ខេត្តបាត់ដំបង៖ រថយន្តដឹកទឹកកកមួយគ្រឿង ពេលកំពុងឈប់លើកទឹកកកដាក់ឲ្យម៉ូយសុខៗ ស្រាប់តែមានអគ្គិភ័យឆេះកាប៊ីនរថយន្តបង្កឲ្យមានការផ្អើលស្លន់ស្លោរ កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី៣០ សីហា នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ដែលគេសង្ស័យបណ្ដាលមកពីការទុស្សេចរន្តអាគុយ ។
អធិការស្រុកថ្មគោល លោក សេង លុច បានឲ្យដឹងថា អគ្គិភ័យនោះឆេះតែកាប៊ីនរថយន្ត តែមិនបង្កគ្រឡថ្នាក់ដល់មនុស្សទេ ។ រថយន្តនេះត្រូវអគ្គិភ័យឆាបឆេះ ពេលកំពុងឈប់ដាក់ទឹកកកឲ្យម៉ូយ ។ រថយន្តដឹកទឹកកកនោះម៉ាក ហាន់ដាយ ពាក់ស្លាកលេខ ប.មានជ័យ 3A-1901 បើកបរដោយឈ្មោះ ម៉េង រស្មី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិ ឃុំកើតហេតុ ។
អ្នកបើកបររថយន្តនេះ ហាក់មិនបានដឹងពីមូលហេតុជាក់លាក់ ដែលនៅសុខៗនាំឲ្យមានអគ្គីភ័យឆេះក្បាលរថយន្តខ្លួនទេ។ ប៉ុន្តែបានដាក់ការសង្ស័យថា អាចបណ្ដាលមកពីការទុស្សេចរន្តអាគុយ
(ក្បាលអាគុយ)។ អ្នកបើកបររូបនេះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ក្បាលអាគុយរលុង ទុស្សេញឹកញាប់ ជាហេតុធ្វើឲ្យឆ្លងរហូតបង្កជាអគ្គិភ័យតែម្ដង។
សមត្ថកិច្ចដែលចុះជួយអន្តរាគមន៏ ក៏បានលើកឡើងដូចការសន្និដ្ឋានរបស់អ្នកបើកបររថយន្តនេះដែរ។ សមត្ថកិច្ចបានបញ្ជាក់ថា បើតាមការពិនិត្យជាក់ស្ដែង ក្បាលអាគុយធូររលុង មានសៀតដែកគោល ដូច្នេះហើ់យទើបទុស្សេឆេះខ្សែភ្លើង និងឆ្លងឆេះទាំងកាប៊ីនរថយន្តតែម្ដង ។
បើតាមពិនិត្យជាក់ស្ដែង កាប៊ីនរថយន្តនេះបានរងការខូចខាតប្រហែល៥០% តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ សូមបញ្ជាក់ថា សម្រាប់ខែសីហានេះ នៅស្រុកថ្មគោល មានអគ្គិភ័យកើតឡើងចំនួន០៣លើកផ្ទូនៗ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ គ្រាន់តែបំផ្លាញទ្រព្យសម្បត្តិ។ ក្នុងនោះមានដូចជា៖ ឆេះតូបលក់ដូរអស់គ្មានសល់ ដែលបង្កឡើងដោយជនមិនស្កាល់មុខ នៅភូមិព្រៃទទឹង ឃុំអូរតាគី ហើយរហូតមកដល់ពេលើនេះសមត្ថកិច្ចរកមិនទាន់ឃើញតម្រុយទេ។
ឆេះបន្ទប់ស្នាក់នៅក្នុងស្ថានីយប្រេងឥន្ធនៈ ដោយសារការទុស្សេចង្ក្រានដាំបាយអគ្គិសនីនៅឃុំតាពូង និង លើកចុងក្រោយនេះ ឆេះកាប៊ីនរថយន្តដឹកទឹកកក ដោយសារការទុស្សេក្បាលអាគុយ ពេលកំពុងដឹកទឹកកកដាក់ឲ្យម៉ូយៗ៕
ចែករំលែកព័តមាននេះ