ខេត្តកំពង់ស្ពឺ ៖ កសិដ្ឋានចិញ្ចឹមមាន់ចំនួនពីរបានត្រូវអគ្គិភ័យលេបត្របាក់អស់គ្មានសល់បណ្ដាលឱ្យមាន់ជាង១ម៉ឺនក្បាលងាប់ក្នុងភ្នក់ភ្លើង និងបង្កឱ្យខាតបង់អស់រាប់ម៉ឺនដុល្លារ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣១ កក្កដា នៅជិតភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ដែលម្ចាស់រោងមាន់ឈ្មោះពៅ ភេទស្រី អាយុ៤៥ឆ្នាំ ។ ប្រភពពីសមត្ថកិច្ចបានស្រង់សម្ដីពីកម្មករដាក់ចំណីមាន់ឱ្យដឹងថា មុនពេលកើតហេតុគឺមានការឆ្លងចរន្តអគ្គិសនីបែកផ្កាភ្លើងបង្កឱ្យឆាបឆេះដំបូលរោងយ៉ាងសន្ធោសន្ធៅ ពេលនោះក្រុមកម្មករបាននាំគ្នាដងទឹកជះពន្លត់ដែរតែមិនអាចឈ្នះអំណាចភ្លើង ។ ពេលឃើញដូច្នេះ ពួកគាត់បានទូរស័ព្ទទៅសមត្ថកិច្ចដើម្បីសុំរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ ។
បន្ទាប់ពីភ្លើងឆេះសន្ធោសន្ធៅនៅរោងទី១ ហើយក៏បានឆ្លងទៅឆេះរោងមាន់មួយទៀត បើទោះជារថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តមួយគ្រឿងបានបាញ់ពន្លត់យ៉ាងណាក៏ដោយភ្លើងក៏នៅតែឆេះដដែល ។ ប្រភពពីម្ចាស់រោងមាន់បានឱ្យដឹងដែរថា មាន់ដែលងាប់ក្នុងភ្លើងឆេះនេះមានប្រមាណជិត២ម៉ឺនក្បាល ហើយចំពោះរោងវិញក្នុងរោងមួយត្រូវចំណាយអស់ជាង១ម៉ឺនដុល្លារ ។ ក្រុមគ្រួសាររបស់គាត់រំពឹងតែលើរោងមាន់នេះប៉ុណ្ណោះ តែពេលនេះត្រូវភ្លើងឆេះអស់គ្មានសល់ឡើយ ។
លោកសេន វណ្ណសក្ដិ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកសំរោងទងបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានថា មានគ្រោះអគ្គិភ័យកើតឡើង កម្លាំងសមត្ថកិច្ចក៏បានចេញជួយអន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តបានបាញ់ទឹកអស់ជាង២០រថយន្ត ទើបភ្លើងរលត់ទាំងស្រុងតែមិនអាចជួយស្ដារការបាត់បង់បានទេ ៕
ចែករំលែកព័តមាននេះ