ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ត្រឹម​ដើមខែ​តុលា ក្រសួង​ការងារ​ ទទួល​បានសមាជិក ប​.​ស​.​ស​. កើនឡើង​ដល់​ជាង ២,៥​ លាន​នាក់

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ដើមខែ​តុលា ឆ្នាំ​…

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ដើមខែ​តុលា ឆ្នាំ​ ២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ទទួល​សមាជិក​របស់​ខ្លួន​កើនឡើង ​ដល់ ២,៥៤៣,៨៧០ ​នាក់ (​ស្រី ១,៤១៣,០១១ នាក់​)​ ។

បើ​តាម​ឯកឧត្តម​រដ្ឋលេខាធិការ ក្នុង​ចំណោម​សមាជិក​សរុប​ជាង ​២,៥ លាន​នាក់​នេះ ក្នុង​នោះ បុគ្គល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ ចំនួន ៤៨២,៥៧៧ ​នាក់ បុគ្គល​ក្រោម​បទ​ប្បញ្ញត្តិ​ច្បាប់​ ស្តី​ពី​ការងារ ចំនួន ១,៥៨១,៩៨៨ នាក់​, បុគ្គល​ស្វ័​យ​និ​យោជន៍ ចំនួន ៣៦២,៣៥៥​នាក់​, និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ចំនួន ​១១៦,៩៥០ ​នាក់ ​។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​បញ្ជាក់​លម្អិត​ថា ចំនួន​សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ជា​កាតព្វកិច្ច​មាន​កម្មករនិយោជិត មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធ​ជន និង​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត មាន​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. បាន​កើនឡើង គួរ​ឱ្យ​កត់សំគាល់ ក្នុង​ឆ្នាំ ​២០២៤ ​នេះ ដែល​បង្ហាញ​ថា ប្រជាពលរដ្ឋ​កាន់តែ​ជឿ​ទុកចិត្ត និង​យល់​ដឹង​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)​ ។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ថា ចាប់តាំងពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន ដោយ​ស្ម័គ្រចិត្ត កាលពី​ថ្ងៃ​ទី ​១៤ ខែវិច្ឆិកា ឆ្នាំ ​២០២៣​ កន្លង​ទៅ​នេះ ក្រុមការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​និង​កំពុង​ចុះ​ផ្សព្វផ្សាយ​តាម​រាជធានី ខេត្ត និង​ចុះ​យុទ្ធនាការ​ផ្ទាល់​តាម​រោងចក្រ សហគ្រាស ផ្ទះ​ជួល ផ្សារ និង​ទីប្រជុំជន​យ៉ាង​សកម្ម​នៅ​រាជធានី ខេត្ត​ទូ​ទាំង​ប្រទេស រួម​និង​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ផ្លូវការ Facebook, Telegram, YouTube, TikTok និង​តាម​បណ្តាញ​សង្គម​របស់​សិល្បករ តារាចម្រៀង និង​អ្នកមាន​ប្រជាប្រិយភាព​ក្នុង​បណ្ដាញ​សង្គម​យ៉ាង​ផុសផុល ​។

បន្ថែម​ពី​នេះ​ឯកឧត្តម​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​ទទួល​កុមារ​ចូល​ជា​សមាជិក​ផង​ដែរ ក្នុង​នោះ​សម្រាប់​កុមារ​ «​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​.» ​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពេល​ក្លាយជា​សមាជិក ប​.​ស​.​ស​.​ ។

លើស​ពី​នេះ​ឯកឧត្តម​រដ្ឋលេខាធិការ​បាន​ពន្យល់​ថា កុមារ​ «​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​.» ​ទទួល​បាន​អត្ថប្រយោជន៍​ដូច​ជា​ការ​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ដោយ​ឥត​គិតថ្លៃ​នៅ​គ្រប់​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស​. ទូ​ទាំង​ប្រទេស ទាំង​មន្ទីរពេទ្យ​សាធារណៈ និង​ឯកជន ក្នុង​នោះ​ដែរ​ប្រសិនបើ​កុមារ​ជួប​គ្រោះថ្នាក់ និង​ជំងឺ​ជា​អកុសល​រហូត​ដល់​ស្លា.ប់​បាត់បង់​ជីវិត​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ផ្តល់​ប្រាក់​វិភា​ជន៍​បូជាសព​ផង​ដែរ ​។

ទន្ទឹម​នឹង​នេះ​ឯកឧត្តម​រដ្ឋលេខាធិការ​ បាន​គូសបញ្ជាក់​ថា ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​លើ​កុមារ គឺជា​ការ​គិតគូរ​ដល់​សុខមាលភាព​របស់​កុមារ ជា​ពិសេស​ជួយ​ឱ្យ​សុខភាព​របស់​កុមារ​ល្អ​ប្រសើ​ជាង​មុន ដែល​អាច​ជួយ​ទៅ​ដល់​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល​ភាព​នា​ពេល​អនាគត ​៕ អត្ថបទសហការ