(អន្តរជាតិ)៖ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស សាធារណៈជនកំពុងមានការភ្ញាក់ផ្អើលនូវវត្តមានរបស់កូនមហាសេដ្ឋីចូលរួម។ ក្នុងចំណោមអត្តពលិកអាជីពដែលចូលរួមប្រកួតតំណាងជាតិក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ មានមនុស្សជាច្រើនជាសមាជិកនៃគ្រួសារមហាសេដ្ឋី។ សារព័ត៌មាន Business Insider បានរាយការណ៍ថា Emma Navarro, Jessica Pegula និង Nayel Nassar ដែលជាកូនប្រសាររបស់ Bill Gates កំពុងទាក់ទាញចំណាប់អារម្មណ៍មហាជនក៏ដូចជាអ្នកសារព័ត៌មានទូទាំងពិភពលោក។
១. នាង Emma Navarro (អាយុ ២៣ឆ្នាំ)
ជាកូនស្រីរបស់មហាសេដ្ឋីវិនិយោគិន Ben Navarro ដែលមានទ្រព្យសម្បត្តិចំនួន ១.៥ពាន់លានដុល្លារ ។ នាងបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលនាងឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Wimbledon ដោយយកឈ្នះ Coco Gauff ដែលជាកីឡាករលេខ២ពិភពលោក ។ ឪពុករបស់ Emma បានចំណាយប្រាក់ជាង ៣៥០លានដុល្លារ ក្នុងការវិនិយោគលើអចលនទ្រព្យនៅទីក្រុង Charleston រដ្ឋ South Carolina (សហរដ្ឋអាមេរិក) ក៏ដូចជាគាំទ្រដល់ចំណង់ចំណូលចិត្តរបស់កូនស្រីគាត់សម្រាប់កីឡាវាយកូនបាល់ផងដែរ។ នៅឆ្នាំ២០២២ ក្រុមហ៊ុន Beemok Capital ដែលជាក្រុមហ៊ុនរបស់គាត់បានទិញយកកម្មវិធី Western និង Southern Open ដែលជាការប្រកួតដ៏ធំបំផុតទីបីនៅសហរដ្ឋអាមេរិក។
២. Jessica Pegula (អាយុ ៣០ឆ្នាំ) ក៏ជាឈ្មោះដ៏លេចធ្លោនៅក្នុងឧស្សាហកម្មកីឡាវាយកូនបាល់នារីផងដែរ។ នាងធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៣ នៅលើពិភពលោក និងបានចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ មុនពេលកីឡាអូឡាំពិកទីក្រុងប៉ារីស។ Pegula ទើបតែបានឈ្នះពានរង្វាន់ Berlin Ladies Open។ ឪពុករបស់នាងគឺលោក Terrence Pegula ជាមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិរហូតដល់ ៦.៨ ពាន់លានដុល្លារ ។ បន្ទាប់ពីជោគជ័យក្នុងឧស្សាហកម្មប្រេង និងឧស្ម័ន គាត់បានទិញក្រុមវាយកូនគោល Buffalo Sabers និងក្រុមបាល់ទាត់ Buffalo Bills ក្នុងតម្លៃ ១.៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៤។
៣. លោក Nayel Nassar កូនប្រសារបស់មហាសេដ្ឋី Bill Gates នឹងតំណាងឲ្យប្រទេសអេហ្ស៊ីបក្នុងការប្រកួតកីឡាជិះសេះ។ កូនប្រសាររបស់មហាសេដ្ឋី និងភរិយា Jennifer Gates បើកក្រុមហ៊ុន Evergate Stables ដែលជាខ្សែសង្វាក់ដ៏ល្បីនៃមជ្ឈមណ្ឌលហ្វឹកហាត់សេះនៅរដ្ឋផ្លរីដា (សហរដ្ឋអាមេរិក)។
ការជិះសេះជាកីឡាសម្រាប់អ្នកមានជាយូរមកហើយ។ សេះកំពូលមានតម្លៃរាប់លានដុល្លារ ហើយតម្លៃថែទាំប្រចាំឆ្នាំឈានដល់រាប់លានដុល្លារ។
លើសពីនេះ ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំនេះ ក៏មានវត្តមានរបស់មហាសេដ្ឋីម្នាក់ទៀត គឺលោក LeBron James ដែលជាអ្នកលេងបាល់បោះដែលមានជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិចំនួន ១.២ ពាន់លានដុល្លារអាមេរិក យោងតាម ទស្សនាវដ្តី Forbes ។
ចែករំលែកព័តមាននេះ