ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​អបអរសាទរ​ទិវា​គ្រូបង្រៀន និង​អរគុណ​ដល់​គ្រូ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​បច្ចេកទេស ​ដែល​បាន​ចូលរួម​កសាង​ធនធានមនុស្ស

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​នៃ​ការ​អបអរសាទរ​ទិវា​គ្រូបង្រៀន ៥ តុលា ឆ្នាំ ​២០២៤​ នេះ ឯកឧត្តម កត្តា…

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​នៃ​ការ​អបអរសាទរ​ទិវា​គ្រូបង្រៀន ៥ តុលា ឆ្នាំ ​២០២៤​ នេះ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​គូសបញ្ជាក់​ថា ទិវា​គ្រូបង្រៀន​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​គោលបំណង​បំផុស​ឡើង​វិញ​នូវ​វប្បធម៌ និង​ប្រពៃណី​របស់​សិស្ស និស្សិត និង​យុវជន ឱ្យ​រំឭក​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​គ្រូបង្រៀន​នៅ​ទូ​ទាំង​ប្រទេស​។ លើស​ពី​នេះ​ទិវា​គ្រូបង្រៀន​នេះ​ក៏​សំដៅ​ទៅ​ដល់​លោកគ្រូ អ្នកគ្រូ ដែល​កំពុង​បំពេញបេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​ ។

ទន្ទឹម​នេះ ឯកឧត្តម កត្តា អ៊​ន ក៏​បាន​រំលេច​ផង​ដែរ​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​មាន ឯកឧត្តម ហេង សួរ ជា​រដ្ឋមន្ត្រី សូម​ថ្លែង​ការ​អរគុណ​ដល់​គ្រូ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​ទូ​ទាំង​ប្រទេស​ដែល​បាន​និង​កំពុង​ចូលរួម​ក្នុង​បេសកកម្ម​នៃ​ការ​កសាង​ធនធានមនុស្ស​នៅ​ប្រទេស​កម្ពុជា​ដោយ​អស់ពី​កម្លាំងកាយ​ចិត្ត និង​ស្មារតី​ទទួលខុសត្រូវ​ប្រៀប​ដូច​ជា​មាតា បិតា​ទី​២ តាម​រយៈ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន សិស្សានុសិស្ស​ទាំងអស់​ឆ្ពោះទៅ​រក​អនាគត​មួយ​ដ៏​ភ្លឺស្វាង​នា​ពេល​អនាគត​។ ជា​ពិសេស​បន្ត​អប់រំ​យុវជន​ដែល​កំពុង​សិក្សា​ជំនាញ​ឱ្យ​យល់​នូវ​អភិក្រម​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​យុវជន​សិក្សា​ជំនាញ​ត្រូវ «​រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យ​មានការ​ងារ​ធ្វើ​» ​។

សម្រាប់​ឯកឧត្តម​រដ្ឋលេខាធិការ នៅ​ក្នុង​ឱកាស​អបអរសាទរ​ទិវា​គ្រ​បង្រៀន​នៅ​ពេល​នេះ សូម​អំពាវនាវ និង​លើកទឹកចិត្ត​ឱ្យ​លោកគ្រូ អ្នកគ្រូ នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ទាំងអស់​បន្ត​យកចិត្តទុកដាក់​បណ្តុះបណ្តាល​យុវជន​ដែល​កំពុង​សិក្សា​ជំនាញ​បច្ចេកទេស​នៅ​ទូ​ទាំង​ប្រទេស លើ​ជំនាញ​ទន់​ផង​ដែរ ដែល​ជា​ជំនាញ​ផ្តោត​សំខាន់​លើ​ការ​អប់រំ​អាកប្បកិរិយា សីលធម៌ វិន័យ ធ្វើ​យ៉ាងណា​ឱ្យយុវជន​ក្លាយជា​ទំពាំង​ល្អ​នៅ​ក្នុង​សង្គម ជាមួយ​និង​ជំនាញ​ច្បាស់លាស់ នៅ​ពេល​ពួក​គេ​បញ្ចប់​ការ​សិក្សា​ ។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់​បន្ថែម​ថា គ្រូបង្រៀន​ គឺជា​ភ្នាក់ងារ​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​លទ្ធផល​សិក្សា​របស់​សិស្ស​។ ក្នុង​ន័យ​នេះ ឯកឧត្តម​រដ្ឋលេខាធិការ​សូម​លើកទឹកចិត្ត​ឱ្យ​លោកគ្រូ អ្នកគ្រូ ដែល​កំពុង​បំពេញ បេសកកម្ម​ក្នុង​នាម​ជា​អ្នក​បណ្តុះបណ្តាល ត្រូវ​បន្ត​ប្រឹងប្រែង​ផ្តល់​ចំណេះដឹង​ដល់​សិស្ស បន្ត​ការ​ស្រាវជ្រាវ​អភិវឌ្ឍ​ចំណេះ​ជំនាញ​របស់​ខ្លួន ដើម្បី​ផ្ទេរ​ចំណេះដឹង​ទាំងនោះ​ដល់​សិស្ស​ឱ្យ​មាន​សមត្ថភាព​ដ៏​ល្អ​ប្រសើ ដើម្បី​បំពេញការងារ និង​ចូលរួម​ក្នុង​ការ​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ ស្រប​ទៅ​តាម​គោលដៅ​របស់​រាជរដ្ឋាភិបាល ​។

សម្រាប់​លោក​បណ្ឌិត​ ​ឈ​ត​ ​ប៊ុ​ន​ថង​ ​អនុប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​គូសបញ្ជាក់​ថា បើ​និយាយ​ពី​ការ​អប់រំ មិន​សំដៅ​ត្រឹមតែ​ការ​អប់រំ​លើ​ចំណេះដឹង​ទូទៅ​តែ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ក្តោប​រួម​ទាំង​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ កំពុង​តែ​អនុវត្ត​ផង​ដែរ​។ ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​នេះ​គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បណ្តុះ​យុវជន​ឱ្យ​មាន​ជំនាញ​មួយ​ច្បាស់លាស់ ចំណាយ​រយៈពេល​តិច និង​ងាយស្រួល​ក្នុង​ការ​រក​ការងារ​ធ្វើ ជា​ពិសេស​នោះ​គឺ​ការ​បង្កើត​កម្លាំង​ជំនាញ​នៅ​ប្រទេស​កម្ពុជា​ឱ្យ​បាន​ច្រើន ដើម្បី​ស្រប​ទាញ​អ្នក​វិនិយោគិន​ផ្នែក​ឧស្សាហកម្ម​ធំ​ៗ​ឱ្យមក​រក​ស៊ីនៅ​កម្ពុជា ផង​ដែរ ​។

លោក​បណ្ឌិត​បាន​លើក​ឡើង​ថា​ទិវា​គ្រូបង្រៀន​គឺ​មាន​សារសំខាន់​ណាស់​នៅ​ប្រទេស​កម្ពុជា ពីព្រោះ​ទិវារ​គ្រូបង្រៀន​ប្រារព្ធ​ធ្វើ​ឡើង ដើម្បី​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​នៅ​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​កំពុង​ត្រូវការ​ចាំបាច់​នៅ​ក្នុង​ការ​ពង្រឹង និង​ពង្រីក​វិស័យ​អប់រំ ​។

លោក​បណ្ឌិត​ថា​៖ «​យើង​ចាំបាច់​ធ្វើ​ឱ្យ​បាន​ផុសផុល ធ្វើ​ឱ្យ​ទូលំទូលាយ ដើម្បី​លើកកម្ពស់​ដល់​វិស័យ​អប់រំ ជា​ពិសេស​លើកទឹកចិត្ត​ទៅ​ដល់​លោកគ្រូ អ្នកគ្រូ ដែល​កំពុង​ដើរតួរ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អប់រំ​យុវជន សិស្សានុសិស្ស បង្កើត​ធនធានមនុស្ស​នៅ​ប្រទេស​កម្ពុជា ដែល​ជា​កត្តា​លី​ករ​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ ពីព្រោះ​យុវជន ជា​ទំពាំង​ស្នង​ឬ​ស្សី ដូច្នេះ​កាលណា​យុវជន​មាន​សមត្ថភាព មានការ​អប់រំ​ល្អ ប្រជាជាតិ​នោះ​នឹង​មានការ​អភិវឌ្ឍ​លឿន​រហ័ស​» ៕ អត្ថបទសហការ