ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋចំនួន១៧នាក់ ត្រូវបានដឹកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ស្រុកបរកែវបន្ទាប់ពីដកផ្សិតម្យ៉ាងយកមកធ្វើម្ហូបក៏បានពុល ។ ប្រជាពលរដ្ឋទាំង១៧នាក់ដែលពុលផ្សិតនោះ រស់នៅភូមិប៉ក់ប៉ូ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
បើតាមប្រភពពីប្រជាពលរដ្ឋខ្លះថា ជាផ្សិតកញ្ចូរខ្មោចតែងមានតាមព្រៃជាហ្វូង និងមានសណ្ឋានរាងតូចៗគឺពុលខ្លាំងណាស់ ។ លោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យជំងឺឆ្លង និងចាក់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តរតនគិរីបានឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ថា ប្រជាពលរដ្ឋចំនួន១៧នាក់ ត្រូវបានដឹកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ បន្ទាប់ពីពួកគាត់ដកផ្សិតម្យ៉ាងយកមកធ្វើម្ហូបទទួលទានហើយក៏ពុល។
លោកបន្តថា ក្នុងចំណោមអ្នកជំងឺសរុប១៧នាក់(មានស្រី៤នាក់ ក្មេង១នាក់) បានចូលមកមន្ទីរពេទ្យ ជាបន្តបន្ទាប់ ចាប់ពីម៉ោង១ឆ្លងចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដោយអាការរាក ក្អួត ចុកពោះខ្លាំង ។ ក្នុងចំណោមអ្នកទាំង១៧នាក់នេះ មានក្មេងម្នាក់បានរាកក្អួតខ្លាំង ខាងមន្ទីរពេទ្យបង្អែកស្រុកបរកែវ បានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ចំណែកអ្នកទាំង១៦នាក់ ដែលនៅសល់ក្រោយបានទទួលការព្យាបាល ពួកគាត់មានអាការៈធូរស្រាលហើយ កំពុងពិនិត្យព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែក ស្រុកបរកែវ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ