ខេត្តបាត់ដំបង ៖ ហាងលក់កាហ្វេគុយទាវ និងផ្ទះបាយរបស់អ្នកភូមិចំនួន០៣ខ្នង ដែលសាងសង់ជាប់មាត់ស្ទឹងសង្កែបានបាក់ស្រុតរអិលធ្លាក់ចូលក្នុងស្ទឹង ក្រោយភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យច្រោះដីកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ កក្កដា ស្ថិតនៅចំណុចភូមិស្នាពីមុខ ឃុំព្រែកខ្ទប ស្រុកឯកភ្នំ តែពុំមានគ្រោះថ្នាក់មនុស្សទេ ។
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ម្ចាស់ហាងគុយទាវ និងម្ចាស់ផ្ទះទាំង០៣គ្រួសារនោះរួមមាន៖ ១-ឈ្មោះ សំ ឃឿត ខូចខាតផ្ទះបាយទាំងស្រុង ២-ឈ្មោះ នូ សាវិន ខូចខាតផ្ទះបាយ បង្គន់អនាម័យ និងបន្ទប់ក្រោមផ្ទះ និង៣-ឈ្មោះ ឡា ណែត ខូចខាតហាងលក់គុយទាវ ។
មន្ត្រីមូលដ្ឋានបាននិយាយថា ហាងលក់គុយទាវ និងលំនៅឋានប្រជាពលរដ្ឋដែលរងការខូចខាតខាងលើនេះ បានសាងសង់ជាប់មាត់ស្ទឹងសង្កែនៅប៉ែកខាងក្រោមនៃទំនប់សាលាតាអន ក្នុងស្រុកឯកភ្នំ ហើយបានបាត់ស្រុកចូលក្នុងស្ទឹងតែម្ដង នៅពេលមានភ្លៀងធ្លាក់ខ្លាំង តែសំណាងល្អ ពុំបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។
អភិបាលស្រុកឯកភ្នំ លោកម៉ិល សុផល បានប្រាប់ថា ភ្លៀងបានធ្លាក់ខ្លាំងជាប់ៗគ្នាមិនដាច់នៅប៉ុន្មានថ្ងៃនេះ ធ្វើឲ្យចំណុចខ្លះ នៃមាត់ស្ទឹងត្រូវទឹកភ្លៀងហូរច្រោះដាច់ និងបាត់ស្រុតតែម្ដង ។ លោកថា លំនៅឋានប្រជាពលរដ្ឋ និងហាងលក់គុយទាវខាងលើនេះ មួយផ្នែកបានបាត់ស្រុកធ្លាក់ចូលស្ទឹង ដោយសារតែទឹកភ្លៀងហូរច្រោះ ព្រោះផ្ទះ និងហាងគុយទាវ ពួកគាត់សាងសង់ជាប់មាត់ស្ទឹងពេក ។
លោក ម៉ិល សុផល បានបញ្ជាក់ថា កាលពីរសៀលថ្ងៃនេះ (១៨ ០៧ ២៤) លោកនឹងចុះទៅពិនិត្យចំណុចកើតហេតុនោះ ដើម្បីដោះស្រាយជាបណ្ដោះអាសន្ន ចំពោះទីតាំងដែលរងការខូចខាត៕
ចែករំលែកព័តមាននេះ