ខេត្តកំពង់ចាម ៖ នៅក្រោមម្លប់ដើមលឿងរាជ្យ យុវជនចំនួន២នាក់ និងយុវត្តីម្នាក់ បានអង្គុយទន្ទេញមេរៀន ក្រោយពីទទួលទានអាហារថ្ងៃត្រង់រួច កាលពីព្រឹកថ្ងៃទី៨ តុលា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវកែងបំបែកជាបួនខាងត្បូងវិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម ដោយសារជីវភាពមិនសូវសំបូរលុយ សុខចិត្តអង្គុយរៀនក្រោមម្លប់ឈើ ហើយប្រឡងចប់ពេលល្ងាច ត្រូវជិះម៉ូតូត្រឡប់ទៅផ្ទះវិញនៅតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ដែលមានចម្ងាយប្រមាណជិត១០គីឡូម៉ែត្រ ។
យុវសិស្សគាន់ សុធានិត រៀនថ្នាក់ទី១២ «A» នៃវិទ្យាល័យតាមាង ស្រុកកំពង់សៀម បានរៀបរាប់ឲ្យដឹងថា រូបគេត្រូវបានឪពុកបង្កើតឈ្មោះគឹម ស្រាន់ អាយុជាង៥០ឆ្នាំ បានឌុបតាមម៉ូតូចេញពីផ្ទះនាព្រឹកព្រលឹមស្រាងៗថ្ងៃទី៨ តុលា ដើម្បីធ្វើដំណើរឆ្ពោះមកកាន់មណ្ឌលប្រឡងនៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ។
ដោយសារកត្តាជីវភាពខ្វះខាតផងនោះ រូបគេបានដាក់បាយសម្លនៅចានស្រាក់ សម្រាប់យកមកទទួលទានអាហារថ្ងៃត្រង់ នៅក្រោមម្លប់ឈើនៅជ្រុងខាងត្បូងវិទ្យាល័យព្រះសីហនុ ។ យុវជនរូបនេះបានប្រាប់បន្តឲ្យដឹងទៀតថា ចំពោះចំណាត់ថ្នាក់ប្រចាំខែវិញគេរៀនបានលេខជាង១០ ក្នុងចំណោមសិស្ស៣១នាក់ ហើយវិញ្ញាសាផ្នែកវិទ្យាសាស្ត្រ ដែលត្រូវត្រៀមប្រឡងក្នុងនោះរួមមាន÷ ប្រវត្តិវិទ្យា ជីវវិទ្យា រូបវិទ្យាគីមីវិទ្យា គណិតវិទ្យា ភាសាខ្មែរនិងភាសាអង់គ្លេស ។ចំពោះព្រឹកថ្ងៃដំបូងប្រលងមានប្រវត្តិវិទ្យានិងជីវវិទ្យា សម្រាប់វិញ្ញាសាទាំងពីរនេះរូបគេគិតថារាងលំបាកបន្តិច។
បន្ទាប់ពីដល់ម៉ោងចេញសម្រាកវេលាម៉ោង១០ហ្នឹង៣០ នាទីព្រឹក ក៏បានដើរឆ្ពោះមកទិសខាងត្បូងកែងនិងស្តាតបាល់ទាត់ក្រុងកំពង់ចាម ដែលឪពុកបានរង់ចាំនៅទីនោះ។បន្ទាប់ពីអង្គុយលើកៅស៊ូតង់បាត់ហត់ក៏រៀបចំទទួលទានអាហារថ្ងៃត្រង់ជុំគ្នាជាមួយឪពុក ហើយក៏មានមិត្តរួមថ្នាក់ពីរនាក់ទៀត បានអង្គុយទន្ទេញមេរៀនក្រោមម្លប់ឈើ ដើម្បីត្រៀមចូលប្រឡងនាពេលរសៀល ។សូមបញ្ជាក់ថាដោយកត្តាជីវភាពរបស់គេខ្វះខាតគ្រូគ្រូបានហៅទៅរៀនគួរដោមិនយកកម្រៃនោះទេ ពេលខ្លះគ្មានទាំងលុយចាក់សាំងទៅរៀនទៀតផង សម្រាប់ធ្វើដំណើរតាមម៉ូតូ។ ចំពោះវិញ្ញាសាទាំងអស់នេះរូបគេមានជំនឿយ៉ាងមុតមាំថាសង្ឃឹមប្រឡងជាប់៧០ %។
លោកពូគុយ គឹមស្រន់ អាយុជាង៥០ឆ្នាំត្រូវជាឪពុករបស់យុវជនរូបនេះបានរៀបរាប់ថាគាត់បានរៀបការជាច្រើនឆ្នាំមកហើយ ដោយមានកូនប្រុសតែម្នាក់នេះបានឱ្យទៅជួលបន្ទប់គេស្នាក់នៅរៀននៅរាជធានីភ្នំពេញតាំងពីក្មេងក្រោយពីជំងឺ Covid បានផ្ទុះឡើងជីវភាពបានជួបនិងកង្វាក់ខាត ក៏ឲ្យកូនត្រឡប់មករៀននៅស្រុកកំណើតវិញនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀមខេត្តកំពង់ចាម។
គាត់មានកូនតែម្នាក់នេះ ជានិច្ចកាលតែងតែស្ដាប់ដំបូន្មានឪពុកម្ដាយ។កាលពីវេនដាក់បិណ្ឌ ១២នៅក្នុងភូមិកូនជិះម៉ូតូតាមផ្លូវត្រូវរថយន្តបើកកៀរបណ្ដាលឱ្យរងរបួសហើយរថយន្តនោះបើករត់គេចទៅមុខបាត់ មកដល់ថ្ងៃប្រលងកូនមិនទាន់ជាសះស្បើយពីស្នាមរបួសនៅឡើយទេ។
លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តវិញមានប្រសាសន៍ឲ្យដឹងដែរថានៅក្នុងខេត្តកំពង់ចាម មានមណ្ឌលប្រឡងសរុបចំនួន១៤កន្លែងក្នុងនោះមាននៅស្រុកជើងព្រៃ ព្រៃឈរកំពង់សៀម និងក្រុងកំពង់ចាម ហើយឆ្នាំ ២០២៤នេះបេក្ខជនមានរហូតដល់ជាង ៨០០០នាក់។ នាព្រឹកថ្ងៃប្រលងដំបូងឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានអញ្ជើញកាត់វិញ្ញាសារនៅមណ្ឌលប្រឡងវិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម។
សូមរំលឹកថា ឆ្នាំ២០២៣ កន្លងទៅសិស្សប្រឡងជាប់ជាង៧២% ហើយសិស្សដែលជាប់និទ្ទេសA មានចំនួន១០៣នាក់ ហើយនៅឆ្នាំ២០២៤នេះ លោករំពឹងថាចំនួនសិស្សដែលប្រឡងជាប់អាចប្រហាក់ប្រហែល និងឆ្នាំកន្លងទៅ។
ចែករំលែកព័តមាននេះ