រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដំណើរការសំណេរ នាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ខណៈបេក្ខជនអវត្តមានសរុប២.៣៦៤នាក់ និងមានបញ្ហាសុខភាពចំនួន៤៤នាក់ និង៤នាក់បោះបង់ការប្រឡង ។
យោងបណ្ដាញសង្គមហ្វេសប៊ុក របស់ក្រសួងអប់រំ បានបញ្ជាក់ថា «ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ពេលព្រឹកមានពីរមុខវិជ្ជាគឺ អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ) និងគណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា (វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ» ។
ក្រសួងបន្ថែមថា នាព្រឹកថ្ងៃទី២នេះ បេក្ខជនអវត្តមានសរុប២.៣៦៤នាក់ ស្រី៩០៧នាក់ (កើនលើសថ្ងៃទី៨ ខែតុលា ចំនួន៤៦នាក់) ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន១.៩៥៥នាក់ ។ បេក្ខជនមានបញ្ហាសុខភាពចំនួន៤៤នាក់ ក្នុងនោះ៤នាក់បោះបង់ការប្រឡង ៧នាក់ត្រូវបានបញ្ជូនទៅប្រឡងក្នុងបន្ទប់ដាច់ដោយឡែក និងរងគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ ។
អនុរក្ស អប្បមាទ និងគណៈកម្មការ ដែលមានបញ្ហាសុខភាពមានចំនួន១០នាក់ (ករណីគ្រុនពោះវៀន និងលើសឈាម) ។ អនុរក្សអនុវត្តខុសបទបញ្ជាមាន២ករណី (អនុរក្ស១នាក់ ប្រើទូរស័ព្ទថតវិញ្ញាសា នៅមណ្ឌលវិទ្យាល័យវឌ្ឍនៈឈូងលាភ ខេត្តកណ្តាល និងអនុរក្ស១នាក់យកទូរស័ព្ទចូលបន្ទប់ប្រឡង នៅមណ្ឌល អនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ) ។
ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អសម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង ។ នៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធានអនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ។
ក្រសួងលើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.០៤០នាក់ (ស្រី៧៤.៨៨២ នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩៣៥៨ នាក់ (ស្រី២៣.៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៧.៦៨២ នាក់ (ស្រី៥១.១៦៧ នាក់) ។
បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស ។ មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១៥៧ មណ្ឌល ត្រូវជា៣.៩៣១ បន្ទប់ ៕
ចែករំលែកព័តមាននេះ