ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​​ដឹក​បងប្អូនមកស្រុក​ដោយ​ឥត​គិតថ្លៃ​​​​​មក​ដល់​ខេត្តសៀមរាប​ដោយសុវត្ថិភាព​

2 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ អ្នកដំណើរ​ពី​ភ្នំពេញ មក​កាន់​ខេត្តសៀមរាប តាម​រយៈ​រថយន្ត​ក្រុង​សាធារណៈ​ដោយ​ឥត​គិតថ្លៃ ដែល​រៀបចំ​ដោយ​រាជរដ្ឋាភិបាល ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ បាន​មក​ដល់ ចំណត​នៅ​មណ្ឌល​រដ្ឋបាល​មន្ទីររបស់​ខេត្ត​សៀមរាបជា​បន្តបន្ទាប់​ហើយ កាលពីរសៀល​ថ្ងៃ​ទី២៩​ខែកញ្ញា…

ខេត្ត​សៀម​រា​ប ៖ អ្នកដំណើរ​ពី​ភ្នំពេញ មក​កាន់​ខេត្តសៀមរាប តាម​រយៈ​រថយន្ត​ក្រុង​សាធារណៈ​ដោយ​ឥត​គិតថ្លៃ ដែល​រៀបចំ​ដោយ​រាជរដ្ឋាភិបាល ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ បាន​មក​ដល់ ចំណត​នៅ​មណ្ឌល​រដ្ឋបាល​មន្ទីររបស់​ខេត្ត​សៀមរាបជា​បន្តបន្ទាប់​ហើយ កាលពីរសៀល​ថ្ងៃ​ទី២៩​ខែកញ្ញា ឆ្នាំ​២០២៤​ ​។

បើ​តាម​ការឱ្យដឹង​ពីស្ត្រីឈ្មោះ នី ចាន់​មាន ដែល​មានស្រុក​កំណើតនៅ​សង្កាត់​ក្របីរៀល ក្រុង​បាន​លើក​ឡើង​ថា គ្រួសារ​អ្នកស្រីធ្លាប់​បាន​ទទួល​សេវា​រថយន្តក្រុង​ដោយ​ឥត​គិតថ្លៃ​នេះ​ជា​ច្រើនលើក​មក​ហើយ​តាំងពី​រាជរដ្ឋាភិបាល​ប្រកាសឱ្យ​ផ្តល់​រថយន្តក្រុង​ដឹក​ពលរដ្ឋ ​ដោយ​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​ជា​លើក​ដំបូង​។

អ្នកស្រី​ប្រាប់​ពី​បទ​ពិសោធន៍​ជិះ​រថយន្តក្រុង​សាធារណៈ​កន្លង​មក ​គឺ​មាន​ភាព​ងាយស្រួល មិន​ចង្អៀត មិន​ធុញថប់ ហើយ​មាន​សុវត្ថិភាព​ទៀត​។ ជា​ពិសេស ​អាច​កាត់​បន្ថយ​ការ​ចំណាយ​បាន​ច្រើន ខណៈ​កាល​មិន​ទាន់​មាន​សេវា​រថយន្តក្រុង​សាធារណៈ​នេះ អ្នកស្រី​ត្រូវ​ចំណាយ​ថវិកា ២០​ម៉ឺន​រៀល​ជាមួយ​ស្វាមី ដើម្បី​ធ្វើ​ដំណើរ​មក​កាន់ស្រុក​កំណើតវិញ​។

សម្រាប់​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​ជិះរថយន្តក្រុង​នេះដែល​អ្នកខ្លះ​ជា​អ្នកសៀមរាប ហើយ​អ្នកខ្លះ​អ្នក​ភ្នំពេញ មក​លេង​សៀមរាប ក៏​បាន​ថ្លែង​អំណ​រគុណ​ដល់​រាជរដ្ឋាភិបាល ​ដែល​បាន​គិតគូរ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដោយ​ផ្តល់​ជា​រថយន្តក្រុង​ដឹក​ពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ជួបជុំ​គ្រួសារ និង​បាន​ធ្វើ​ដំណើរ​មក​លេង​ខេត្តសៀមរាប ដោយ​អស់ប្រាក់​លើ​ការ​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរបន្តិចបន្តួច​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាបបាន​បង្ហាញ​ថា​ ក្នុង​ឱកាសបុណ្យ​ភ្ជុំបិណ្ឌ​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ធ្វើ ដំណើរ​ទៅ​លេង​ស្រុក​កំណើត​ជួបជុំ​បង ប្អូន ក្រុម​គ្រួសារ​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត និង​ពី​បណ្តា​ខេត្ត​ត្រឡប់​ទៅ​រាជធានី​ភ្នំពេញ រយៈពេល​០៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី​០៤ ខែ តុលា ឆ្នាំ​២០២៤ ដោយ​ឥត​បង់ថ្លៃ​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង (City Bus) រដ្ឋបាល​រាជធានី​ភ្នំពេញ​។

ជាមួយ​គ្នា​នេះ រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ តាម​រថយន្តក្រុង (City Bus) រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​រថយន្ត ចំនួន​១៣៥​គ្រឿង សម្រាប់​បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​ពី​រាជធានី​ភ្នំពេញ មក កាន់​ខេត្តសៀមរាប និង ការ​ដឹក​ជញ្ជូន​ពី​ខេត្តសៀមរាប​ត្រឡប់​ទៅ​រាជធានី​ភ្នំពេញ​វិញ តាម​ពេលវេលា និង​ទីតាំង​ចំណត​ដូច ជា​៖ ១. ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​មក​ខេត្តសៀមរាប ទីតាំង​ចំណត​ដី​ឡូ​តិ៍​តំបន់ OCIC​ជ្រោយចង្វារ (​រង្វង់​មូល​ទេព​មច្ឆា​) រៀង​រាល់​ម៉ោង​០៦៖៣០​នាទី​ព្រឹក (​ចេញ​ជា​បន្តបន្ទាប់​រហូត​អស់​រថយន្ត​) ចាប់ពី​ថ្ងៃ​ទី​២៩​ខែកញ្ញា ដល់​ថ្ងៃ​ទី​០៣​ខែតុលា ឆ្នាំ ២០២៤ មក​ទីតាំង​ចំណត​មណ្ឌល​រដ្ឋបាល​មន្ទីរ ខេត្តសៀមរាប វិ​ថី​សម្តេច​វិបុល​បញ្ញា សុខ អាន (​ផ្លូវ​៦០​ម៉ែត្រ​)​។ ២. ចេញដំណើរ​ពី​ខេត្តសៀមរាប ទៅ​រាជធានី​ភ្នំពេញ តាម​ពេលវេលា និង​ទីកន្លែង​ដូច​ជា​៖ -​នៅ​ថ្ងៃ​ទី ២៩ ខែកញ្ញា ឆ្នាំ​២០២៤ ចេញដំណើរ​នៅ​វេលា​ម៉ោង ១៤៖៣០ នាទី​រសៀល​។

ចាប់ពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ដល់​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ ចេញដំណើរ​រៀង​រាល់​ម៉ោង​៦៖៣០ នាទី​ព្រឹក (​ចេញដំណើរ​ជា​បន្តបន្ទាប់​រហូត​អស់​រថយន្ត​) ចេញដំណើរ​ពី​ទីតាំង​មណ្ឌល​រដ្ឋបាល​មន្ទីរ​ខេត្តសៀមរាប វិ​ថី​សម្តេច​វិបុល​បញ្ញា សុខ អាន (​ផ្លូវ​៦០​ម៉ែត្រ​) ទៅ​ទីតាំង​ចំណត​ដី​ឡូ​តិ៍​តំបន់ OCIC ជ្រោយចង្វារ (​រង្វង់​មូល​ទេព​មច្ឆា​)​។ ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ធ្វើ ដំណើរ តាម​រថយន្ត របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ រថយន្តក្រុង (City Bus) រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកប ដោយ​សុវត្ថិភាព ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ