គេ​មិន​​ដឹង​ថា​តើ​នរណា​ហ៊ាន​​បាញ់​ទាហាន​របស់​ UN ស្ដែង​ៗ​ដល់​ថ្នាក់​​ហ្នឹង​។​ ប៉ុន្តែ​ហេតុ​ការណ៍​នេះ​កើត​ឡើង​១​​ថ្ងៃ​ក្រោយ​​ទាហាន​អ៊ីស្រាអែល​បាញ់​កាំ​ភ្លើ​ង​ដាក់ទី​​បញ្ជាការ​​​របស់​​ទាហាន​​UN​ ២​ថ្ងៃ​ជាប់​គ្នា​។

តាម​ពិត ​​មុន​នឹង​ជ្រុលជ្រួស​​​ទៅ​លើ​ UN អ៊ីស្រាអែល​ក៏​បាន​ប្រកាស​ជា​ហូរ​ហែ​​ផង​ដែរ​ថា​សូម​ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ជា​បន្ទា​ន់​ព្រោះ​គ្រាប់​កាំ​ភ្លើង​គ្មាន​ភ្នែក​ទេ​។ នៅ​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​ដេញ​ប៉​ផាប់​ចាប់​ប៉​ភីង​បែប​នេះ​ជៀស​មិន​រួច​ពី​ជ្រុល​ដៃ​ជ្រុល​ជើង​​ឡើយ​​។​ ​​លោក​បៃដិន​បាន​ស្នើ​សុំ​ដោយ​ចិត្ត​ស្មោះ​ស​ និង​នៅ​ក្នុង​បំណង​ល្អ​ឱ្យ​អ៊ីស្រាអែល​ល្មម​ៗ​បាន​ហើយ​ កុំ​លេង​ខ្លាំង​ដៃ​ពេ​ក​ដល់​ថ្នាក់​ធ្វើ​សង្គ្រាម​ទល់​នឹង​ពួក​ហាម៉ាស់ និង​ហេស​បូឡា​មិន​អស់​ចិត្ត​ ​​ឥឡូវ​នេះ​បែរ​ជា​ចង់​ពន្លះ​ទាំង​ UN​ ទៀត​មិន​កើត​ទេ​។

​លោក​បៃ​ដិន​សូមយក​ឱកាស​នេះ​អំពាវ​នាវ​​​យ៉ាង​ទទូច​ឱ្យ​អ៊ីស្រា​អែល​បញ្ឈប់​ទាំង​ស្រុង​នូវ​ការ​បាញ់​ប្រហារ​ទៅ​លើ​កង​រក្សា​សន្តិ​​ភាព​ដែល​​កំពុង​បំពេញ​បេសក​កម្ម​នៅ​​ប្រទេស​​លីបង់​ក្រោម​ឆ័ត្រ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​។ ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ទាហាន​អង្គ​ការ​សហ​ប្រជា​ជាតិ​២​នាក់​ដែល​ជា​ជន​ជាតិ​ឥណ្ឌូណេស៊ី​បាន​រង​របួស​បន្ទាប់​ពី​ពួក​គេ​ធ្លាក់​ពី​លើ​ប៉ុស្តិ៍​យាម។

​សាក្សី​និយាយ​ថា​កាល​នោះ ទាហាន​អ៊ីស្រាអែល​បាញ់​កាំ​ភ្លើង​តម្រង់​ដោយ​ចេត​នា​ទៅ​លើ​ប៉ុស្តិ៍​នោះ​តែ​ម្ដង​ដោយ​សារ​ពួក​គេ​គិត​ថា​ជា​គ្រោះ​ថ្នាក់​សម្រាប់​ខ្លួន​​។ ថ្នាក់​ដឹក​នាំ​បារាំង, អ៊ីតាលី និង​អេស្ប៉ាញ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​​​ថ្កោល​ទោស​ទង្វើ​នេះ​។ ​ពួក​គេ​​យល់​ថា​​នេះ​ជា​ «ទង្វើ​ដែល​មិន​ស្គាល់​អាក្រក់​ល្អ​ស​ខ្មៅ​ -unjustifiable»។ ដូច្នេះ​ត្រូវ​តែ​បញ្ឈប់​ទង្វើ​នេះ​ទាំង​ស្រុង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ