រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបានឱ្យដឹងថា កម្ពុជាគម្រោងធ្វើច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំង មួយចំនួន ទៅជាក្រុមភេរវកម្ម នាពេលខាងមុខនេះ ។
ថ្លែងនាឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងពិចារណាលើបញ្ហានេះយ៉ាងហ្មត់ចត់បំផុតព្រោះថា«អ្នកប៉ុនប៉ងបំផ្លាញសុខសន្ដិភាព នៅតែមាននៅឡើយ» ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «ខ្ញុំគួរតែត្រូវបាននិយាយនៅទីនេះថា ប្រហែលជាកម្ពុជាមានការចាំបាច់រៀបចំនូវច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងខ្លះទៅជាក្រុមភេរវកម្មនៅពេលខាងមុខ ។ យើងកំពុងតែពិចារណាទៅលើបញ្ហានេះព្រោះថា អ្នកប៉ុនប៉ងបំផ្លាញនូវសន្ដិភាពរបស់យើងក៏នៅតែមាននៅឡើយ» ។
នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកបទពិសោធន៍ផងដែរថា «មូលដ្ឋានជ័យជម្នះ៧មករា បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុង ក្នុងរបបប៉ុល ពត ជាពិសេសសិទ្ធិនៃការមានជីវិតរស់នៅកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន ។ ការផ្សះផ្សាបង្រួបបង្រួមជាតិរហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១» ។
ជាមួយគ្នានោះដែរ អតីតប្រមុខដឹកនាំរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ បង្កើតបានសន្តិភាព និងឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨ មកតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ។
សម្តេចតេជោ ហ៊ុន សែន បានលើកដែរថា ការស្តារ និងកសាងសង្គមសេដ្ឋកិច្ច ពីស្ថានភាពត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ឫសគល់ឱ្យរស់ឡើងវិញ និងមានស្ថិរភាពជាជំហានៗរហូតឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រកបដោយចីរភាព និងសមធម៌ធ្វើឱ្យសង្គមជាតិ មានការផ្លាស់ប្តូរមុខមាត់ដែលពុំអាចគិតស្មាន ។
សម្តេចតេជោ ក៏បានគូសបញ្ជាក់បន្ថែមថា «ប្រទេសជាតិមួយត្រូវតែជាម្ចាស់ការលើប្រទេសរបស់ខ្លួនលើជោគវាសនារបស់ខ្លួនឯង សន្តិភាពមិនអាចរក្សាបាននោះទេ» ៕
ចែករំលែកព័តមាននេះ