ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​ល​បិទ​បណ្តាញ​សង្គម X ខណៈ​អ្នក​លួ.ច​ប្រើ VPN នឹង​ត្រូវ​ពិន័យ​​ជិត៩ពាន់​ដុល្លារ​ក្នុង​១​ថ្ងៃ

3 ខែ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ អ៊ិ​ច (X) ដែល​ជា​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​បំផុត​មួយ​របស់​ពិភពលោក ត្រូវ​បាន​បិទ​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល បន្ទាប់​ពី​មាន​ជម្លោះ​ពាក់ព័ន្ធ​នឹង​រឿង​ព័ត៌មាន​មិន​ពិត​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ដែល​ជា​ប្រទេស​មាន​ចំនួន​ប្រជាជន​ប្រើប្រាស់​ឌី​ជី​ថ​ល​ធំ​ទី​៥ នៅ​លើ​ពិភពលោក​។ ការ​បិទ​ដ៏​ភ្ញាក់ផ្អើល​នេះ…

ប្រទេស​ប្រេ​ស៊ី​ល ៖ អ៊ិ​ច (X) ដែល​ជា​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​បំផុត​មួយ​របស់​ពិភពលោក ត្រូវ​បាន​បិទ​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល បន្ទាប់​ពី​មាន​ជម្លោះ​ពាក់ព័ន្ធ​នឹង​រឿង​ព័ត៌មាន​មិន​ពិត​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ដែល​ជា​ប្រទេស​មាន​ចំនួន​ប្រជាជន​ប្រើប្រាស់​ឌី​ជី​ថ​ល​ធំ​ទី​៥ នៅ​លើ​ពិភពលោក​។

ការ​បិទ​ដ៏​ភ្ញាក់ផ្អើល​នេះ កើតឡើង​ក្រោយ​ការ​បដិសេធ​របស់​លោក អេ​ឡុ​ន ម៉ា​សក៍ (Elon Musk) នៅ​ក្នុង​ការ​អនុលោម​តាម​ច្បាប់​កំណត់​ដោយ​ចៅក្រម​តុលាការ​កំពូល​ប្រេ​ស៊ី​ល​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC, AP និង The Guardian ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ សីហា កន្លង​ទៅ​។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម X ដែល​ពី​មុន​ជា​ធ្វី​ត​ទ័​រ (Twitter) រាប់​លាន​នាក់ នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពួក​គេ​មិន​អាច​ចូល​ប្រើ​បណ្តាញ​សង្គម​មួយ​នេះ​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ សីហា កន្លង​ទៅ ខណៈ​អ្នក​ផ្តល់​សេវា​អ៊ីនធឺណិត និង​ក្រុមហ៊ុនទូរស័ព្ទ​ក្នុងស្រុក​បាន​ចាប់ផ្តើម​អនុវត្ត​ការ​ហាមឃាត់​នេះ​។

លោក អា​ឡិច​សាន់​ឌឺ ដឺ ម៉ូ​រ៉ា​ស (Alexandre de Moraes) រដ្ឋមន្ត្រី​តុលា​ការ​សហព័ន្ធ​កំពូល​ប្រេ​ស៊ី​ល​បាន​បញ្ជា​ឱ្យ​បិទ​ជា​បន្ទាន់ និង​ពេញលេញ នៃ​បណ្តាញ​សង្គម X រហូត​ដល់​ក្រុមហ៊ុន​គោរព​តាម​បញ្ជា​របស់​តុលាការ​ទាំងអស់ និង​បង់ការ​ផាកពិន័យ​ដែល​មាន​ស្រាប់​។

បញ្ហា​បាន​ចាប់ផ្តើម​នៅ​ក្នុង​ខែមេសា​កន្លង​ទៅ ដោយ​ចៅក្រម​ប្រេ​ស៊ី​ល​បាន​បញ្ជា​ឱ្យ​បិទ​គណនី​បណ្តាញ​សង្គម X រាប់​សិប​គណនី សម្រាប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។ ប្រតិកម្ម​នឹង​ការ​សម្រេចចិត្ត​នេះ លោក អេ​ឡុ​ន ម៉ា​សក៍ ប្រធាន​ក្រុមហ៊ុន​ខ្នាត​យក្ស​អា​មេ​រិ​កមួយ​នេះ​លើក​ឡើង​ថា ការ​បញ្ចេញមតិ​ដោយ​សេរី គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​ចៅក្រម​ដែល​មិនមែន​ជាប់​ដោយ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល កំពុង​បំផ្លាញ​វា​សម្រាប់​គោលបំណង​នយោបាយ​។ ការ​លើក​ឡើង​នេះ បង្កើត​រឿងរ៉ាវ​កាន់តែ​ធំ​រវាង​មហាសេដ្ឋី​បច្ចេកវិទ្យា​ដ៏​ល្បីឈ្មោះ​រូប​នេះ ជាមួយនឹង​រដ្ឋ​អាជ្ញា​ប្រទេស​ប្រេ​ស៊ី​ល​។

បណ្ដាញ​សង្គម X ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ហោច​ណាស់ មួយ​ភាគ​ដប់ នៃ​ប្រជាជន ២០០ លាន​នាក់​របស់​ប្រទេស​ប្រេ​ស៊ី​ល​។ ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា កន្លង​ទៅ ម្ចាស់​គណនី​ជា​ច្រើន​បាន​រាយការណ៍​ថា ពួក​គេ​មិន​អាច​ចូល​ប្រើ​បណ្តាញ​សង្គម​នេះ​។

បណ្តាញ​សង្គម​នេះ បាន​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល កាលពី​ដើមខែ​នេះ ដោយ​បញ្ជាក់​ថា អ្នកតំណាង​របស់​ខ្លួន​ត្រូវ​បាន​គំរាមកំហែង​ជាមួយ​ការ​ចាប់ខ្លួន ប្រសិនបើ​នាង​មិន​គោរព​តាម​បញ្ជា​តុលា​កំពូល​ប្រេ​ស៊ី​ល​។ បណ្តាញ​សង្គម X ដែល​អ្នក​ប្រើប្រាស់​ជា​ច្រើន គឺជា​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​ស្តាំ​និយម Jair Bolsonaro ត្រូវ​បាន​បិទ​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ខណៈ​ពេល​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​។

លើស​ពី​នេះ​ទៀត លោក អា​ឡិច​សាន់​ឌឺ ដឺ ម៉ូ​រ៉ា​ស បាន​ផ្តល់​ពេល​ឱ្យ​ក្រុមហ៊ុន​ដូច​ជា Apple និង Google រយៈពេល​៥​ថ្ងៃ ដើម្បី​ដក​បណ្តាញ​សង្គម X ចេញពី​ប្រតិបត្តិការ​របស់​ពួក​គេ​និង​រារាំង​ការ​ប្រើប្រាស់​នៅ​លើ​ប្រព័ន្ធ iOS និង Android ។ លោក​បាន​បន្ថែម​ថា បុគ្គល ឬ​អាជីវកម្ម​ណាមួយ ដែល​ប្រើប្រាស់​មធ្យោបាយ​ដូច​ជា បណ្តាញ​ឯកជន​និម្មិត ឬ VPN ដើម្បី​ចូល​ប្រើប្រាស់​បណ្តាញ​សង្គម X អាច​នឹង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ក្នុង​មួយ​ថ្ងៃ​ចំនួន ៨,៩០០​ដុល្លារ​ជា​ប្រចាំ​ថ្ងៃ​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន Twitter ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០០៦ ដោយ​លោក Jack Dorsey, Noah Glass, Biz Stone និង​លោក Evan Williams​។ ប៉ុន្តែ​ទោះ​យ៉ាងណា សេវាកម្ម​ទាំង​អស់នេះ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក X Corp. ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បន្ត​គ្រប់គ្រង​ពី​ម្ចាស់​មុន នៅ​ក្នុង​ខែមីនា ឆ្នាំ ២០២៣ បន្ទាប់​ពី​ការ​ទិញ​យក​ក្រុមហ៊ុន Twitter កាលពី​ខែតុលា ឆ្នាំ ២០២២ ដោយ​លោក អេ​ឡុ​ន ម៉ា​សក៍ ក្នុង​តម្លៃ​៤៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ហើយ​នៅ​ខែកក្កដា ឆ្នាំ ២០២៣ មហាសេដ្ឋី​វ័យ​៥៣​ឆ្នាំ​រូប​នេះ បាន​ប្រកាស​ថា Twitter នឹង​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា X វិញ ហើយ​និមិត្តសញ្ញា​ចាស់​ក៏​ត្រូវ​បាន​ផ្លាស់​ប្តូរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ