ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដឹក​គ្រែ​លក់​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ ត្អូញ​ថា ឆ្នាំ​២០២៤ លក់​ចាញ់​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​ឆ្ងាយ​ណាស់

19 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អ្នក​ដឹក​គ្រែ​លក់​តាម​រ៉ឺ​ម៉ក​ម៉ូតូ​បាន​ត្អូញត្អែរ​ថា រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៤​នេះ​ការ​លក់ដូរ​ជួប​ការ​លំបាក​ខ្លាំង​ណាស់ លក់​មិនសូវ​ដាច់​ឡើយ ដែល​បញ្ហា​នេះ​ពិបាក​រក​ឃើញ​ប្រាក់​ចំណេញ​ខ្លាំង​ណាស់ ។ ជា​ពិសេស​ប្រឈម​និង​បំណុល​ធនាគារ​ថែម​ទៀត…

រាជធានី​ភ្នំពេញ ​៖ អ្នក​ដឹក​គ្រែ​លក់​តាម​រ៉ឺ​ម៉ក​ម៉ូតូ​បាន​ត្អូញត្អែរ​ថា រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៤​នេះ​ការ​លក់ដូរ​ជួប​ការ​លំបាក​ខ្លាំង​ណាស់ លក់​មិនសូវ​ដាច់​ឡើយ ដែល​បញ្ហា​នេះ​ពិបាក​រក​ឃើញ​ប្រាក់​ចំណេញ​ខ្លាំង​ណាស់ ។ ជា​ពិសេស​ប្រឈម​និង​បំណុល​ធនាគារ​ថែម​ទៀត ដែល​ចាញ់​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​ឆ្ងាយ​ណាស់ ថ្វី​ដ្បិតតែ​ពេល​នោះ​ហាក់​វឹកវរ​មែន តែ​សប្បាយ​ក្នុង​ការ​លក់ដាច់​ជាង​ពេល​នេះ អាច​រក​ប្រាក់​បង់​ធនាគារ​និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឲ្យ​កូន​រៀន​បាន​ស្រួល​ជាង ។

នៅ​ពេល​សួរ​ថា ក្នុងអំឡុងពេល​នៃ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ មនុស្ស​ទូទៅ​ជួប​ការ​លំបាក​គ្រប់​គ្នា​រក​ប្រាក់​ពុំ​សូវ​បាន លំបាក​ក្នុង​ការ​ចេញ​ធ្វើការ​រក​ប្រាក់ សូ​ម្បី​តែ​តំបន់​ខ្លះ​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​បិទ​ខ្ទប់​ផង​នោះ តើ​ហេតុ​អ្វី​បានជា​ថា ពេល​នោះ​ស្រួល​លក់​និង​លក់ដាច់​ជាង​ពេល​នេះ​ទៅ​វិញ ? ។ ពួក​គាត់​បាន​ឆ្លើយ​ថា ពួក​គាត់​ក៏​ឆ្ងល់​ដែរ ហើយ​ក៏​ពុំ​បានដឹង​ថា​មក​ពី​មូលហេតុ​អ្វី​ដែរ ប៉ុន្តែ​បើ​តាម​ការ​ស្មាន​របស់​ពួក​គាត់​នោះ គឺថា​អាច​ដោយសារ​តែ​ពេល​ទើប​ចាប់ផ្ដើម​ផ្ទុះ​ជំងឺ​កូ​វី​ដ​ភ្លាម​ៗ ក្នុង​ឆ្នាំ​២០១៩​និង​២០២០​នោះ សេដ្ឋកិច្ច​សកល​មិន​ទាន់​ធ្លាក់​ចុះ​ខ្លាំង​នៅឡើយ ហើយ​មនុស្ស​ភាគច្រើន​ក៏​នៅ​មាន​លុយ​ក្នុង​ដៃ​នៅឡើយ​ដែរ ។

ពួក​គាត់​បាន​និយាយ​ទៀត​ថា លុះ​ផុ​តពីនោះមក​សេដ្ឋកិច្ច​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​មនុស្ស​រក​លុយ​ក៏​កាន់តែ​លំបាក ទោះជា​មាន​តម្រូវការ​ចង់បាន​គ្រែ​ដេក​ដែរ ប៉ុន្តែ​គ្មាន​លុយ​ទិញ ជាក់ស្ដែង​កន្លង​មក​ពួក​គាត់​ដែល​ជា​អ្នកលក់​បាន​ជួប​ច្រើន​មក​ហើយ​ចំពោះ​អតិថិជន​ខ្លះ ពេល​បានឃើញ​ពួក​គាត់​ដឹក​គ្រែ​លក់​កាត់មុខ​ផ្ទះ​បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​ទិញ ។ បើ​តាម​មើលទៅ​អតិថិជន​ទាំងនោះ​ពិតជា​ចង់បាន​គ្រែ​ខ្លាំង​ណាស់ តែ​ទាស់​លុយ​អត់​គ្រប់​អត់​លទ្ធភាព​ដើម្បី​ទិញ​ឡើយ ចំណែក​ពួក​គាត់​ក៏​ចង់​លក់​ជូន​ដែរ ព្រោះ​ទី​១​ឆាប់​អស់​បាន​ត្រលប់​ទៅ​ផ្ទះ​យក​មក​លក់​បន្ត​ទៀត និង​ទី​២​បាន​ស្រាល​រ៉ឺ​ម៉ក​ស្រួល​ដឹក​ធូរ​កម្លាំង​ផង​ដែរ ។

ប៉ុន្តែ​អតិថិជន​ខ្លះ​បាន​តថ្លៃ​ទាប​បំផុត​តាម​ទៅ​តាម​ទឹក​លុយ​ដែល​ខ្លួន​មាន ដោយ​ឲ្យ​មិន​ដល់​ថ្លៃដើម​ដែល​ពួក​គាត់​ទិញ​ចូល​មក​ផង ធ្វើ​ឲ្យ​ពួក​គាត់​អត់​ចំណេញ​ហើយ​ខាត​ទៀត​ដើម ទើប​មិន​អាច​លក់​ជូន​បាន​នោះ​ឡើយ ។

នៅ​ក្នុង​មុខរបរ​អាជីព​ជា​អ្នក​ដឹក​គ្រែ​លក់​តាម​រ៉ឺ​ម៉ក​ម៉ូតូ​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មកនេះ លោក​អុ​ិ​ន សុខ អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ទួល​ដំណាក់ ឃុំ​ទួល​ដំណាក់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ក៏​បាន​ត្អូញត្អែរ​ដូច​គ្នា​ទៅ​និង​អ្នកលក់​គ្រែ​ផ្សេង​ទៀត​ផង​ដែរ ។ គាត់​ថា ចាប់ពី​ចន្លោះ​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៤​នេះ ហាក់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​លើ​មុខរបរ​មួយ​នេះ ដោយសារ​តែ​លក់​មិនសូវ​ដាច់​សោះ គឺ​ចាញ់​អំឡុង​ពេល​ដែល​ជំងឺ​កូ​វី​១៩​ផ្ទុះ​ឡើង​នា​ឆ្នាំ​២០១៩-២០២០​ទៅ​វិញ ។

បុរស​នោះ​បាន​រៀបរាប់​ប្រាប់​បន្ថែម​ទៀត​ថា ពេល​នោះ​លក់ដាច់​ខ្លាំង​ជាង​ពេល​នេះ​ឆ្ងាយ​ណាស់ ដោយ​ក្នុង​១​រ៉ឺ​ម៉ក​ចំនួន​៧​គ្រែ​រួម​ទាំង​ទូ​ផ្ដៅ​មួយ​ចំនួន​ទៀត​ផង លក់​ត្រឹមតែ​រយៈពេល​១​អាទិត្យ ឬ​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ​គឺ​លក់​អស់ហើយ រួច​ត្រលប់​ទៅ​ស្រុក​វិញ​យក​មក​លក់​បន្ត​ទៀត​ហើយ ។ ដោយឡែក​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ជួប​ការ​លំបាក​ជា​បន្តបន្ទាប់ ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ​តែ​ម្ដង មិន​ងាយ​លក់​អស់​ទេ គ្រែ​១​រ៉ឺ​ម៉ក​ចំនួន​៧​គ្រែ​ដូច​គ្នា រយៈពេល​ជាង​២​ខែ​ហើយ ក៏​លក់​អត់​អស់​ដែរ រកតែ​ប្រាក់​ដើម្បី​បង់​ធនាគារ​លែង​បាន​ហើយ ហើយ​គាត់​ខាន​បង​ធនាគារ​៥​ខែ​មក​ហើយ ។

លោក​អុ​ិ​ន សុខ បាន​បញ្ជាក់​ប្រាប់​ទៀត​ថា គ្រែ​ដែល​គាត់​ដឹក​លក់​រាល់​ថ្ងៃនេះ​ជា​ប្រភេទ​គ្រែ​ប្រអប់​និង​គ្រែ​ធម្មតា ដែល​ធ្វើ​អំពី​ឈើ​កកោះ​និង​ផ្ចឹក ដែល​មាន​តម្លៃ​ចាប់ពី​ជាង​៣០០​ដុល្លារ​ទៅ​ជាង​៥០០​ដុល្លារ ហើយ​គាត់​មិនមែន​ផលិត​ខ្លួនឯង​នោះ​ទេ ។ គាត់​បាន​ទិញ​មក​ពី​គេ​ដែរ ដើមទុន​ក្នុង​ការ​រក​សុ​ី​នេះ​បាន​ខ្ចីប្រាក់​ធនាគារ​ហើយ​បង់ការ​ប្រាក់​រាល់​ខែ ។ ដោយឡែក​ជើង​ចុង​ក្រោយ​បំផុត​នេះ​គាត់​បាន​ចេញ​មក​លក់​រយៈពេល​ជាង​២​ខែ​មក​ហើយ ទើបតែ​លក់ដាច់​អស់​គ្រែ​ចំនួន​៥​ប៉ុណ្ណោះ នៅ​សល់​២​គ្រែ​ទៀត​កំពុង​ដឹក​ដើរ​លក់​បន្ត​ទៀត ហើយ​ពុំ​ដឹង​ថា​ថ្ងៃ​ណា​ទើប​លក់​អស់នោះ​ឡើយ ។

គាត់​គិត​ថា បុណ្យកាន់បិណ្ឌ​បាន​ចូល​មក​ដល់​ហើយ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​បុណ្យ​ភ្ជុំ​ធំ​និង​ចូល​មក​ដល់​ដែរ ដូច្នេះ​នៅ​សល់​គ្រែ​២​ទៀត​នេះ​បើ​ទោះជា​លក់ដាច់​អស់​ឬ​មិន​អស់​ក៏​ដោយ ក៏​គាត់​បង្ខំចិត្ត​ត្រូវ​តែ​ដឹ​ត្រលប់​ទៅ​ផ្ទះ​វិញ​សិន​ដែរ ដើម្បី​ធ្វើបុណ្យ​ទាន​និង​គេ​កុំ​ឲ្យ​ដូនតា​ចាំ​មើលផ្លូវ ។

គាត់​បាន​ប្រាប់​បន្ត​ថា គាត់​ដឹក​ដើរ​លក់​តែ​ម្នាក់ឯង​ប៉ុណ្ណោះ នៅ​តាម​បណ្ដា​ខេត្ត​នានា​ដូច​ជា​ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​ជាដើម ហើយ​យប់​នៅ​ត្រង់​ណា​គឺ​សម្រាក​នៅ​ទីនោះ​តែ​ម្ដង ចំណែក​ប្រពន្ធ​នៅផ្ទះ​ធ្វើ​ទូ​ផ្ដៅ​លក់ និង​កូនប្រុស​ស្រី​២​នាក់​កំពុង​រៀនសូត្រ ។ ចំពោះ​ប្រាក់​កម្រៃ​វិញ​គ្រែ​១​ចំណេញ​បាន​ត្រឹមតែ​៥០​ដុល្លារ​ប៉ុណ្ណោះ តែបើ​ប៉ះ​ចំ​អតិថិជន​ដែល​ពូកែ​តថ្លៃ​ស្វិតស្វាញ​ទៀត​នោះ​ចំណេញ​បាន​តិច​ជាង​នេះ​ទេ ។ ម្យ៉ាងទៀត​ប្រសិនបើ​លក់​ឆាប់​អស់​ទូទាត់​ទៅ​លើ​សុ​ី​ចាយ​ប្រចាំ​ថ្ងៃ​យ៉ាង​ត្បិតត្បៀត​ផង​នោះ​១​ជើង​ៗ​អាច​នៅ​សល់​បាន​ត្រឹមតែ​ជាង​២០០​ដុល្លារ ប៉ុណ្ណោះ​យក​ត្រលប់​ទៅ​ផ្ទះ​វិញ​បង់​ធនាគារ ប៉ុន្តែ​បើ​រយៈពេល​យូរថ្ងៃ​ទើប​លក់​អស់នោះ​អត់​សល់​ទេ និង​ចូល​ដើម​ទៀត​ផង ។

ជា​ចុង​ក្រោយ​លោក​អុ​ិ​ន សុខ ក៏​ដូច​ជា​អ្នកលក់​គ្រែ​ដ៏​ទៃ​ទៀត​ដែរ​បាន​អំពាវនាវ​សុំ​ឲ្យ​មហាជន​ទាំងអស់​ជួយ​ចូលរួម​គាំទ្រ​គ្រែ​របស់​ខ្មែរ​យើង និង​ជួយ​ទិញ​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ផង ហើយ​គាត់​ក៏​មិន​ចង់​ត្អូញត្អែ​អ្វី​ដែរ ប៉ុន្តែ​ពេល​នេះ​ពិតជា​ជួប​ការ​លំបាក​ក្នុង​ការ​លក់ដូរ​មែន មិន​និយាយ​លេង​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ