ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ជិះ​រថយន្តក្រុង​ដោយ​មិន​គិតថ្លៃ​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាសបុណ្យ​ភ្ជុំ

1 ថ្ងៃ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ ​ការ​ដឹក​ជញ្ជូន​បងប្អូន​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាសពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ តាម​រយៈ​រថយន្តក្រុង ដោយ​មិន​គិតថ្លៃ​ក្នុង​មួយ​ឆ្នាំ​ៗ…

​រាជធានីភ្នំពេញ​ ៖ ​ការ​ដឹក​ជញ្ជូន​បងប្អូន​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាសពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ តាម​រយៈ​រថយន្តក្រុង ដោយ​មិន​គិតថ្លៃ​ក្នុង​មួយ​ឆ្នាំ​ៗ បាន​កើនឡើង​ប្រមាណ​១០ ទៅ​១៥​ភាគរយ​ ។​

ការ​កើនឡើង​នូវ​ចំនួន​អ្នក​ជិះ​ជា​បន្តបន្ទាប់​នេះ គឺ​ដោយសារ​ពួក​គាត់​មាន​ជំនឿ​ទុកចិត្ត​លើ​ការ ដឹក​ជញ្ជូន​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ចង្អុលបង្ហាញ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្ដម​ឃួ​ង ស្រេង​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ខណៈ​ឯកឧត្ដម​, ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក៏​មានការ​ចូលរួម​ពី​អ្នកឧកញ៉ា​លាង ឃុន ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បាន​រួម​ដំណើរ​អញ្ជើញ​ទៅ​ជូន​ដំណើរ បងប្អូន​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ ទៅ​លេង​ស្រុក​កំណើត ក្នុង​ឱកាស ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ នា​ព្រឹក ព្រលឹម​ថ្ងៃអាទិត្យ​ទី​២៩​កញ្ញា​ឆ្នាំ​២០២៤​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​។

ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា​៖ រាល់​ពី​ធី​បុណ្យ​ជាតិ​ធំ​ៗ​ម្តង​ៗ ដូច​ជា​បុណ្យ ចូល​ឆ្នាំ​និង​បុណ្យ​ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ កម្មករ កម្មការិនី​និង​និយោជិត តែង​មក​ទទួល​សេវា​ជិះ​រថយន្តក្រុង ដោយ​មិន គិតថ្លៃ ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ជិះ​កើនឡើង​ប្រមាណ​១០​ទៅ​១៥​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ​។

ឯកឧត្ដម​ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ការ​កើនឡើង​នូវ​ចំនួន​អ្នក​ជិះ​ជា​បន្តបន្ទាប់​នេះ គឺ​ដោយសារ​មានការ​ផ្សព្វផ្សាយ ជាមួយ​និង​ការ​និយាយ​ត​ៗ​គ្នា​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ថា អ្នកបើកបរ​រថយន្តក្រុង​របស់​យើង​មាន​សុ​ជីវ​ធ​ម៏​ល្អ រថយន្ត​មាន​ផាសុកភាព​និង​ការ​ដឹក​ជញ្ជូន​បាន​ទាន់​ពេលវេលា ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ជឿ​ទុកចិត្ត ទើប​និយាយ​ត​ៗ​គ្នា រហូត​មាន​អ្នក​ជិះ​កើន​ឡើងជា​និច្ច​។

ឯកឧត្ដម​ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា​៖ ចំនួន​រថយន្តក្រុង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ តែង​កើន​ឡើងជា​បន្តបន្ទាប់ ធ្វើ​ឡើង ទៅ​តាម​ចំនួន​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​នេះ ដែល​បាន​កាត់​បន្ថយ​ពី​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​។​នេះ​ជា​ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​។

គួរ​បញ្ជាក់​ថា​៖ យោង​តាម​សេចក្តីជូនដំណឹង រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង ប្រើប្រាស់​រយៈពេល ០៦​ថ្ងៃ ដើម្បី​ដឹក​ជញ្ជូន​បងប្អូន​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ ទៅ​លេង​ស្រុក​កំណើត ជួបជុំ បងប្អូន​ក្រុម​គ្រួសារ ជា​ពិសេស​ទៅ​លេង​កម្សាន្ត​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស ដោយ​ចាប់ផ្តើម​ចេញ ដំណើរ ពី​ថ្ងៃ​ទី​២៩ ខែកញ្ញា​នេះ ដល់​ថ្ងៃ​ទី​០៤​ខែតុលា ឆ្នាំ​២០២៤ “​ជិះ​មិន​បង់ប្រាក់​” ជាមួយនឹង​ការ​ប្រើប្រាស់ រថយន្តក្រុង​ចំនួន ៦៥៣​គ្រឿង​។ ក្នុង​នោះ​ទី​១-​សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​៖ ប្រើប្រាស់​រថយន្តក្រុង​ចំនួន ១០០​គ្រឿង ។​ទី​២-​សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ដែល​នឹង​ធ្វើ​ដំណើរ​ពី​រាជធានី ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត និង​ពី​បណ្តា ខេត្ត​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ (​បណ្តា​ខេត្ត​នានា ក្រៅពី​តំបន់​ភូមិភាគ ឦសាន​)៖ ប្រើប្រាស់​រថយន្តក្រុង ចំនួន ៤៩៧​គ្រឿង​។

៣-​សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត និង​ទៅ​លេង​កម្សាន្ត​នៅ​តំបន់ ភូមិភាគ​ឦសាន (​ខេត្តក្រចេះ​, ស្ទឹង​ត្រែង​, មណ្ឌលគិរី និង​ខេត្តរតនគិរី​)៖ ប្រើប្រាស់​រថយន្តក្រុង​ចំនួន ៥៦​គ្រឿង​។ ទន្ទឹម​នឹង​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ខ្មែរ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​រៀបចំ​ទឹក​ពិសា​បរិសុទ្ធ​ដោយ​ឥត​គិតថ្លៃ​តាម​គោលដៅ​ចេញដំណើរ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន អ្នកដំណើរ​ទាំងអស់​ឱ្យ​រក្សា តម្លៃ​ដឹក​ជញ្ជូន​នៅ​ដដែល​ដោយ​ពុំ​ដំឡើង​ថ្លៃ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​នេះ ដើម្បី​រួមចំណែក​ជាមួយ​រាជ រដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ