រាជធានីភ្នំពេញ ៖ ខណៈមេឃធ្លាក់ភ្លៀងតិចៗ បុរសម្នាក់បានជិះម៉ូតូទៅយកប្អូនមកពីខេត្ត បណ្តាលឱ្យរអិលដួលបោកក្បាលស្លា.ប់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៩ខែតុលាឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ហាក់ ទ្រី អាយុ៤៤ឆ្នាំ ជាប្រជាការពារ មានទីលំនៅ ផ្លូវលំ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1S-8828 ជិះម្នាក់ឯង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតជនរងគ្រោះសង្ស័យចាប់ហ្វ្រាំង ហើយកំឡុងពេលនោះមេឃធ្លាក់ភ្លៀងផង បណ្ដាលឱ្យរអិលដួលបោកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឱ្យដឹងថាជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះនៅម្ដុំព្រែកហូរ តែម្នាក់ឯងក្នុងគោលបំណងទៅយកប្អួនមកពីខេត្តបន្ទាយមានជ័យនៅបេនឡាននៅម្តុំគល់ស្ពានអាកាសស្ទឹងមានជ័យ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យ ចុះមកពិនិត្យកាំម៉ារ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុខាងលើ ដោយឃើញថាជនរងគ្រោះពិតជាបានជិះម៉ូតូដួលបោកក្បាលខ្លួនឯងពិតប្រាកដមែន នឹងបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះ ឱ្យយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ