ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី​បណ្តុះបណ្តាល​ជំនាញ TVET ១,៥ ​លាននាក់ ​របស់​រាជរដ្ឋាភិបាល ​កំពុង​ដំណើរការ​ដោយរលូន និង​ប្រកបដោយ​ផ្លែផ្កា

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ថា ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស…

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ថា ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៣ រហូត​មក​ដល់​ដើមខែ​តុលា ឆ្នាំ​២០២៤​នេះ កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​មួយ​នេះ​បាន​និង​កំពុង​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​ដល់​យុវជន​យ៉ាង​សកម្ម​នៅ​ទូ​ទាំង​ប្រទេស ហើយ​ទទួល​បាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ​។

បើ​តាម​ឯកឧត្តម​រដ្ឋលេខាធិការ គិត​ត្រឹម​ដើមខែ​តុលា ឆ្នាំ​២០២៤ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទទួល​បាន​យុវជន​ចុះ​ឈ្មោះ​ចូល​សិក្សា​ជំនាញ​សរុប​ចំនួន​៨០,៥៩៤​នាក់ (​ស្រី​ចំនួន​៣២,០៥៩​នាក់​)​។ ក្នុង​ចំណោម​សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​សរុប ក្នុង​នោះ​ចំនួន​សិស្ស​បាន​បញ្ចប់​ការ​សិក្សា​សរុប​ចំនួន​ជាង​១​មុ​ឺ​ន​នាក់​។ យុវជន​សិក្សា​ជំនាញ​របស់​រាជរដ្ឋាភិបាល​ទាំងនោះ​បាន​ទទួល​ការងារ​ធ្វើ​សមរម្យ​, កំពុង​ចុះ​កម្មសិក្សា​នៅ​តាម​ក្រុមហ៊ុន​ឯកជន​នានា​ក្រោម​កិច្ច​សម្របសម្រួល​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

ឯកឧត្តម​រដ្ឋលេខាធិការ​បន្ថែម​ថា ចាប់តាំងពី​បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​នេះ ពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ រហូត​ដល់​ពេល​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម​យ៉ាង​ផុសផុល ជាង​នេះ​ទៀត​ក្រុមការងារ​ក៏​បាន​ចុះ​ផ្សព្វផ្សាយ​ផ្ទាល់​ទៅ​ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាងណា​កៀរគរ​យុវជន​គោលដៅ​មក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន ​។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​និង​កំពុង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ទ្រង់ទ្រាយ​ធំ ក្នុង​នោះ​អគ្គនាយកដ្ឋាន​ជំនាញ មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គ្រប់​រាជធានី​-​ខេត្ត​បាន​ចេញ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស មិន​ត្រឹមតែ​នៅ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​តាម​គោលដៅ​នោះ​ទេ ក៏​ប៉ុន្តែ​ក្រសួង​ក៏​មាន​យុទ្ធនាការ​ផ្សព្វផ្សាយ​នៅ​តាម​ទីតាំង​សាធារណៈ តាម​រយៈ​ការ​ចែក​ខិតប័ណ្ណ អំពី​កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​នេះ​ផង​ដែរ ​។

ឯកឧត្តម​រដ្ឋលេខាធិការ​បន្ត​ថា វិស័យ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​លើ​ការ​ផលិត​មូលធន​មនុស្ស និង​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ឱ្យ​មាន​ជំនាញ ចំណេះដឹង សមត្ថភាព ការ​ប្រកួតប្រជែង​ខ្ពស់ មាន​ភាព​ធន់ បត់បែន អាច​ឆ្លើយ​តប​តាម​តម្រូវការ​នៃ​កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​នៃ​មូលដ្ឋាន​សេដ្ឋកិច្ច ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដោយ​ធានា​ថា «​ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​» និង​អនុវត្ត​តាម​អភិក្រម​របស់ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត គឺ “​រៀន​ឱ្យ​ចប់ រៀន​ឱ្យ​ចេះ ឱ្យ​មានការ​ងារ​ធ្វើ​”​ ។

ឯកឧត្តម​បាន​អំពាវនាវ​ដល់​យុវជន​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស សូម​រួសរាន់​មក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ នៅ​វិទ្យាស្ថាន​ដែល​នៅ​ក្បែរ​មូលដ្ឋាន​របស់​ខ្លួន​។ យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​តែ​ទទួល​ការ​រៀន​ជំនាញ​ដោយ​ឥត​គិតថ្លៃ និង​ថែម​ទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដដែល​ ។ សម្រាប់​សាកសួរ​ព័ត៌មាន​លំអិត សូម​ទំនាក់ទំនង​មក​កាន់​ប្រព័ន្ធ​ទូរ​សព្ទ Hotline ឥត​គិតថ្លៃ លេខ ១២៨៦  ឬ ១២៩៧ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ៕ អត្ថបទសហការ