ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ដោយ​សារ​ទឹក​ជំនន់​ និ​ង​ការ​បាក់​ដី​នៅ​ហ៊ូ​ណាន​កើន​ដល់​៤៨​នាក់

6 ខែ មុន

ទី​ក្រុង​ប៉េកាំង៖ មនុស្ស​យ៉ាង​តិច​៣០​នាក់​បាន​ស្លាប់​​ហើយ ហើយ​៣៥​នាក់​ទៀត​​បាត់​ខ្លួន ​មិន​ដឹង​ថា​ស្លាប់​ ឬ​រស់​នៅ​ឡើយ​ទេ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​​ប្រទេស​ចិន​ភាគ​អាគ្នេយ៍​​ដោយ​សារ​ខ្យល់​ព្យុះ​ត្រូ​ពិច​។ នេះ​បើ​យោង​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​សារព័ត៌​មាន​រដ្ឋ​។ ចំនួន​អ្នក​ស្លាប់​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​ក្រុម​អ្នក​ជួយ​សង្គ្រោះ​អាច​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ជា​បន្ត​បន្ទាប់​។ មុន​ដំបូង ​គេ​ឮ​ថា​ស្លាប់​៤​នាក់​នៅ​ភូមិ​ហ្ស៊ី​ស៊ីង​ (Zixing)…

ទី​ក្រុង​ប៉េកាំង៖ មនុស្ស​យ៉ាង​តិច​៣០​នាក់​បាន​ស្លាប់​​ហើយ ហើយ​៣៥​នាក់​ទៀត​​បាត់​ខ្លួន ​មិន​ដឹង​ថា​ស្លាប់​ ឬ​រស់​នៅ​ឡើយ​ទេ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​​ប្រទេស​ចិន​ភាគ​អាគ្នេយ៍​​ដោយ​សារ​ខ្យល់​ព្យុះ​ត្រូ​ពិច​។ នេះ​បើ​យោង​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​សារព័ត៌​មាន​រដ្ឋ​។ ចំនួន​អ្នក​ស្លាប់​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​ក្រុម​អ្នក​ជួយ​សង្គ្រោះ​អាច​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ជា​បន្ត​បន្ទាប់​។

មុន​ដំបូង ​គេ​ឮ​ថា​ស្លាប់​៤​នាក់​នៅ​ភូមិ​ហ្ស៊ី​ស៊ីង​ (Zixing) ខេត្ត​ហ៊ូណាន​។ ក្រោយ​មក​មាន​ហេតុ​ការណ៍​បាក់​ដី​ស្លាប់​មនុស្ស​១៥​នាក់​ថែម​ទៀត​នៅ​ទី​តាំង​មួយ​ទៀត​នៃ​ខេត្ត​ហ៊ូណាន​ដដែល​ ហើយ​បង្ក​ឡើង​ដោយ​សារ​ការ​ធ្លាក់​ភ្លៀងដដែល​​។​ កាល​ពី​ដើម​សប្ដាហ៍​, ទូរ​ទស្សន៍​ស៊ី​ស៊ី​ធី​វី (CCTV) បង្ហាញ​រូប​ឧទ្ធម្ភាគ​ចក្រ​ជា​ច្រើន​គ្រឿង​ដឹក​ជញ្ជូន​ជំនួយ​ចូល​ទៅ​​ក្នុង​តំបន់​ដែល​រង​គ្រោះ​ខ្លាំង​ដោយ​សារ​​​ជំនន់​ទឹក​ភ្លៀង​​នៅ​ខេត្ត​ហ្ស៊ី​ស៊ីង​។

គិត​ត្រឹម​ពាក់​កណ្ដាល​ថ្ងៃ​ត្រង់​ថ្ងៃ​ព្រហស្បតិ៍ ភ្លើង​អគ្គិសនី និង​បណ្ដាញ​​ទូរ​គមនាគមន៍​អាច​ត​ភ្ជាប់​ឡើង​វិញ​ភាគ​ច្រើន​នៅ​ទី​ក្រុង​ដដែល​នេះ​។ នាយក​រដ្ឋ​មន្ត្រី​ចិន លោក​លី​ឆៀង​ បាន​ចុះ​ពិនិត្យ​មើល​ស្ថាន​ភាព​​ទឹក​ជំនន់​នៅ​ភូមិ​​មួយ​ចំនួន​នៃ​ទី​ក្រុង​ហ្ស៊ី​ស៊ីង​ និង​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​តាម​គ្រប់​មធ្យោ​បាយ​ដើម្បី​ស្វែង​រក​អ្នក​បាត់​ខ្លួន​។ នៅ​ពេល​នេះ​ ក្រុម​ការ​ងារ​កំពុង​តែ​ចុះ​ស្វែង​​រក​យ៉ាង​ប្រញឹក​ដៃ​។​

ភ្លៀង​ធ្លាក់​ខ្លាំង​ទាំង​យប់​ទាំង​ថ្ងៃ​ជាប់​ៗ​គ្នា​​នេះ​កើត​ឡើង​ដោយ​សារ​​ឥទ្ធិពល​ខ្យល់​ព្យុះ​ហ្គេមី​ (Gaemi) ដែល​បោក​បក់​ទៅ​ដល់​តំបន់​មាត់​សមុទ្រ​ប្រទេស​ចិន​ ហើយ​ចាប់​ផ្ដើម​បង្កើន​កម្លាំង​របស់​វា​ក្លាយ​ជា​ខ្យល់​ព្យុះ​ទី​ហ្វុង​កាល​ពី​ចុង​សប្ដាហ៍​មុន​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួរ​។ រហូត​មក​ដល់​ពេល​នេះ គេ​ទទួល​ដំណឹង​ថា​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​៤៨​នាក់​ហើយ​គិត​តែ​នៅ​ក្នុង​ខេត្ត​ហ៊ូណាន​ (Hunan) មួយ​ប៉ុណ្ណោះ​​។

​ដោយ​ឡែក ​សាក​សព​ជន​រង​គ្រោះ​បី​នាក់​ទៀត​មិន​ទាន់​រាប់​បញ្ចូល​ទេ​។ ពួក​គេ​ស្លាប់​ដោយសារ​ការ​បាក់​ដី​ ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ​សាក​សព​នៅ​ទី​ក្រុង​ឈឹន​ចូវ (Chenzhou)។ ខ្យល់​ព្យុះ​ហ្គេមី​ក៏​ពាំ​នាំ​ទៅ​ជា​មួយ​នូវ​ភ្លៀង​យ៉ាង​ខ្លាំង​ក្លា​នៅ​តំបន់​ឦសាន​ប្រទេស​ចិន​ និង​ធ្លាយ​ដល់ទឹក​ដី​កូរ៉េ​ខាង​ជើង​ថែម​ទៀត ​ជា​ហេតុ​ធ្វើ​ឱ្យ​ទឹក​ទន្លេ​យ៉ាលូ (Yalu) ​ឡើង​ប្រៀប​ច្រាំង​។ ទន្លេ​នេះ​ជា​ព្រំ​ដែន​សីមា​ខណ្ឌ​ចែក​ប្រទេស​ចិន​ និង​ប្រទេស​កូរ៉េ​ខាង​ជើង​។ បើ​គេ​ក្រឡេក​ទៅមើល​ព្រំ​ដែន​ចិន និង​កូរ៉េ​ខាង​ជើង​​នៅ​ត្រង់​ម្ដុំ​ទី​ក្រុង​ដាន់​ដុង​ (Dandong) ក៏​មាន​គ្រោះ​ទឹក​ជំនន់​យ៉ាង​ធ្ងន់​ធ្ងរ​ផង​ដែរ​​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អេ​ភី (AP)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ