រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ប្រកាសនៅក្នុងករណីរកឃើញថា បេក្ខជនបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ។
ការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡានៅពេលដែលនៅតាមមណ្ឌលប្រឡង ទូទាំងប្រទេសបានបង្ហាញពីទិដ្ឋភាពទូទៅនៃការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៨ តុលា ២០២៤ ។
ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិទាំងអស់ចាំបាច់ត្រូវទៅពិនិត្យបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា និងប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិប្រឡង ដែលត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង២៥ រាជធានី-ខេត្ត នាព្រឹកថ្ងៃទី៧ តុលានេះ ។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត ។
ក្រសួងអប់រំបានបញ្ជាក់ថា ៖«ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្ម ភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ» ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។
បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំ ពិសេស ។ មណ្ឌលសំណេរមានចំនួនសរុប២៣០ មណ្ឌល ត្រូវជា៥៥៣៣ បន្ទប់ ក្នុងនោះ ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន៧៣មណ្ឌល ត្រូវជា១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១៥៧ មណ្ឌល ត្រូវជា៣៩៣១បន្ទប់ ។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០មណ្ឌល ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ។
សូមជម្រាបថា ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ដោយមានបេក្ខជនចូលរួមប្រមាណជាង១៣ម៉ឺននាក់ ។ ដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤ ។ ចំពោះដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។ ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ។
ក្រសួងកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕
ចែករំលែកព័តមាននេះ