ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាសោកស្តាយ ! ដំរីថៃ២ក្បាលជួបរឿងអកុសលក្នុងសោកនាដកម្មទឹកជំនន់

6 ម៉ោង មុន

ថៃ ៖ សារព័ត៌មាន​ថៃ The Nation ចេញផ្សាយ នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៤ បាន​បញ្ជាក់​ថា…

ថៃ ៖ សារព័ត៌មាន​ថៃ The Nation ចេញផ្សាយ នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៤ បាន​បញ្ជាក់​ថា សោកនាដកម្ម​គ្រោះ​ធម្មជាតិ នៅ​ខេត្ត​ឈៀង​ម៉ៃ ដែល​បាន​បន្ត​អូស​បន្លាយ មក​ដល់​ថ្ងៃអាទិត្យ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​វិបត្តិ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​បំផុត ដែល​មិន​ធ្លាប់​កើត​មាន ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ជា​ពិសេស​កម្ពស់​ទឹកទន្លេ Ping បាន​កំពុង​កើន​ឡើងជា​បន្តបន្ទាប់ ឈាន​ទៅ​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ ។

ទឹកជំនន់​ពី​ទន្លេ Ping បាន​ជន់​លិច​រាលដាល​ពាសពេញ​ទីក្រុង នៅ​ច្រាំង​ខាងកើត​នៃ​ទន្លេ ទឹកបាន​ហូរ​ចូល​ក្នុង​រង្វង់​ជាង​២​គីឡូម៉ែត្រ ជា​ពិសេស​សហគមន៍ និង​តំបន់​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ទឹកជំនន់​ពី​មុន​មក ត្រូវ​បាន​ជន់​លិច​ដោយ​នឹក​ស្មាន​មិន​ដល់ ។ ទឹកជំនន់ ដែល​រីក​រាលដាល​នេះ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្ទះ​របស់​ប្រជាជន ជំរុញ​អ្នកស្រុក​ឈៀង​ម៉ៃ និង​ម្ចាស់​អាជីវកម្ម​ជា​ច្រើន​ប្រញាប់ប្រញាល់​ជម្លៀស និង​រើ​របស់របរ​ពួក​គេ​ចេញពី​តំបន់​ជន់​លិច ។

ទោះជា​យ៉ាងណា​ក៏​ដោយ តំបន់​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ គឺ​ឧទ្យាន​ធម្មជាតិ​ដំរី ដែល​ជា​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ដំរី និង​សត្វ​ដទៃ​ទៀត នៅ​ក្នុងស្រុក Mae Taeng ដែល​មក​ដល់​ពេល​នេះ មានការ​ជម្លៀស​សត្វ​ជាង 3,000 ក្បាល រួម​ទាំង​ដំរី​ចំនួន 117 ក្បាល ។ ដោយសារ​ទឹកជំនន់​កើតឡើង​ភ្លាម​ៗ​បណ្តាល​ឲ្យ​ដំរី​ចំនួន​៣០​ក្បាល​បាត់​ខ្លួន​ចេញពី​ឧទ្យាន​មួយ​នេះ កាលពី​ថ្ងៃ​ទី​៤ ខែតុលា ។

មន្ត្រី​រដ្ឋាភិបាល អ្នក​ស្ម័គ្រចិត្ត ក្រុម​សង្គ្រោះ​រាប់រយ​បា​នប​ញ្ចូ​ន​ទៅ​ជួយ ប៉ុន្តែ​ជា​អកុសល​ពួក​គេ​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដោយសារ​តែ​ការ​កើនឡើង​នៃ​កម្ពស់​ទឹកជំនន់​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល ដែល​ប៉ះពាល់​ដល់​ការ​ចល័ត​ឧបករណ៍​សង្គ្រោះ និង​គ្រឿងចក្រ​នានា ។ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ តុលា សាកស​.​ព​ដំរី​ចំនួន​២​ក្បាល ដែល​បាន​បាត់​ខ្លួន​ពី​ឧទ្យាន​ត្រូវ​បាន​ប្រទះ​ឃើញ​ដែល​មួយ​មានឈ្មោះ​ថា «​ផ្ល​យ​ថុ​ង​» អាយុ​៤០​ឆ្នាំ និង​មួយ​ក្បាល​ទៀត​ឈ្មោះ​ថា​«​ហ្វា​សៃ​» អាយុ​១៦​ឆ្នាំ ដោយ​ពួក​គេ​បាន​ដេក​ងា​.​ប់​ជាប់​នឹង​គំនរ​មែកឈើ​ធំ​ៗ ដែល​បាន​ដួល​រលំ​ធំ​ចម្ងាយ​៥​គីឡូម៉ែត្រ ពី​ទីតាំង​ដើម​ដែល​ពួក​គេ​រស់នៅ ។

បច្ចុប្បន្ន​នេះ មាន​សេចក្តីរាយការណ៍​មក​ថា ដំរី​ជា​ច្រើន​ក្បាល​បាន​បោកបក់ តាម​ចរន្តទឹក នៅ​តែ​បាត់​ខ្លួន​នៅឡើយ ជា​ពិសេស​ដំរី​ឈ្មោល​ប្រមាណ​១០​ក្បាល ដែល​គេ​ដឹង​ថា វា​ជា​ដំរី​ដែល​កាច​ឆេវឆាវ ហើយ​ពួក​គេ​មិន​ជាប់ច្រវាក់​នោះ​ទេ ហើយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​កំពុង​ស្រាវជ្រាវ​រក​ពួក​វា​ជា​បន្ទាន់ ។ ឧទ្ធម្ភាគចក្រ Royal Air Force កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រទះ​ឃើញ​អ្វី​ដែល​ពួក​គេ​ជឿ​ថា ជា​ដំរី​បី​ក្បាល ក្នុង​ចំណោម​ដំរី​ដែល​បាន​បាត់​ខ្លួន ដោយ​ប្រើ​កាមេរ៉ា​អ៊ី​ន​ហ្វ្រា​រ៉េ​ដ ពីលើ​អាកាស ដោយពេល​នេះ​ពួក​គេ​កំពុង​កំណត់​ទីតាំង​របស់​វា​ដែល​ចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ​ពី​ឧទ្យាន​ធម្មជាតិ​ដំរី​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ ដោយ​កំពុង​បញ្ជូន​កម្លាំង​ចុះ​ទៅ​ស្វែងរក​ទីតាំង​តាម​តម្រុយ ។

លោកស្រី Saengduean Chailert នាយក​ឧទ្យាន​ធម្មជាតិ Elephant Nature Park នៅ​ស្រុក Mae Taeng ខេត្ត​ឈៀង​ម៉ៃ និង​ជា​ប្រធាន​មូលនិធិ Save Elephant បាន​និយាយ​ថា នាង​មានការ​សោកស្ដាយ​ជា​ខ្លាំង នៅ​ពេល​ដែល​បានឮ​ថា​យ៉ាង​ហោច​ណាស់ ដំរី​ពីរ​ក្បាល​បាន​លង់ទឹក​ស្លា​.​ប់ ។ នាង​បាន​ឱប និង​យំ​ដើម្បី​លាគ្នា​ចុង​ក្រោយ​ពី​ដំរី​ទាំង​ពីរ នៅ​កន្លែង​កើតហេតុ ។ អ្នកស្រី​បាន​កត់​សម្គាល់ថា នៅ​ពេល​ដែល​ទទួល​បានការ​ព្រមាន​ពី​ទឹកជំនន់ ក្រុមការងារ​បាន​ផ្លាស់​ទី​ដំរី​ពី​តំបន់​ទំនាប​ទៅ​កាន់​ទីទួល​ខ្ពស់ ប៉ុន្តែ​មិន​នឹក​ស្មាន​ដល់​ថា សូ​ម្បី​តែ​ទី​ខ្ពស់​ក៏​មិន​មាន​សុវត្ថិភាព​ដែរ ព្រោះ​ទឹកជំនន់​ឡើង​ដល់​ភ្នំ ភូមិ​មួយ​ទាំងមូល​ក៏​ត្រូវ​លិច​ទឹក​ទាំងស្រុង ក្រឡេក​ទៅ​ណា​ក៏​សុទ្ធតែ​ទឹក​គ្រប់​ទីកន្លែង ។

ក្រៅពី​ដំរី​ជា​ច្រើន​ក្បាល នៅ​តែ​បាត់​ខ្លួន គោក្របី​មួយ​ចំនួន​ធំ​ក៏​បាត់​ដែរ ខណៈ​ដែល​សត្វ​ឆ្កែ និង​ឆ្មា​ទាំងអស់​មាន​សុវត្ថិភាព ។ ភ្លៀង​មូសុង​រដូវវស្សា និង​ឥទ្ធិពល​នៃ​ព្យុះ​ទី​ហ្វុ​ង Yagi រួម​បញ្ចូល​គ្នា បណ្តាល​ឱ្យ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​នៃ​ប្រទេស​ថៃ ដោយ​តំបន់​ភាគ​ខាងជើង​រង​ការ​វា​.​យ​ប្រហារ​យ៉ាងធ្ងន់ធ្ងរ ជា​ពិសេស គឺ​ខេត្ត​ឈៀង​ម៉ៃ ៕

កែសម្រួលដោយ