ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ក្រុង​សៀងហៃ​កំពុង​លិច​លង់​យ៉ាង​ខ្លាំង​​ដោយ​សារ​ខ្យ​ល់​ព្យុះ​ភូឡាសាន

7 ម៉ោង មុន

ទី​ក្រុង​សៀង​ហៃ៖ ដង​វិថី​នានា​នៅ​ទី​ក្រុង​សៀងហៃ និង​តំបន់​ខ្សែ​ក្រវាត់​ទី​ក្រុង​នេះ​​​​លិច​លង់​​យ៉ាង​ធ្ងន់​ធ្ងរនៅ​​ថ្ងៃ​សុក្រ​ដោយ​សារ​ខ្យល់​ព្យុះ​ទី​ហ្វុង​ឈ្មោះ​ភូឡាសាន (Pulasan) ដែលចាប់​ផ្ដើម​បោក​បក់​​​ទៅ​ដល់​ទី​នោះ​ដំបូង​នៅ​​សង្កាត់​ហ្វឹង​ស៊ាន (Fengxian) កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។ ខ្យល់​នេះ​មានល្បឿន​៨៣​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួរ​។ ក្រសួង​ឧតុ​និយម​ព្យាករ​ថា​ខ្យល់​ព្យុះ​ភូឡាសាន​នឹង​ចាប់​ផ្ដើម​ថម​ថយ​កម្លាំង​​បន្តិច​វិញ​នៅ​ពេល​វា​បោក​បក់​ចូល​កាន់​តែ​ជ្រៅ​​ទៅ​​ក្នុង​តំបន់​ដី​គោក។…

ទី​ក្រុង​សៀង​ហៃ៖ ដង​វិថី​នានា​នៅ​ទី​ក្រុង​សៀងហៃ និង​តំបន់​ខ្សែ​ក្រវាត់​ទី​ក្រុង​នេះ​​​​លិច​លង់​​យ៉ាង​ធ្ងន់​ធ្ងរនៅ​​ថ្ងៃ​សុក្រ​ដោយ​សារ​ខ្យល់​ព្យុះ​ទី​ហ្វុង​ឈ្មោះ​ភូឡាសាន (Pulasan) ដែលចាប់​ផ្ដើម​បោក​បក់​​​ទៅ​ដល់​ទី​នោះ​ដំបូង​នៅ​​សង្កាត់​ហ្វឹង​ស៊ាន (Fengxian) កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។ ខ្យល់​នេះ​មានល្បឿន​៨៣​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួរ​។

ក្រសួង​ឧតុ​និយម​ព្យាករ​ថា​ខ្យល់​ព្យុះ​ភូឡាសាន​នឹង​ចាប់​ផ្ដើម​ថម​ថយ​កម្លាំង​​បន្តិច​វិញ​នៅ​ពេល​វា​បោក​បក់​ចូល​កាន់​តែ​ជ្រៅ​​ទៅ​​ក្នុង​តំបន់​ដី​គោក។ ​វា​បាន​​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង​ពាស​ពេញ​ទី​ក្រុង​សៀង​ហៃ​។ តាម​រយៈ​វីឌីអូ​ឃ្លីប​​ដែល​គេ​ចែក​ចាយ​ត​គ្នា​តាម​បណ្ដាញ​សង្គម គេ​ឃើញ​ថា​​ទឹក​ជំនន់​ចាប់​ផ្ដើម​ល្ហ​ល្ហាច​តាម​ដង​វិថី​នៃ​ទី​ក្រុង​សៀង​ហៃ​។ ប្រជា​ជន​ត្រូវ​​​ដើរ​លុយ​ទឹក​ត្រឹម​ស្មង​ជើង​។ ​​មិន​ទាន់មានព័ត៌​មាន​ផ្សាយ​ពី​​ការ​​​ខូចខាត​ទ្រព្យ​សម្បត្តិ​ធ្ងន់​ធ្ងរ ឬ​ក៏​បាត់​បង់​អាយុ​ជីវិត​របស់​មនុស្ស​នៅ​ឡើយ​ទេ​។​​​

​តាម​រយៈ​វីឌីអូ​ឃ្លីប​​ដែល​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​របស់​រដ្ឋ គេ​ឃើញ​​​នគរ​បាល​ខិត​ខំ​រុញ​ឡាន​ដែល​ជាប់​ផុង​នៅ​ក្នុង​ទឹក​។ នៅ​ក្នុង​ឈុត​ខ្លះ​ទៀត​នៃ​វីឌីអូ​ដដែល​នោះ​ គេ​ឃើញ​អ្នក​បើក​បរ​ម៉ូតូ​កូន​ទា​ខិត​ខំ​ទប់​ជ្រែង​ដៃ​ចង្កូត​ដើម្បី​ធ្វើ​យ៉ាង​ណា​ជិះ​ឆ្លង​ទឹក​ដែល​ជន់​លិច​ចំណុច​ផ្លូវ​ប្រសព្វ​។ នៅ​ម្ដុំ​ៗ​នោះ គេ​ដឹង​ថា​រថ​យន្ត​ប្រហែល​ដប់​គ្រឿង​ត្រូវ​គាំង​ម៉ាស៊ីន​ដោយ​សារ​ទឹកលិច​។​

​គួរ​កត់​សម្គាល់​ថា​​​ខ្យល់​ព្យុះ​ភូឡាសាន​វាយ​ប្រហារ​ទី​ក្រុង​សៀង​ហៃ​លើក​នេះ​ត្រឹម​តែ​​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ទី​ក្រុងដដែល​នេះ​​ទើប​​តែ​ទទួល​រង​ការ​វាយ​ប្រហារ​​ដោយ​​ខ្យល់​ព្យុះ​ប៊ី​ប៊ីន​កា (Bebinca) កាល​ពី​ថ្ងៃ​ចន្ទ​។ ប៊ី​ប៊ីន​កា​​ជា​ខ្យល់​ព្យុះ​ដែល​វាយ​ប្រហារ​ទី​ក្រុង​សៀង​ហៃ​ដ៏​ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៩​។

ដើម​ឈើ​១៨០០​ដើម​ត្រូវ​ខ្យល់​ព្យុះ​នេះ​គាស់​រំលើង​ទាំង​ឫស​ឱ្យ​ដួល​រេល​ពេញ​ផ្លូវ​​ និង​កាត់​ផ្ដាច់​ភ្លើង​អគ្គិស​នី​នៅ​តាម​ផ្ទះ​របស់​អ្នក​ស្រុក​៣​ម៉ឺន​ខ្នង​។ អាជ្ញា​ធរ​ជម្លៀស​មនុស្ស​ជាង​៤​សែន​នាក់​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់​នៅ​ទូទាំង​ទី​ក្រុង​សៀង​ហៃ​។

អ្នក​វិទ្យា​សាស្ត្រ​ធ្លាប់​ព្រមាន​ជា​ញឹក​ញាប់​ថា​គ្រោះ​ធម្ម​ជាតិ​ដែល​កើត​ឡើង​នៅ​លើ​ភព​ផែន​ដី​ចាប់​ពី​ពេល​នេះ​ត​ទៅ​អនាគត​នឹង​មាន​សភាព​កាន់​តែ​អាក្រក់​ឡើង​ៗ​។ មូល​ហេតុ​ដោយ​សារ​មនុស្ស​យើង​មិន​ព្រម​ជួយ​យក​អាសា​​ធម្ម​ជាតិ​ មិន​ព្រម​គិត​គូរ​ចំពោះ​ធម្ម​ជាតិ​​ គិត​តែ​បញ្ចេញ​ឧស្ម័ន​ពុល​ទៅ​ក្នុង​បរិយា​កាស។ ដូច្នេះ ផល​នៃ​អំពើ​របស់​មនុស្ស​នឹង​ជះ​ត្រឡប់​ទៅ​​រក​មនុស្ស​វិញ​ជា​មិន​ខាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ