ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​៖ ឱសថ​ដ៏​ស័ក្តិសិទ្ធិ​បំផុត ​ដើម្បី​លុប​បំបាត់​មនោគមន៍វិជ្ជា​ជ្រុលនិយម គឺ​ការ​ផ្សាយ​ព័ត៌មាន​ពិត​ដល់​ប្រជាពលរដ្ឋ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ លោក ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើក​ឡើង​ថា នយោបាយ​ភូត​កុហក បង្កើត​ព័ត៌មាន​ក្លែងក្លាយ…

រាជធានី​ភ្នំពេញ​ ៖ លោក ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើក​ឡើង​ថា នយោបាយ​ភូត​កុហក បង្កើត​ព័ត៌មាន​ក្លែងក្លាយ និង​និយាយ​មួលបង្កាច់ ញុះញង់ ដែល​សុទ្ធ​សឹង​ជា​សកម្មភាព​ទុច្ចរិត ខុស​ពី​គន្លង​សីលធម៌​សង្គម​ខ្មែរ កំពុង​ធ្វើ​ឱ្យ​ក្រុមប្រឆាំង​ជ្រុលនិយម ​កាន់តែ​ឯកោ​ទៅ​ៗ​ជា​លំដាប់ និង​ឈាន​ទៅ​រក​ទី​បញ្ចប់​ប្រៀប​ដូច​ចង្កៀង​អស់​ប្រេង​។ ដូច្នេះយើង​ទាំងអស់​គ្នា​ត្រូវ​ពួតដៃគ្នា​ផ្តុំ​ពន្លត់​មនោគមន៍វិជ្ជា ​ជ្រុលនិយម​នេះ​ឱ្យ​អស់ពី​សង្គម​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន ​។

បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ឱសថ​ដ៏​ស័ក្តិសិទ្ធិ​បំផុត​ ដើម្បី​លុប​បំបាត់​មនោគមន៍វិជ្ជា​ជ្រុលនិយម​នេះ គឺ​ការ​ផ្តល់​ព័ត៌មាន​ពិត​ដល់​ប្រជាពលរដ្ឋ​។ ដូច្នេះយើង​ទាំងអស់​គ្នា ​ត្រូវ​ដើរតួ​ជា​ភ្នាក់ងារចែកចាយ​ព័ត៌មាន​ពិត​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​។ ព័ត៌មាន​​ពិ​ត​​ទាំងនោះ គឺ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ យុទ្ធសាស្ត្រ​បញ្ច​កោណ និង​កម្មវិធី​គោលនយោបាយ​អាទិភាព​ ៦​ចំណុច ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល នី​រិ​កាល​ទី​៧ ដឹកនាំ​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដើម្បី​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ក៏​ដូច​ជា​សមិទ្ធផល​ទាំងឡាយ​ ដែល​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ អតីត​នាយក​រដ្ឋមន្ត្រី​សម្រេច​បាន ​ដើម្បី​ជាតិ ​និង​ប្រជាពលរដ្ឋ​ ។

ការ​លើក​ឡើង​របស់លោក ប៉ែន បូ​ណា ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល​លោកអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជាមួយលោក សួន សុ​ម៉ា​លី​ន អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្តី​ពី «​ប្រសិទ្ធភាព​ នៃ​ការងារ​ព័ត៌មាន​និង​នាំពាក្យ​» ជូន​ដល់​មន្ត្រី​ព័ត៌មាន ​និង​អ្នកនាំពាក្យ នៃ​រដ្ឋបាល​ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤​។ វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើ​ឡើង​នៅ​សាលាខេត្ត​ព្រៃវែង ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រី​រដ្ឋបាល​ខេត្ត មេបញ្ជាការ​ នៃ​កងកម្លាំងប្រដាប់អាវុធ​ខេត្ត​ទាំង​ ៣​ប្រភេទ លោក លោកស្រី ជា​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន ​និង​អ្នកនាំពាក្យ​ថ្នាក់​ខេត្ត​រហូត​ដល់​ថ្នាក់​ស្រុក​-​ក្រុង និង​ឃុំ​-​សង្កាត់ សរុប​ជាង ៥៣៦​នាក់​ ។

វគ្គ​បណ្តុះបណ្តាល​នេះ​ ធ្វើ​ឡើង​ក្នុង​គោលបំណង​សំខាន់​ៗ​ ចំនួន ៤ រួម​មាន ​៖ ទី​១. ពង្រឹង​ការ​យល់​ដឹង​ពី តួនាទី​និង​ភារកិច្ច​របស់​អ្នកនាំពាក្យ​ប្រកបដោយ​ជំនាញ​និង​វិជ្ជាជីវៈ ទី​២. ចែករំលែក​បទ​ពិសោធ​កិច្ចការ​ព័ត៌មាន​និង​នាំពាក្យ ទី​៣. បង្កើន​នូវ​ជំនាញ​ក្រុម​ព័ត៌មាន​និង​អ្នកនាំពាក្យ​ប្រកបដោយ​វិជ្ជាជីវៈ និង ទី​៤. កសាង​បណ្តាញ​រវាង​អ្នកនាំពាក្យ​និង​ក្រុម​ព័ត៌មាន​។ វគ្គ​បណ្តុះបណ្តាល ស្តី​ពី «​ប្រសិទ្ធភាព​នៃ​ការងារ​ព័ត៌មាន​និង​នាំពាក្យ​» នេះ សហការ​រៀបចំ​ដោយ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្តព្រៃវែង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ