ខេត្តត្បូងឃ្មុំ ៖ ក្មេងស្រីឈ្មោះស្រ៊ុន លីហ្សា អាយុ១៣ឆ្នាំរៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សាកំពង់ក្របី ត្រូវបានយំទួញសោកបង្ហោះតាមបណ្ដាញសង្គមតិចតុកនិងfacebook ចែកចាយរំលែកព្រោងព្រាត ធ្វើឲ្យអ្នកខ្លះទប់ចិត្តមិនបានបង្ហូរទឹកភ្នែកតាម មូលហេតុដោយសារតែម្ដាយឱ្យឈប់រៀនមិនមានលុយផ្គត់ផ្គង់កូន ព្រោះតែក្រីក្រពេក ។ ហើយមានតែកង់កញ្ចាស់មួយគ្រឿងជិះទៅសាលាស្ទើរតែមិនចង់កើតទៀត។រាល់ថ្ងៃក្មេងស្រីរូបនេះ រស់នៅភូមិទី៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ជាមួយម្ដាយជាស្ត្រីមេម៉ាយ ដែលមានកូនដល់ទៅ៦ នាក់ គ្មានលទ្ធភាពចិញ្ចឹម បានឲ្យកូនទៅគេចំនួនពីរនាក់នៅសល់៤នាក់គឺស្រីបីប្រុសមួយ។
លោកសាញ់ ឡាក់ មេភូមិទី៦ បានប្រាប់ឲ្យដឹងនាល្ងាចថ្ងៃទី២៧កក្កដាឆ្នាំ២០២៤ថា: ស្ត្រីមេម៉ាយឈ្មោះឈឿនអេងជាង អាយុ៣៧ឆ្នាំ ហើយរាល់ថ្ងៃមិនមានផ្ទះនៅ ដោយលើកបានតែសសរឬស្សីគ្មានលុយជួលជាងប្រក់ដំបូលណាមួយជំពាក់បំណុលឯកជនរហូតដល់ជាង២០លានរៀលទៀត។ ហើយគ្រួសារនេះមិនមានប័ណ្ណក្រីក្រដូចគ្រួសារផ្សេងទៀត ដោយសារតែពីមុនគាត់បានទៅរស់នៅតាមប្ដី រាជធានីភ្នំពេញ ជួលតុកតុកគេរត់ដើម្បីដោះស្រាយឆ្នាំងបាយ។
លោកមេភូមិរូបនេះបានរំលឹកថា ស្ត្រីមេម៉ាយរូបនេះបានរៀបការជាមួយនឹងបុរសម្នាក់ឈ្មោះស្រ៊ុន កែវ ដោយមានកូនចំនួន៦នាក់ មានពេលមួយនោះបុរសជាប្ដីបានប្រើអំពើហិង្សាយកទ្រនង់មកវាយលើប្រពន្ធ ត្រូវដៃខាងឆ្វេងបណ្ដាលឲ្យបាក់ដៃ រួចរត់គេចខ្លួនបាត់ពីមូលដ្ឋានរហូតមកដល់សព្វថ្ងៃ ។ ពេលដែលរងគ្រោះស្ត្រីជាប្រពន្ធមានជីវភាពក្រីក្រ ទៅរកគ្រូខ្មែរព្យាបាលតឆ្អឹងដៃបាក់ តែមិនមានកម្លាំងដូចដើមនោះទេ។ ប៉ុន្មានឆ្នាំមុននេះស្ត្រីមេម៉ាយរូបនេះបានខ្ចីលុយធនាគារឯកជនចំនួន៦លានរៀល ដើម្បីយកមក ដោះស្រាយជីវភាពគ្រួសារ។ហើយគាត់ក៏បាននិយាយជាមួយនឹងខាងធនាគារព្រមសងវិញគឺបានទៅខ្ចីលុយពីអ្នកភូមិម្នាក់មកសងធនាគារទាំងអស់។
ពេលដែលត្រូវរបួសបាក់ដៃមិនបានចេញទៅប្រកបរបរស៊ីឈ្នួលគេនៅទីណានោះទេ ដោយបំណុលចេះតែកើនឡើងរហូតដល់ទៅជាង២០លានរៀល តែម្ចាស់លុយចុះមកនៅត្រឹម១០លានរៀល ដោយយល់ព្រមបង់ឱ្យបន្តិចម្ដងៗ ក៏គ្មានលុយឲ្យទៀត។ រាល់ថ្ងៃស្ត្រីក្រីក្ររូបនេះបានតម្លើងសសរផ្ទះធ្វើពីឫស្សី ក្នុងគោលបំណងប្រក់ដំបូលឲ្យបានរស់នៅដូចគេឯង តែម្ចាស់បំណុលមិនឲ្យធ្វើ ។ ណាមួយស្ត្រីនេះក៏គ្មានលុយជួលជាងមកពីណាដើម្បីធ្វើផ្ទះតូចល្មមសម្រាប់នៅដែរ ។ គឺបានជ្រកកោននៅជាមួយនឹងផ្ទះម្ដាយតូចដែលស្ថិតនៅក្បែរនោះ អាយុជាង៧០ឆ្នាំថែមទាំងមានជំងឺប្រចាំកាយទៀតជីវភាពសុទ្ធតែក្រដូចគ្នា។ ចំពោះបុរសជាប្ដីវិញក្រោយពីបង្កហិង្សាលើប្រពន្ធមកដល់ពេលនេះរយៈពេល២ ឆ្នាំហើយមិនដែលបានវិលត្រឡប់មកលេងផ្ទះមើលប្រពន្ធនិងកូនឡើយ។
រាល់ថ្ងៃក្រុមវាស់វែងដីលក្ខណៈជាប្រព័ន្ធកំពុងតែចុះវាស់នៅក្នុងឃុំព្រែកអាជីដើម្បីធ្វើប្លង់កម្មសិទ្ធិជូនពលរដ្ឋ។ ហើយម្ចាស់បំណុលគាត់ជាមនុស្សចិត្តធម៌ដោយទាមទារយកលុយតែថ្លៃដើមដែលខ្ចីចំនួន៦លានរៀល។ធ្វើយ៉ាងណាឲ្យបានមុនពេលគេចុះវាស់វែងដីតែស្ត្រីក្រីក្រនេះ មិនមានលុយឱ្យទៀតហើយកូនស្រីឈ្មោះលីហ្សា ដែលយំបង្ហោះតាមបណ្ដាញសង្គមនោះរាល់ថ្ងៃមានកង់កញ្ចាស់មួយគ្រឿង ជិះទៅរៀនទាំងមិនចង់កើត ពីផ្ទះទៅសាលាមានចម្ងាយប្រមាណពីរគីឡូម៉ែត្រ។ចំណែកសំលៀកបំពាក់មានតែមួយកំផ្លេ ពេលត្រឡប់មកពីរៀនត្រូវបោកគក់ឲ្យទាន់ពេលសម្រាប់ស្លៀកនៅថ្ងៃស្អែក។
នាពេលកន្លងទៅស្ត្រីមេម៉ាយនេះបានទៅក្រុងសួងក្នុងខេត្តត្បូងឃ្មុំដើម្បីសុំគេបម្រើតាមផ្ទះតែគេមិនយកក៏ត្រឡប់មកភូមិកំណើតវិញ។
ស្ត្រីមេម៉ាយក្រីក្រឈ្មោះអេង ជាង បានរៀបរាប់ឲ្យដឹងដែរថា គាត់បានរៀបការតាមប្រពៃណីជាមួយនឹងប្ដីឈ្មោះស្រុន កែវ ក្នុងអំឡុងឆ្នាំ២០០៦ មិនធំដុំនោះទេគ្រាន់តែបង្គ្រប់កិច្ចតាមប្រពៃណីរបស់ខ្មែរយើង។តាមរយៈចំណងអាពាហ៍ពិពាហ៍នេះគឺមានកូនរហូតដល់៦នាក់ក្នុងនោះស្រីប្រាំ ប្រុសមួយ។ មានពេលមួយប្ដីផឹកស្រាស្រវឹងចោទគាត់ថាមានប្រុសផ្សេងបានប្រើអំពើហិង្សាយកព្រនង់មកវាយត្រូវដៃខាងឆ្វេងបាក់ហើយប្ដីបានរត់គេចខ្លួនបាត់ស្រមោលចេញពីផ្ទះ ចំណែកសមត្ថកិច្ចក៏បានស្វះស្វែងតាមរកចាប់ខ្លួនផងដែរ។
ដូច្នេះបន្ទុកគ្រួសារត្រូវគាត់រាប់រងទាំងស្រុង មើលថែរក្សាទាំងប្រដាបត្រដួលព្រោះតែក្រីក្រពេក ។សូមបញ្ជាក់ថាលុយដែលគាត់ខ្ចីពីអ្នកភូមិ យកមកសងធនាគារឯកជនចំនួន៦លានរៀលក្នុងអំឡុងឆ្នាំ២០២២ រាល់ថ្ងៃគាត់មិនមានផ្ទះនៅទេ គឺនៅតែជាមួយនឹងម្ដាយចាស់ជរាទៅហើយ។ ចំពោះដៃដែលបាក់នោះគ្រូខ្មែរមើលជាមិនហ៊ានលើករបស់ធ្ងន់ទេ ហេតុតែលំបាកពេកគ្មានលទ្ធភាពចិញ្ចឹមកូនបានឲ្យកូនចំនួនពីរនាក់ស្រីទាំងពីរគឺបងគេនឹងទី៣ ឱ្យអ្នកនៅភ្នំពេញ។
រាល់ថ្ងៃនៅជាមួយបួននាក់ក្នុងនោះស្រី៣ ប្រុសម្នាក់ ហើយកូនស្រីដែលយំបង្ហោះតាមបណ្ដាញសង្គម tik tok នោះជាកូនទី៤ ព្រោះតែតូចចិត្តនិងគាត់ឲ្យឈប់រៀន ពេលអ្នកស្រុកគេឃើញនិងអ្នកខេត្តផ្សេងទៀតក៏បានដឹងពីរឿងនេះ គាត់សម្រេចចិត្តថានឹងឲ្យកូនស្រីបន្តការសិក្សាទៅមុខទៀត។
ក្នុងរយៈពេល២ខែចុងក្រោយនេះមិនមានការងារធ្វើទេ ព្រោះតាមរោងបុណ្យរោងការមិនមានគេហៅ ពេលចេញទៅក្នុងមួយរោងបានប្រាក់ដោះស្រាយជីវភាពទាំងលំបាក។ ម្យ៉ាងទៀតលុយជំពាក់អ្នកភូមិក៏មិនមានលទ្ធភាពសងមិនដឹងថាត្រូវដោះស្រាយ ។
ដោយវិធីណាមានតែលើកដៃម្រាមដប់សំពះសូមឱ្យបងប្អូនបរិច្ចាគថវិកាម្នាក់បន្តិចបន្តួចដើម្បីបានសងគេនិងធ្វើផ្ទះពីសសរឬស្សីតូចល្មមគ្រាន់នឹងនៅ តាមរយៈការអំពាវនាវរបស់កាសែតកោះសន្តិភាពសង្ឃឹមថាបងប្អូនក្នុងស្រុកនិងក្រៅស្រុកពិតជាបានបរិច្ចាគថវិការ ដើម្បីសង្គ្រោះស្ត្រីមេម៉ាយ ដែលមានជីវភាពយ៉ាប់យ៉ឺនរូបនេះជាក់ជាមិនខាន ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ