ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព នៅ​មណ្ឌល​ប្រឡង​នានា​បាន​យ៉ាង​ល្អ​ប្រសើរ

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អភិបាលរង រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ក្នុង​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយ​ភូមិន្ទ ឆ្នាំ​២០២៤​នេះ មន្ត្រី​ជំនាញ​គ្រប់​ផ្នែក នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចូលរួម​បំពេញការងារ​យ៉ាង​សកម្ម…

រាជធានី​ភ្នំពេញ ៖ អភិបាលរង រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ក្នុង​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយ​ភូមិន្ទ ឆ្នាំ​២០២៤​នេះ មន្ត្រី​ជំនាញ​គ្រប់​ផ្នែក នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចូលរួម​បំពេញការងារ​យ៉ាង​សកម្ម តាម​រយៈ​ការ​រៀបចំ សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព នៅ​មណ្ឌល​ប្រឡង​បាន​យ៉ាង​ល្អ​ប្រសើរ​មាន​របៀបរៀបរយ ដែល​ធ្វើ​ឱ្យ​ដំណើរការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​តាម​ផែនការ ដែល​បាន​គ្រោងទុក ។

លោក សុខ ពេញ​វុ​ធ អភិបាលរង រាជធានី​ភ្នំពេញ បាន​ថ្លែង​ដូច្នេះ ក្នុង​ឱកាស​អញ្ជើញ​ជា​តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤​នេះ នៅ​សាល​រាជធានី​ភ្នំពេញ ។

ក្នុង​កិច្ចប្រជុំ​នោះ លោក​អភិបាលរង បាន​ថ្លែង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាត់ចែង​កម្លាំង នៅ​តាម​បណ្តា​ខណ្ឌ​ទាំង​១៤ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សុវត្ថិភាព និង​សន្តិសុខ​សណ្តាប់ ធ្នាប់​ជូន​បេក្ខជន​ប្រឡង​បាក់​ឌុ​ប នៅ​តាម​មណ្ឌល​ប្រឡង នា​ថ្ងៃ​ទី​៨ និង​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤​នេះ បាន​យ៉ាង​ល្អ បើ​ទោះបី​មាន​បេក្ខជន​មួយ​ចំនួន មាន​បញ្ហា​សុខភាព​រហូត​ដល់​១៩២​នាក់​ក៏​ដោយ ក៏​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់ចែង​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​គ្រូ​ពេ​ទ្រ​ធ្វើការ​សង្គ្រោះ​បឋម​នៅ​តាម​មណ្ឌល​ប្រឡង​បាន​យ៉ាង​ល្អ ។

ទន្ទឹម​នឹង​នេះ លោក​បាន​បញ្ជាក់​ថា នៅ​តាម​មណ្ឌល​ប្រឡង​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ គ្មាន​ករណី​យក​លុយ ការ​ផ្ញើ​កង​ម៉ូតូ រថយន្ត ពី​បេក្ខជន​ប្រឡង និង​អាណាព្យាបាល សិស្ស​ឡើយ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ផ្គត់ផ្គង់​ថវិកា ក្នុង​១​មណ្ឌល​ប្រឡង​ចំនួន​១​លាន​រៀល ។

លោក សុខ ពេញ​វុ​ធ បាន​បន្ថែម​ថា ដោយ​មាន​ករណី​ភ្លៀង​ខ្លាំង​ៗ ជាប់​គ្នា នៅ​មុន​ថ្ងៃ​ប្រឡង និង​ថ្ងៃ​ប្រឡង កងកម្លាំង អាជ្ញាធរ​ខណ្ឌ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​ដោះស្រាយ​បញ្ហា​ភ្លាម​ៗ ដោយ​បាន​បូមទឹក និង​ច្រក​បាវ​ខ្សាច់​នៅ​មណ្ឌល​ប្រឡង​លិច​ទឹក ដោយ​ទឹកភ្លៀង​ចំនួន​៤​មណ្ឌល​បាន​យ៉ាង​ទាន់​ពេលវេលា ដើម្បី​កុំឱ្យ​រំខាន​ដល់​ដំណើរការ​ប្រឡង​របស់​សិស្សានុសិស្ស ។

លោក​បន្ត​ទៀត​ថា ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជុំវិញ​ដំណើរការ​ប្រឡង​បាក់​ឌុ​ប​នៅ​រាជធានី​ភ្នំពេញ​នេះ បាន​ធ្វើ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​បានការ​កោតសរសើរ​ពី​ប្រធាន​មណ្ឌល​ប្រឡង ពី​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពិសេស​ពី​បេក្ខជន​ប្រឡង និង​អាណាព្យាបាល​សិស្ស ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក សុខ ពេញ​វុ​ធ ក៏​បានឱ្យ​ដឹង​ដែរ​ថា ក្នុង​ខែកញ្ញា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បានការ​ងារ​ជោគជ័យ​ជា​ច្រើន ហើយ​ទទួល​ការ​សារ​ទរ ពី​ប្រជាពលរដ្ឋ ដូច​ជា កា​រៀបចំ​រថយន្តក្រុង​សាធារណៈ ដឹក​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដោយ​ឥត​គិតថ្លៃ ការ​ផ្តល់​សេវា​សាធារណៈ បាន​ល្អ​ប្រសើរ និង​ការ​រក្សា​បាន​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​ពុំ​មាន​បញ្ហា បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​កើតឡើង​ឡើយ ដែល​ធ្វើ​ឱ្យ​ពុទ្ធបរិស័ទ បាន​ទៅ​ធ្វើបុណ្យ ប្រកបដោយ សទ្ធា​ជ្រះថ្លា និង​សប្បាយ​រីករាយ ។

លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​សម្តែង​ការ​កោតសរសើរ ចំពោះ​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​បំពេញការងារ​បាន​យ៉ាង​ល្អ ក្នុង​ការ​បម្រើសេវា​នានា ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

លោក​ប្រធាន​ក្រុមប្រឹក្សា​បាន​បញ្ជាក់​ថា ភាព​ជោគជ័យ នៃ​ការងារ​របស់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​កោតសរសើរ និង​សាទរ​ជា​ខ្លាំង ដែល​បង្ហាញ​ថា អាជ្ញាធរ​បាន​យកចិត្តទុកដាក់​ជា​ខ្លាំង​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ