ស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកជីក្រែងបានស្រកបណ្តើរៗហើយ
- សៀមរាប
ខេត្តសៀមរាប ៖ នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៤ នៅឃុំខ្វាវ ស្រុកជីក្រែង ដឹកនាំដោយលោក គុជ លីណា…
ខេត្តសៀមរាប ៖ នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៤ នៅឃុំខ្វាវ ស្រុកជីក្រែង ដឹកនាំដោយលោក គុជ លីណា…
ខេត្តសៀមរាប ៖ នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៤ នៅឃុំខ្វាវ ស្រុកជីក្រែង ដឹកនាំដោយលោក គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហ ការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនបង ប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់សរុបចំនួន៣៣គ្រួសារ ។ បច្ចុប្បន្ន ស្ថានភាពជំនន់ទឹកភ្លៀង បានច្រកចុះបណ្តើរអស់ហើយ ។
មានប្រសាសន៍នាឱកាសនោះដែរ លោក គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណកម្មាធិការសាខា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នា ការនយោបាយណាមួយ
ឡើយ។
លោកបន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ តែពិតជាអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយក ចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា«កាកបាទក្រហមកម្ពុជាមានគ្រប់ទី កន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង ១ គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អង្ករ ៣០ គីឡូក្រាម មី១កេស ទឹកត្រី១យួរ អំបិល១គីឡូក្រាម កន្ទេល១ និងថវិកា៤ម៉ឺនរៀល។
បន្ទាប់ពីចែកអំណោយជូនគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងរួច លោកអនុប្រធានអចិន្ត្រៃយ៍ បានបន្តអញ្ជើញចុះទៅពិនិត្យស្ថានភាពគ្រួសារងាយរងគ្រោះ (ខ្វះខាតស្បៀង) នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ក៏ដូចជាពិនិត្យស្ថានភាពទឹកនៅភូមិសាស្ត្រឃុំជាប់ស្ទឹងជីក្រែង មានឃុំជីក្រែង និងឃុំអន្លងសំណរផ្ទាល់ ។
សូមបញ្ជាក់ផងដែរថា ស្ថានភាពជំនន់ទឹកភ្លៀង ធ្លាក់ជាប់ៗគ្នា នៅខេត្តសៀមរាប ជាពិសេស នៅក្នុងភូមិសាស្ត្រស្រុកជីក្រែង កាលពីថ្ងៃទី២៤ ខែកញ្ញា វេលាម៉ោងប្រមាណ៥ ល្ងាច បានជួបបញ្ហាជំនន់ទឹកភ្លៀង ធ្វើឱ្យប៉ះពាល់ឃុំចំនួន ៥ គឺ ឃុំ ខ្វាវ , ឃុំ កំពង់ក្តី , ឃុំ ជីក្រែង , ឃុំ អន្លង់ សំណរ និង ឃុំ គោកធ្លកលើ ក្នុងនោះបណ្តាលឱ្យប៉ះពាល់ ផ្ទះប្រជាពលរដ្ឋ ចំនួន ៤៩៦ ខ្នងផ្ទះ , ប៉ះពាល់សាលារៀន ចំនួន២កន្លែង , ប៉ះពាល់ ផ្លូវកៅស៊ូចំនួន១៥ ម៉ែត្រ , ប៉ះពាល់ ផ្លូវដី ស /ផ្លូវគ្រួសក្រហម ចំនួន៥៦២ ម៉ែត្រ និងខូចខាតផ្លូវប្រវែង៨៥៨ម៉ែត្រ , ប៉ះពាល់ផ្លូវ ម៉ាឡេចំនួន១កន្កែង , ប៉ះពាល់ទំនប់៣០ ម៉ែត្រ , ប៉ះពាល់បង្គន់អនាម័យ ៦ខ្នង , ប៉ះពាល់ ស្រូវ១០៦០ហិកតា , ប៉ះពាល់ ដំណាំ រួមផ្សំ ១៤ ហិកតា , ជម្លៀស គោ ក្របី ចំនួន៨៣ក្បាល និងមាន់ ទា ៣០០ ក្បាល ។
ចែករំលែកព័តមាននេះ