ទីក្រុងតេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ថ្លែងថាការបាញ់សម្លាប់មេបញ្ជាការរបស់ក្រុមហេសបូឡាកាលពីពេលថ្មីៗនេះពីសំណាក់ទាហានអ៊ីស្រាអែលមិនអាចបំបាក់ស្មារតីតស៊ូរបស់ក្រុមនេះ (ហេសបូឡា) បានឡើយ។ អគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ លោកអាចារ្យអាយ៉ាតូឡា ខាមេនី (Ayatollah Ali Khamenei) ថ្លែងដូច្នេះបន្ទាប់មេៗរបស់ក្រុមហេសបូឡាស្លាប់អស់ជាច្រើននាក់នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ហេសបូឡាដែលផ្ទុះឡើងត្រឹមតែបីថ្ងៃចាប់ពីថ្ងៃចន្ទ-ពុធបានឆក់យកជីវិតមនុស្សជាង៥០០នាក់។
គិតត្រឹមល្ងាចថ្ងៃពុធ របាយការណ៍សរុបរបស់ក្រសួងសុខាភិបាលលីបង់បង្ហាញថាចំនួនអ្នកស្លាប់កើនឡើងដល់៥៦៩នាក់ដោយសារយុទ្ធនាការយោធារបស់អ៊ីស្រាអែល។ នេះជាយុទ្ធនាការដ៏បង្ហូរឈាមបំផុតមិនធ្លាប់មាននៅប្រទេសលីបង់នៅក្នុងរយៈពេល២ទសវត្សចុងក្រោយ។ កន្លងមក លីបង់ និងអ៊ីស្រាអែលធ្លាប់ប៉ះទង្គិចគ្នាល្មមៗនៅតាមព្រំដែន។ ប៉ុន្តែលើកនេះអ៊ីស្រាអែលលេងរាងធ្ងន់ដៃបន្តិចបន្ទាប់ពីពួកគេ (អ៊ីស្រាអែល) ទើបតែរួចដៃពីសង្គ្រាមនៅហ្កាហ្សា។ ដូច្នេះ ក៏បន្តវាយប្រហារប្រទេសលីបង់តែម្ដង។
អគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ចោទប្រកាន់ថាអ៊ីស្រាអែលដោយសារតែមិនអាចបង្ក្រាបគូបដិបក្ខរបស់ខ្លួនបាន ម៉្លោះហើយក៏ងាកទៅវាយប្រហារជនស៊ីវិលស្លាប់យ៉ាងរង្គាល។ តាមពិត ក្រុមហេសបូឡាអាចទទួលបានអាវុធយុទ្ធភ័ណ្ឌ មានលុយមានកាក់សម្រាប់ប្រឆាំងនឹងអ៊ីស្រាអែលដោយសារបានរដ្ឋាភិបាលអ៊ីរ៉ង់ជួយជ្រោមជ្រែង និងគាំទ្រជាហូរហែចាប់តាំងពីចលនានេះបង្កើតដំបូងកាលពីឆ្នាំ១៩៨២។
ក្រៅពីរិះគន់ប្រទេសអ៊ីស្រាអែលខ្លាំងៗ អគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ក៏រិះគន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនផងដែរ។ លោកថ្លែងថាអាមេរិកធ្វើឱ្យភ្នក់ភ្លើងសង្គ្រាមនៅលីបង់ឆាបឆេះកាន់តែខ្លាំង។ ភាពតានតឹងនេះចាប់ផ្ដើមកើតឡើងតាំងពីក្រោយថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នៅពេលក្រុមហាម៉ាស់វាយប្រហារអ៊ីស្រាអែល។ ប៉ុន្តែពួកគេច្រើនប៉ះទង្គិចគ្នារប៉េះរប៉ោះតែប៉ុណ្ណោះ។ សភាពការណ៍តានតឹងខ្លាំងក្រោយហេតុការណ៍ផ្ទុះឧបករណ៍ផ្ញើសារ និងវិទ្យុទាក់ទងនៅលីបង់កាលពីសប្ដាហ៍មុន។
លោកអាចារ្យខាមេនីថ្លែងថាអាមេរិកប្រកាសពីសម្បកខាងក្រៅថាខ្លួនមិនបានដឹងថាអ៊ីស្រាអែលមានផែនការវាយប្រហារទៅលើប្រទេសលីបង់ទេ។ ប៉ុន្តែលោកយល់ថាធាតុពិត ពួកគេដឹងរឿងនេះច្បាស់ណាស់។ ពួកគេថែមទាំងជាប់ពាក់ព័ន្ធនឹងផែនការណ៍នេះថែមទៀត។ ពួកគេបន់ឱ្យតែអ៊ីស្រាអែលមានជ័យជម្នះនៅក្នុងសង្គ្រាម។ រដ្ឋាភិបាលរបស់លោកបៃដិនធ្វើម៉េចត្រូវតែគាំទ្រអ៊ីស្រាអែលរហូតដល់ទទួលបានជ័យជម្នះមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនាថ្ងៃទី៤ ខែវិច្ឆិកាខាងមុខនេះ។ ចំពោះការចោទប្រកាន់ទាំងនេះ គេមិនទាន់ឃើញអ៊ីស្រាអែល និងអាមេរិកបញ្ចេញប្រតិកម្មតបនៅឡើយទេ៕
ចែករំលែកព័តមាននេះ