វៀតណាម ៖ ព្យុះយ៉ាកជី ព្យុះប៊ីបិនកា និងព្យុះស៊ូលីក បានវាយលុយបន្តកន្ទុយគ្នាដោយផ្ទាល់ និងប្រយោលទៅលើប្រទេសវៀតណាម រាប់ចាប់ពីថ្ងៃទី០៦ កញ្ញា រហូតមកដល់ពេលនេះដែលបង្កឱ្យមានទឹកភ្លៀងធ្លាក់ជោគជាំ ទឹកជំនន់ ជំនន់រហ័ស បំណាក់ដី រួមទាំងគ្រោះថ្នាក់ផ្សេងៗសម្លា.ប់ប្រជាជនវៀតណាម ជាង២៥០នាក់ និងជាង៤០នាក់បន្តបាត់ខ្លួន ។
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានវៀតណាម VN Express បានចុះផ្សាយថា បន្ទាប់ពីរងការវា.យប្រហារពីព្យុះផ្ទួនៗហានិភ័យនៃការបាក់ដី នៅតាមបណ្តាខេត្តភាគកណ្តាល និងតាមតំបន់ភ្នំកំពុងឈានដល់កម្រិតអាសន្ន ដែលជំរុញឱ្យអាជ្ញាធរខេត្តយ៉ាងហោចណាស់ ចំនួនដូចជា ខេត្ត Vinh Phuc, Hoa Binh, Bac Giang និង Phu Tho ប្រកាសដាក់ខេត្ត ក្នុងគ្រាអាសន្ន ដើម្បីឆ្លើយតបទៅនឹងវិនាសកម្មនៃការបាក់ស្រុតដីចុះពីភ្នំទាំងអស់នោះ ។
ខេត្ត Vinh Phuc ៖ អាជ្ញាធរបានចេញសេចក្តីប្រកាសអាសន្នគ្រោះធម្មជាតិ និងបញ្ជាឱ្យជួសជុលទំនប់នៅច្រាំងខាងឆ្វេង នៃទន្លេ Lo ក្នុងឃុំ Bach Luu ស្រុក Song Lo ។ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ដីដែលបន្តបាក់ប្រមាណ២០០ម៉ែត្រនៅលើទំនប់មួយនេះ ហើយដីនឹងបន្តបាក់ចុះពីភ្នំជាបន្តបន្ទាប់ ។
ខេត្ត Vinh Phuc បានវា.យតម្លៃការបាក់ដីនៅទីតាំងនេះ ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ ជាពិសេសគំរា.មកំហែ.ងដោយផ្ទាល់ដល់សុវត្ថិភាពនៃទំនប់ទន្លេ Lo ។ គណៈកម្មាធិការប្រជាជនស្រុក Song Lo បង្កើតប៉ុស្តិ៍ត្រួតពិនិត្យ និងកម្លាំងប្រចាំការ 24/7 នៅកន្លែងបាក់ដី រហូតដល់ស្ថានភាពត្រូវបានដោះស្រាយ ។
អាជ្ញាធរបានរៀបចំបង្វែរចរាចរណ៍ ហាមយានជំនិះលើសទម្ងន់ និងផ្ទុកលើសទម្ងន់មិនឱ្យរត់លើទំនប់ទឹក និងកន្លែងកកកុញ ដើម្បីធានាឱ្យមានលំហូរចរាចរណ៍ដោយរលូនសម្រាប់ការជួយសង្គ្រោះ និងការពារទំនប់ទឹកក្នុងករណីមានឧបទ្ទវហេតុកើតឡើង ។ ខេត្ត Hoa Binh៖ អាជ្ញាធរ ខេត្ត Hoa Binh បានប្រកាសស្ថានភាពអាសន្នដោយសារការបាក់ដីនៅតំបន់ចំនួន២ នៅឯស្រុក Lac Son និង ស្រុក Da Bac ។
បន្ទាប់ពីខ្យល់ព្យុះភ្នំ និងទីតាំងជាច្រើនកន្លែង កើតមានស្នាមប្រេះធំៗដីបាក់ស្រុតជាដំណាក់ៗ និងមានជម្រៅជ្រៅៗ ដោយកន្លែងខ្លះមានប្រវែងជាង៨០០ម៉ែត្រ នៅលើផ្ទៃដីប្រមាណ ៧ហិកតា ។ អាជ្ញាធរប៉ាន់ប្រមាណថា បរិមាណថ្ម និងដី ប្រសិនបើការបាក់ដីកើតឡើង គឺប្រហែល ៧-៨ លានម៉ែត្រការ៉េ ដែលគំរា.មកំហែ.ងដល់ប្រជាពលរដ្ឋចំនួន១១១គ្រួសារ ដែលមានមនុស្ស៥៣៩នាក់ ។ ក្នុងនោះ៦០គ្រួសារ និងមនុស្សជិត២៨០នាក់ ត្រូវបានជម្លៀសចេញពីតំបន់រងគ្រោះធ្ងន់ធ្ងរ ។
ខេត្ត Bac Giang ៖ អាជ្ញាធរខេត្ត Bac Giang បានប្រកាសស្ថានភាពអាសន្នទាក់ទងនឹងការបាក់ដីនៅលើភ្នំ Y Son ដោយសារការលេចចេញនូវស្នាមប្រះប្រវែងរាប់រយម៉ែត្រ រួមទាំងទីតាំងជាច្រើននៅក្នុងខេត្តនេះ ។ ស្នាមប្រេះទាំងនោះគំរា.មកំហែ.ងដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ។
ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ខេត្តបានស្នើដល់គណៈកម្មាធិការប្រជាជនស្រុក Hiep Hoa ស្រុក Doan Hung ត្រួតពិនិត្យឲ្យបានដិតដល់ និងតម្រូវឱ្យកាប់ដើមឈើឈូសឆាយ បោះបង្គោល និងដាក់ស្លាកសញ្ញានៅតំបន់គ្រោះថ្នាក់បាក់ដី និងដាក់ស្លាកសញ្ញា ដើម្បីតាមដានស្នាមប្រេះ ការបាក់ស្រុត និងបញ្ចៀសទឹកកុំឱ្យហូរចូលទៅក្នុងស្នាមប្រេះ ។
មជ្ឈមណ្ឌលជាតិសម្រាប់ព្យាករណ៍ធនធានជលសាស្ត្រវៀតណាម បានព្រមានថា ភ្លៀងធ្លាក់ខ្លាំងបន្ទាប់ពីព្យុះទីហ្វុងផ្ទួនៗបានធ្វើឱ្យក្រោមដីមានសំណើមខ្ពស់ នៅក្នុងខេត្តជាច្រើនទាំងនៅតំបន់ភ្នំ និងដីគោក ដូច្នេះហើយទោះបីជាមានភ្លៀងធ្លាក់ខ្លាំង ឬអត់ក៏ដោយ តំបន់ទាំងនេះនៅតែប្រឈមនឹងគ្រោះទឹកជំនន់ និងការរអិលបាក់ដី ។ ទាំងអាជ្ញាធរ និងប្រជាជន នៅក្នុងតំបន់ហានិភ័យត្រូវបង្កើនការត្រួតពិនិត្យតំបន់ងាយរងគ្រោះ ដើម្បីរៀបចំផែនការជម្លៀសចេញ និងទប់ស្កាត់ទំហំនៃការខូចខាត ។ ក្រៅពីខេត្ត៤ខាងលើ នាពេលថ្មីៗនេះក៏មានខេត្តជាច្រើនទៀតក៏បានប្រកាសអាសន្នពីបាក់ដីដូចគ្នា ដែលមានដូចជា ខេត្ត Cao Bang, Yen Bai, Lao Cai, Tuyen Quang និង Thai Nguyen ជាដើម៕
ចែករំលែកព័តមាននេះ