ទីក្រុងញូយ៉ក៖ លោកត្រាំសន្យាថានឹងខិតខំបញ្ចប់សង្គ្រាមអ៊ុយក្រែនឱ្យបានបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនៅអាណត្តិថ្មី។ លោកថ្លែងដូច្នេះនៅពេលជួបជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី នៅទីក្រុងញូយ៉ក។ លោកថ្លែងបន្តទៀតថាលោកនឹងខិតខំធ្វើការជាមួយរុស្ស៊ីផង និងអ៊ុយក្រែនផងដើម្បីស្វែងរកដំណោះស្រាយមួយដ៏សមស្រប។
នៅចំពោះមុខអ្នកសារព័ត៌មានដែលប្រមូលផ្ដុំគ្នានៅវិមានត្រាំ (Trump Tower) លោកហ្សេឡិនស្គីថ្លែងថាលោកចង់លើកយក «ផែនការជ័យជម្នះ» ទៅពិគ្រោះគ្នាជាមួយលោកត្រាំនៅក្នុងកិច្ចជំនួបដំបូងចាប់តាំងពីឆ្នាំ២០១៩។ លោកថ្លែងថាលោកត្រូវការជួបជាមួយបេក្ខជនប្រធានាធិបតីអាមេរិកទាំង២រូបគឺលោកត្រាំផង និងលោកស្រីហារីសផងព្រោះអ៊ុយក្រែនមិនថាអាមេរិកមានមេដឹកនាំមកពីគណបក្សណាទេពិតជាត្រូវការណាស់នូវការគាំទ្រដ៏ខ្លាំងក្លា១ដើម្បីបន្តការតស៊ូនៅក្នុងសង្គ្រាម។
នៅក្នុងឱកាសជួបគ្នានោះ លោកត្រាំថ្លែងកោតសរសើរលោកហ្សេឡិនស្គីមិនដាច់ពីមាត់។ ប៉ុន្តែទន្ទឹមនឹងនោះ លោកក៏មិនត្រូវការស្អប់មួយស្រឡាញ់មួយនោះដែរ។ លោកថាលោកក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកពូទីនដែរ។ លោកហ្សេឡិនស្គីយកឱកាសនៃដំណើរទស្សនកិច្ចទៅប្រទេសអាមេរិកលើកនេះដើម្បីផ្សព្វផ្សាយអំពីផែនការជ័យជម្នះរបស់លោក។
មន្ត្រីរដ្ឋាភិបាលអាមេរិកចាត់ទុកថាផែនការនេះជាការស្នើសុំអាវុធបន្ថែមទៀត និងបញ្ចុះបញ្ចូលឱ្យអាមេរិក និងអឺរ៉ុបអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដើម្បីបាញ់ចូលជ្រៅៗទៅក្នុងទឹកដីរុស្ស៊ី។ អ៊ុយក្រែនរំពឹងថាផែនការនេះអាចជួយឱ្យខ្លួនមានជ័យជម្នះនៅក្នុងសង្គ្រាម។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអាមេរិកយល់ថាក្ដីស្រមៃនេះគ្មានភាពប្រាកដនិយមទេ។
ចំពោះសំណួររបស់អ្នកសារព័ត៌មានដែលថា «តើអ៊ុយក្រែនគួរកាត់ទឹកដីរបស់ខ្លួនឯងខ្លះទៅឱ្យរុស្ស៊ីដើម្បីជាថ្នូរនឹងសន្តិភាពឬយ៉ាងណា? លោកត្រាំតបថាបើធ្វើបែបនេះរដ្ឋាភិបាលទីក្រុងកៀវមិនសុខចិត្តទេ។ យើងត្រូវរង់ចាំមើលទាំងអស់គ្នាតើនឹងមានអ្វីកើតឡើង។ លោកត្រាំហាក់ដូចជាកែសម្រួលពាក្យពេចន៍ក្នុងការនិយាយពាក់ព័ន្ធនឹងគោលជំហរចំពោះអ៊ុយក្រែន។
កាលពីថ្ងៃចន្ទ លោកនិយាយដៀមដាមឱ្យលោកហ្សេឡិនស្គីសម្បើមណាស់។ លោកថាលោកហ្សេឡិនស្គីចង់ឃើញលោកស្រីហារីសឈ្នះឆ្នោត។ កាលនោះ លោកចាត់ទុកលោកហ្សេឡិនស្គីជា «ភ្នាក់ងារលក់ដ៏ឆ្នើមបំផុតគ្រប់សម័យកាល» ព្រោះគាត់ (ហ្សេឡិនស្គី) ពូកែនិយាយបញ្ចុះបញ្ចូលឱ្យអាមេរិក និងអាមេរិកទម្លាក់លុយរាប់ពាន់លានដុល្លារដើម្បីធ្វើសង្គ្រាម។
លោកត្រាំថ្លែងថាបើសិនលោកឈ្នះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ លោកនឹងចាប់ផ្ដើមដោះស្រាយបញ្ហាអ៊ុយក្រែនជាបណ្ដើរៗមិនចាំបាច់រង់ចាំដល់ពេលស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នោះទេ។ កាលពីមុននេះ លោកហ្សេឡិនស្គីជួបលោកបៃដិន និងលោកស្រីហារីស។ លោកក៏ទើបតែធ្វើដំណើរទៅមើលរោងចក្រផលិតអាវុធនៅរដ្ឋផឹនស៊ីលវេនៀ (Pennsylvania) ដោយមានអភិបាលរដ្ឋនេះអមដំណើរទៅជាមួយផង។
នៅក្នុងក្រសែភ្នែករបស់គណបក្សសាធារណរដ្ឋ ការធ្វើបែបនេះហាក់ដូចជាជួយឃោសនាឱ្យគណបក្សប្រជាធិបតេយ្យព្រោះអភិបាលរដ្ឋនេះជាមនុស្សរបស់គណបក្សប្រជាធិបតេយ្យ និងជាសម្ព័ន្ធមិត្តរបស់លោកស្រីហារីស។ ក្រុមរបស់លោកត្រាំមិនសប្បាយចិត្តសោះនឹងទង្វើបែបនេះ។ ផឹនស៊ីលវេនៀជារដ្ឋសំខាន់ដែលកំណត់ភាពចាញ់-ឈ្នះរវាងបេក្ខជនទាំងពីរ។ អ្នកជិតស្និទ្ធរបស់លោកត្រាំបង្ហើបឱ្យដឹងថាតាមពិតជំនួបរវាងលោកត្រាំ និងលោកហ្សេឡិនស្គីមិនសមកើតមានទេពីដំបូងដៃ។ ប៉ុន្តែក្រោយមក លោកត្រាំកែសម្រួលឥរិយាបថរបស់គាត់ឡើងវិញ។ បំណាច់នឹងលោកហ្សេឡិនស្គីទៅដល់ទីក្រុងញូយ៉កហើយលោកក៏សម្រេចចិត្តជួបគ្នាតែម្ដងទៅ៕
ចែករំលែកព័តមាននេះ